ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងហោះពីប្រទេសចិន ឆ្ពោះទៅវៀតណាម ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងហោះពីប្រទេសចិន ឆ្ពោះទៅវៀតណាម ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

12/09/2018
(ភ្នំពេញ)៖ បន្ទាប់ពីបិទបញ្ចប់ការបើកពិព័រណ៍អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាហោះឆ្ពោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧។

វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន នឹងធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤» ពីថ្ងៃទី១២ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០១៨។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិករាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
បើតាមក្រសួងការបរទេសវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ នឹងជាឱកាសដ៏ល្អមួយទៀត សម្រាប់មេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងការសហការរវាងរដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។

ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមដោយសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕