រដ្ឋមន្រ្តីការពារជាតិ៖ ការតែងតាំង ហ៊ុន ម៉ាណែត ជាមេទ័ពជើងគោក ជារឿងស័ក្តិសមបំផុត, ព្រោះមានសមត្ថភាព មិនមែនដោយសារឥទ្ទិពលឪពុ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្រ្តីការពារជាតិ៖ ការតែងតាំង ហ៊ុន ម៉ាណែត ជាមេទ័ពជើងគោក ជារឿងស័ក្តិសមបំផុត, ព្រោះមានសមត្ថភាព មិនមែនដោយសារឥទ្ទិពលឪពុ

07/09/2018
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ការតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក គឺជារឿងដ៏ស័ក្តិសមបំផុត ហើយការតែងតាំងនេះទៀតសោតមិនដោយសារតែឥទ្ធិពលឪពុកជានាយករដ្ឋមន្ត្រីនោះទេ តែដោយសារតែលោក ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់លើការងារក្នុងជួរកងទ័ព។

ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីប្រការដំឡើងឋានន្តរស័ក្តិ និងផ្លាស់ប្តូរតួនាទីមេទ័ពកំពូលចំនួន៣រូបរបស់កម្ពុជានៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។ ប្រមុខការពារជាតិរូបនេះ បានអះអាងថា កងទ័ពនៃកងយោធពលខេមរភូមិន្ទទាំងអស់សុទ្ធតែពេញចិត្ត និងគាំទ្រចំពោះការតែងតាំងលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដូច្នេះ «ចំពោះកងយោធពលខេមរភូមិន្ទយើងខ្ញុំទាំងអស់ សុទ្ធតែទទួលស្គាល់អំពីសមត្ថភាព និងកិច្ចការទាំងឡាយរបស់គេ (លោក ហ៊ុន ម៉ាណែត) ដែលបានធ្វើក្នុងរយៈពេលកន្លងមកហ្នឹង គឺល្អប្រសើរគ្រប់កិច្ចការងារទាំងអស់ ដែលគេបានសាកល្បងដឹកនាំការងារហ្នឹង គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ ជាទីសមរម្យណាស់ សមរម្យជាទីបំផុត ដែលទៅកាន់ជាមេបញ្ជាការកងទ័ពជើងគោកនេះ គឺចាត់ទុកថា ជាកម្លាំងមានសមត្ថភាព។ ចង់នរណាថាអីក៏ដោយ ប៉ុន្តែទូទាំងកងយោធពលខេមរភូមិន្ទមានការឯកភាពខ្ពស់ ហើយទទួលស្គាល់តួនាទីនេះសមស្របជាទីបំផុត»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរមេទ័ពកំពូលចំនួន៣រូប រួមមាន៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានប្តូរពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជំនួសដោយនាយឧត្តមសេនីយ៍ វង់ ពិសេន, នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទប្តូរពីនាយឧត្តមសេនីយ៍ គន់ គីម ជំនួសដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្តូរពីនាយឧត្តមសេនីយ៍ មាស សុភា ជំនួសដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត គឺជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងបានចូលរួមការងារជាកងទ័ពនៅឆ្នាំ១៩៩៥។ លោក ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរដំបូងគេ ដែលទទួលបានអាហារូបករណ៍សិក្សានៅសាលាយោធា West Point របស់សហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សានៅឆ្នាំ១៩៩៩។ ក្រៅពីបញ្ចប់ការសិក្សានៅសាលាយោធាហើយនោះ លោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យនៅចក្រភពអង់គ្លេសផងដែរ។

លោក ហ៊ុន ម៉ាណែត មានបទពិសោធន៍ការងារច្រើននៅកងយោធពលខេមរភូមិន្ទ។ លោកត្រូវបានតែងតាំងជាមេបញ្ជាការកងកម្លាំងប្រយុទ្ធប្រឆាំងភរវកម្មនៅឆ្នាំ២០០៨ ដោយត្រូវទទួលខុសត្រូវខ្ពស់ក្នុងការកសាងសមត្ថភាពកងទ័ពប្រយុទ្ធប្រឆាំងអំពើភេរវកម្មផងដែរ។

លោក ហ៊ុន ម៉ាណែត គឺជាមន្ត្រីយោធាមួយរូប ត្រូវបានចូលប្រឡូកយ៉ាងច្រើនក្នុងការងារយោធាទាំងការកសាងសមត្ថភាពរបស់យោធា ក៏ដូចជាការងារពាក់ព័ន្ធការពង្រឹងស្ថាប័ន កងយោធពលខេមរភូមិន្ទដែលជាស្ថាប័នដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី ឯករាជ្យភាព និងអធិបតេយ្យជាតិ៕