ប្រទេសចិន៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យសហគមន៍អន្តរជាតិមានចំណាត់ការចំពោះចិន ក្នុងសំណុំរឿងចាប់ឃុំខ្លួនជនជាតិអ៊ុយហ្គួរ ក្នុងជំរំលត់ដំ។ ជនជាតិអ៊ុយហ្គួរ មានច្រើនជាង១០លាននាក់ ដែលកំពុងរស់នៅតំបន់ស៊ីនជាំង ហើយក្នុងចំណោមនោះ គឺមានសេចក្តីរាយការណ៍ថ្មីៗ បញ្ជាក់ថា អាជ្ញាធរចិន បានចាប់ឃុំពួកអ៊ុយហ្គួរជាង១លាននាក់ ក្នុងជំរំសម្ងាត់ ដើម្បីអប់រំលត់ដំ ព្រមទាំងបង្រៀនមនោគមវិជ្ជានយោបាយនិងភាសាចិន។
តើអង្គការមិនមែនរដ្ឋាភិបាល សំអាងលើភស្តុតាងអ្វីខ្លះ ដែលហ៊ានចោទអាជ្ញាធរចិនយ៉ាងដូច្នេះ ?
អង្គការដែលចេញមុខអំពាវវនាវឲ្យ សហគមន៍អន្តរជាតិ មានចំណាត់ការចំពោះប្រទេសចិននេះ គឺនាំអាទិ៍គេដោយ អង្គការការពារសិទ្ធិមនុស្ស Human Right Watch ។ ក៏ប៉ុន្តែ មិនមែនមាន័យថា មានតែអង្គការមួយនេះទេ ដែលចង្អុរមុខរដ្ឋអំណាចចិន ថាបានចាប់ឃុំជនជាតិអ៊ុយហ្គ័រនោះ។ មានអង្គការក្រៅរដ្ឋាភិបាល ជាច្រើន ដែលកំពុងធ្វើការផ្នែកសិទ្ធិមនុស្សនៅស្រុកចិន ព្រមទាំងភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង សុទ្ធតែមានរបាយការណ៍ដែលអាចជឿទុកចិត្តបាន និងដែលបញ្ជាក់ថា អាជ្ញាធរចិន ពិតជាបាន ចាប់ពួកអ៊ុយហ្គ័រ មិនតិចជាង១លាននាក់ទេ ដាក់ក្នុងជំរំលត់ដំ និងបង្ខំឲ្យរៀនសូត្រឡើងវិញ។
នៅថ្ងៃនេះ អង្គការការពារសិទ្ធិមនុស្ស Human Right Watch បានចេញរបាយការណ៍ដោយបង្ហាញពីសក្ខីកម្មរបស់ជនជាតិអ៊ុយហ្គួរមួយចំនួន។ បុរសម្នាក់ដែលសុំចេញឈ្មោះត្រឹមតែ Ehmet បានផ្តល់សក្ខីកម្មថា កងកម្លាំងអាជ្ញាធរចិន បានចាប់ជម្រិតសួរចម្លើយរូបគេ បួនថ្ងៃបួនយប់ គ្មានអនុញ្ញាតឲ្យសម្រាកដេកពួនស្អីទេ។ បុរសរូបនេះ បានត្រូវគេចងជាប់នៅកៅអីដេក។
ចំណែកបុរសម្នាក់ទៀត ឈ្មោះ Erkin បាននិយាយថា រូបគេត្រូវអាជ្ញាធរចិន យកទៅដាក់ឃុំឃាំងនៅដាច់ដោយឡែក ក្នុងបន្ទប់តូចមួយ មានកម្ពស់ត្រឹម១ម៉ែត្រ៨០ ហើយទទឹង ត្រឹម៨សង់ទីម៉ែត្រតែប៉ុណ្ណោះ ស្ទើរតែរើខ្លួន ក៏ពុំបានផង។ ហើយទីនោះ នៅពេលខែរដូវត្រជាក់ គឺរងាយកតែមែនទែន។ ក៏ប៉ុន្តែ ពួកឆ្មាំគុក ថែមទាំងជះទឹកទៅលើរូបគេថែមទៀតផង។
ដោយយោងតាមសក្តីកម្មទាំងនេះ និងការស៊ើបអង្កេតផ្សេងៗទៀត នាយិកាអង្គការការពារសិទ្ធិមនុស្ស Human Right Watch ប្រចាំប្រទេសចិន លោកស្រី Sophie Richarsdson បានអះអាងថា ចិនបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មានទេ នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ហេតុដូច្នេះហើយ ទើបលោកស្រីសុំអំពាវវនាវឲ្យសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលបរទេសទាំងឡាយ ត្រូវមានចំណាត់ការចំពោះករណីប្រទេសចិននេះ។
អាជ្ញាធរចិន គឺកន្លងមកតែងតែច្រាលចោលរាល់ការចោទប្រកាន់ទាំងឡាយ។ ក៏ប៉ុន្តែ នៅលើកនេះ រដ្ឋអំណាចចិន មានមូលដ្ឋានអ្វីសម្រាប់ពន្យល់សហគមន៍អន្តរជាតិ?
ជាប្រតិកម្មភ្លាមៗ ពីរដ្ឋអំណាចចិន គឺគេនៅមិនទាន់មានទទួលការបកស្រាយពន្យល់អ្វីថ្មីទេ។ ក៏ប៉ុន្តែ កាលពីពាក់កណ្តាលខែតុលាកន្លងទៅនេះ កាសែតរដ្ឋចិន បានសរសេរសេចក្តីពន្យល់យ៉ាងក្បោះក្បាយ ចំពោះករណីរឿងជនជាតិអ៊ុយហ្គួរ។ ការពន្យល់របស់កាសែតរដ្ឋចិន ពេលនោះ គឺឆ្លើយតបទៅសមាជិករបស់គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងថា «ក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមសាសនាជ្រុលនិយម និងយុទ្ធនាការរក្សាសណ្តាប់សង្គម អាជ្ញាធរចិនបានចាប់ឃុំខ្លួនក្រុមជនជាតិអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាមជាច្រើននាក់ ហើយចិនទំនងបានធ្វើឲ្យមានការផ្លាស់ប្តូរតំបន់ស្វ័យតស៊ីនជាំង ដែលពួកអ៊ុយហ្គួររស់នៅ ឲ្យទៅជាទីតំបន់មួយ គ្មានសិទ្ធិសេរីភាពទាល់តែសោះ។
តាមការស៊ើបអង្កេតបន្ថែមរបស់អង្គការសិទ្ធិមនុស្ស ដែលកំពុងធ្វើការងារនៅស្រុកចិន គឺគ្រាន់តែ១២ខែចុងក្រោយនេះ គឺ ជនជាតិអ៊ុយហ្គួរ ប្រមាណ២០ភាគរយ ប្រមាណជាង២លាននាក់ រួមទាំងអ្នកកាន់សាសនាអ៊ីស្លាម ដែលជាជនភាគតិច និងដែលរស់នៅតំបន់ស៊ីនចាំង គឺបានត្រូវអាជ្ញាធរចិន ចាប់ខ្លួនឬបង្ខំឲ្យចូលក្នុង”ជំរំអប់រំនយោបាយ”។ ហើយបើតាមការសាកសួររបស់អ្នកកាសែតAFP នៅក្នុងភូមិមួយនៃតំបន់ស៊ីនជាំងនេះគឺមានយុវជនអ៊ុយហ្គ័រ ជាង២០ភាគ ត្រូវចាប់ខ្លួន។ ចំណែកបញ្ញវន្តជនជាតិអ៊ុយហ្គួរ ដែលទើបតែត្រឡប់មកពីរៀននៅប្រទេសតួកទីនិងអេហ្ស៊ីប ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមវិញ គឺក៏ត្រូវរដ្ឋអំណាចចិនចាប់ខ្លួនដែរ។ ពោលគឺយ៉ាងហោច មាននិស្សិតអ៊ុយហ្គួរជាង១០០នាក់ ត្រូវឃុំខ្លួន ហើយក្នុងចំណោមពួកគេ អ្នកខ្លះ ក៏ត្រូវបាត់បង់ជីវិតក្នុងមន្ទីរឃុំឃាំងផង។
ចំពោះចំណុចទាំងនេះ រដ្ឋអំណាចចិន ធ្លាប់បានពន្យល់ថា គោលនយោបាយរបស់របបក្រុងប៉េកាំង សម្រាប់ការគ្រប់គ្រងតំបន់ស៊ីនជាំង គឺធ្វើយ៉ាងណា បញ្ជៀសតំបន់នេះ កុំឲ្យក្លាយជា ស៊ីរីថ្មី ឬលីប៊ីថ្មី។ ប្រទេសស៊ីរី ឬលីប៊ី គឺកំពុងតែរងការញាំញីដោយភ្នក់ភ្លើងសង្គ្រាម និងអំពើភេរវកម្មសម្លាប់មនុស្ស។ រដ្ឋអំណាចចិន គឺមិនចង់ឃើញតំបន់ស៊ីនជាំងរបស់ខ្លួន ក្លាយទៅជាទីលានកាប់សម្លាប់មនុស្សដូច្នេះទេ។ ថែមពីនេះ កាសែតរដ្ឋចិន បានវាយបកថា អ្នកនយោបាយបច្ចិមលោក កាសែតបរទេស និងអាមេរិក គឺតែងចោទចិនថា រំលោភសិទ្ធិមនុស្សនៅស៊ីនជាំង ក៏ប៉ុន្តែ បំណងអាក្រក់របស់ពួកគេ គឺចង់ទុកឲ្យតំបន់នេះ ដុះពន្លករីកលូតលាស់កាន់តែធំ នូវក្រុមភេរវជន ដែលអាចនឹងគំរាមកំហែងទៅដល់សន្តិសុខសុវត្ថិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។
ដើម្បីបញ្ជៀសការគំរាមកំហែង រដ្ឋអំណាចចិន ត្រូវធ្វើសកម្មភាព ពេលខ្លះ ជាធម៌ក្តៅផង។ ឬគេអាចនិយាថាចង់អូសទាញផង ឬលត់ដំផង ក្រុមជាតិពន្ធុអ៊ុយហ្គ័រ ដែលនិយាយប្រើប្រាស់ភាសាអ៊ីស្លាម ឲ្យមករៀនភាសាចិន និងរៀនឈ្វេងយល់ពីមនោវិជ្ជានយោបាយចិន។
ការអនុវត្តគោនយោបាយរបស់រដ្ឋអំណាចចិន ដែលពេលខ្លះ បានធ្វើប៉ះពាល់ដល់សិទ្ធិនិងអាយុជីវិតមនុស្សហើយដូច្នេះ ទើបបានជាមានការមិនយល់ស្របគ្នា និងបង្កជាបញ្ហាចោទគ្នាទៅវិញទៅមក រវាងអង្គការការពារសិទ្ធិមនុស្សនិងអាជ្ញាធរចិន។
ចិនខ្លាចក្រែងក្រុមជនជាតិអ៊ុយហ្គួរ វិវត្តខ្លួនទៅជាក្រុមភេរវជន ឬជាក្រុមឧទ្ទាម។ តើមែនទេ?
រដ្ឋអំណាចចិន ព្រួយបែបនេះ ដ្បិតថា ក្រុមជនជាតិអ៊ុយហ្គួរ ភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម ហើយតំបន់ស៊ីនជាំង ដែលពួកគេរស់នៅនោះ គឺជាប់ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលសុទ្ធតែជង្រុកនៃបណ្តាញភេរនិយម។ នាពេលកន្លងមក ជនជាតិអ៊ុយហ្គួរ ក៏បានរត់ចេញពីតំបន់ និងបានចូលដៃជាមួយភេរវជនខ្លះដែរមកហើយ។
កាលពីខែឧសភាឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំប្រទេសចិន ទើបបានអះអាងថា ជនជាតិភាគតិចអ៊ុយហ្គួរ ចំនួនពី ៤ ០០០ ទៅ ៥ ០០០នាក់ មកពីតំបន់ Xingjiang ភាគខាងលិចនៃប្រទេសចិន គឺកំពុងចូលដៃក្នុងក្រុមពួកឧទ្ទាមផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនៅក្នុងប្រទេសស៊ីរី។ ករណីជាក់ស្តែងមួយទៀត ដូចយើងធ្លាប់បានដឹងរួចមកហើយ កាលពីអំពើភេរវកម្ម នៅក្រុងអ៊ីស្តង់ប៊ូល សម្លាប់មនុស្សជិត៤០ កាលពីឆ្នាំ២០១៧ គេចាប់បានជនដៃដល់ ដែលពីរនាក់ គឺជាជនជាតិភាគតិចអ៊ុយហ្គួរ ដែលរត់ចេញពីតំបន់ស៊ីនជាំងនេះឯង។
តែយ៉ាងណាក៏ដោយសោភណ! គេមិនអាចចោទជាទូទៅថា ជនជាតិភាគតិចអ៊ុយហ្គួរទាំងអស់ ដែលកាន់សាសនាអ៊ីស្លាម គឺសុទ្ធសឹងតែជាជនបង្កគ្រោះថ្នាក់ ឬក៏ជាភេរវជន នោះទេ។ ការគិតដូច្នេះ គឺខុសធ្ងន់ណាស់ និងជាការរើសអើងប្រកាន់ពូជសាសន៍ខ្លាំងណាស់។
ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត គេក៏ត្រូវគិតដែរថា ការចាប់ឃុំខ្លួន រឹតបណ្តឹងតឹងតែងពេក ពីសំណាក់អាជ្ញាធរចិន គឺវាអាចបណ្តាលឲ្យមានផ្ទុះការតវ៉ា ឬការរើបម្រាស់។ ហើយដោយសារតែខ្លាចការបះបោរជាយថាហេតុណាមួយ, រដ្ឋអំណាចចិន គឺពឺតតែពីសង្កត់កពួកក្រុមជនជាតិជនជាតិអ៊ុយហ្គួរនេះ ខ្លាំងសម្បើមឡើងថែមទៀត។ មើលទៅ រឿងនេះ គឺមិនងាយនឹងបានធូរស្រាលឡើយ៕
