ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី

11/09/2018
(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅតែបន្តជម្រុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ ដែលបានព្រមព្រៀងគ្នានៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ។ នេះបើតាម លោក Li Zhanshu ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Li Zhanshu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង នាឱកាសចូលរួមក្នុងពិធីរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង​កាលពីថ្ងៃអាទិត្យ។ បន្ថែមពីលើនេះ លោក Li ក៏បាន បញ្ជាក់ផងដែរថាទីក្រុងប៉េកាំង ប្ដេជ្ញាចិត្តគាំទ្រយ៉ាងមុតមាំដល់កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
លោក Li ដែលជាសមាជិកជាន់ខ្ពស់នៃសភាប្រជាជនចិន បានលើកឡើងដូច្នេះថា៖ «យើងបានកត់សម្គាល់ឃើញថាកូរ៉េខាងជើង ពិត ជាបានប្រឹងប្រែងចូលរួមចំណែករក្សាស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់...ប៉ុន្តែយើងក៏សង្ឃឹមដែរថាសហរដ្ឋអាមេរិក និងកូរ៉េខាង
ជើងអាចនឹងបន្តអនុវត្តតាមអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងលោក​ ត្រាំ និងលោក គីម ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា កន្លងទៅ»។
គួររំលឹកថា នៅក្នុងកិច្ចប្រជុំកាលពីខែមិថុនា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ ដោយទីក្រុងព្យុងយ៉ាងបានបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប។ ប៉ុន្តែ ក្រុមអ្នកជំនាញ ជាច្រើនអះអាងថាការរំសាយអាវុធនុយក្លេអ៊ែរ គ្មានការរីកចំរើនគួរឱ្យកត់សម្គាល់នោះទេ ពោលគឺសូម្បីតែលោកត្រាំ ក៏ធ្លាប់ចោទ ចិនថាជាអ្នកបង្កភាពស្មុគស្មាញដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ដោយសារជម្លោះពាណិជ្ជកម្មផងដែរ៕