សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរក្សារដ្ឋមន្ត្រីចាស់ ហើយដាក់ក្មេងចូលធ្វើការជាមួយ គឺជារឿងចាំបាច់បំផុត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការរក្សារដ្ឋមន្ត្រីចាស់ ហើយដាក់ក្មេងចូលធ្វើការជាមួយ គឺជារឿងចាំបាច់បំផុត

07/09/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសរក្សាមន្រ្តីចាស់ៗរបស់សម្តេចនៅក្នុងជួររាជរដ្ឋាភិបាលដដែល បន្ទាប់ពីទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងទៅ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាល បានព្រមានថា ការដាក់មន្រ្តីក្មេងៗចូលធ្វើការជាមួយនៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ជារឿងចាំបាច់ផងដែរ​ដើម្បីធានាដល់ភាពខ្លាំងក្លារបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកដំបូងបង្អស់របស់ គណៈរដ្ឋមន្រ្តីថ្មី ក្នុងអាណត្តិទី០៦ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ គណៈរដ្ឋមន្រ្តីថ្មីនេះ ត្រូវបានបោះឆ្នោតគាំទ្រដោយរដ្ឋសភា និងបានស្បថចូលកាន់តំណែង នៅព្រះបរមរាជវាំងកាលពីម្សិលមិញ ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៧រូប និងរដ្ឋមន្រ្តីចំនួន២៩រូប។ រដ្ឋមន្រ្តីអាណត្តិទី០៦ទាំងអស់ គឺសុទ្ធសឹងតែជារដ្ឋមន្រ្តីនៅក្នុងអាណត្តិទី០៥ ដោយមិនមានការផ្លាស់ប្តូរ ឬដកតំណែងឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលាតត្រដាងអំពីមូលហេតុដែលនាំឱ្យសម្តេចរៀបចំរដ្ឋមន្រ្តីទាំងអស់ ឱ្យកាន់តំណែងចាស់របស់ខ្លួនបន្តទៀត ដោយមិនមានការផ្លាស់ប្តូរ។ សម្តេចចាត់ទុកថា នេះគឺជាគុណធម៌របស់មេដឹកនាំ ដែលត្រូវផ្តល់ជូនដល់មន្រ្តីរបស់សម្តេចដែលបានខិតខំរហូតទទួលបានជ័យជំនះយ៉ាងច្រើនលើសលប់ មិនធ្លាប់មាន ក្នុងការបើឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តកន្លងទៅនេះ ហើយសម្តេចជឿថា មន្រ្តីដែលធ្លាប់ធ្វើការល្អ នឹងខិតខំធ្វើការឱ្យបានល្អថែមទៀត ហើយមន្រ្តីដែលកន្លងទៅមិនបានធ្វើការល្អ នឹងខិតខំកែប្រែឱ្យបានល្អប្រសើរឡើងវិញ។

សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំទុកឱ្យរដ្ឋមន្រ្តីនានានៅដដែល ការងារដែលល្អហើយក៏ត្រូវប្រឹងធ្វើឱ្យល្អថែមទៀត ឯការងារមិនល្អ ត្រូវខិតខំធ្វើឱ្យបានល្អ នៅក្នុងអាណត្តិថ្មីនេះ»។ សម្តេចបានលើកទឹកចិត្តមន្រ្តីទាំងអស់ ប្រដូចនឹងពាក្យថា «ដួលត្រង់ណាងើបត្រង់នោះ» ហើយអះអាងទៀតថា ទោះបីជាកូន និងចៅរបស់សម្តេចក៏សម្តេចមិនជួយដែរ គឺពួកគាត់ដួលកន្លែងណា ត្រូវតែងើបកន្លែងនោះវិញ។

ទោះបីជាផ្តល់ឱកាសដល់មន្រ្តីទាំងអស់ក៏ដោយចុះ ប៉ុន្តែសម្តេចតេជោបានព្រមានជាមុនថា ការរៀបចំនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលអាណត្តិ គ្មានការកែសម្រួលនៅពេលខាងមុខនោះទេ ប៉ុន្តែបើមានការចាំបាច់ នៅពាក់កណ្តាលអាណត្តិ ឬពេលណាមួយនោះត្រូវតែកែសម្រួល ដើម្បីធានាថារាជរដ្ឋាភិបាលកម្ពុជា នឹងបន្តដំណើរក្នុងស្ថានភាពមួយដែលខ្លាំង។ សម្តេចមានបំណងបញ្ចូលអ្នកជំនាន់ក្រោយ ដើម្បីបណ្តុះបណ្តាល និងផ្តល់ឱកាសជូនពួកគាត់ដែរ។

សម្តេចបានបញ្ជាក់ថា «ស្ថានភាពចម្រុះដែលមានអ្នកចាស់ ហើយដែលដាក់ក្មេងជំនាន់ក្រោយជាមួយ គឺជារឿងចាំបាច់ណាស់។ នៅពេលអ្នកចាស់ទុំបានចាកចេញទៅ គឺអ្នកជំនាន់ក្រោយបានមកដល់»

នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ត្រឡប់ទៅកាន់អ្នកវិភាគ និងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook​ មួយចំនួនដែលខិតខំធ្វើអត្ថាធិប្បាយដើម្បីឱ្យសម្តេចដកមន្រ្តីរបស់សម្តេច។ សម្តេចបានចាត់ទុកថា អ្នកនយោបាយណាដែលដកមន្រ្តីរបស់ខ្លួនដែលខិតខំធ្វើការងារ រហូតដល់ទទួលជ័យជំនះ ដោយគ្រាន់តែលឺគេរិះគន់បន្តិចបន្តួចនោះ គឺជាអ្នកនយោបាយដែលមានគំនិតខ្លី ហើយការធ្វើបែបនោះ ប្រៀបបីដូចជាសម្លាប់នយោបាយខ្លួន។ សម្តេចបានលើកឡើងថា គណៈរដ្ឋមន្រ្តីរបស់សម្តេច គឺប្រៀបដូចជា «ខ្ញីដែលកាន់តែចាស់កាន់ហិរ»

សម្តេចបានបញ្ជាក់ថា «ធ្វើនយោបាយបើគ្រាន់តែកែទម្រង់គ្រាន់តែដោះដូរមនុស្ស គណបក្សនោះនឹងស្លាប់ ហើយមេដឹកនាំម្នាក់នោះ នឹងស្លាប់ដោយឯកោបំផុត។ ជោគជ័យរបស់ហ៊ុន សែន ចាប់ផ្តើមពីមនុស្ស៥នាក់ រហូតដល់មនុស្សរាប់លាននាក់នៅជាមួយហ៊ុន សែន បានទាំងអស់តាមរបៀបរក្សាចាស់បង្កើនថ្មី»

សម្តេចបានបន្តថា «ជោគជ័យដែលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដីកន្លងទៅ តើបានមកពី ហ៊ុន សែនម្នាក់ឯង ឬបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលទាំងមូល? ច្បាស់ណាស់ថា សំឡេងភាគច្រើនផ្តល់ដល់ ហ៊ុន សែន ហើយ ប៉ុន្តែហ៊ុន សែន ម្នាក់ឯងអនុវត្តបានទេ? បើបណ្តារដ្ឋមន្រ្តីមិនបានអនុវត្តនោះ ប្រជាជនមិនមិនខ្វះការជ្រើសរើសទេ»។

សម្តេចជឿជាក់ថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ សូម្បីតែសាសនាព្រះពុទ្ធដែលទូន្មានដល់មនុស្សក៏គង់មានការមិនគាំទ្រពីសំណាក់អ្នកកាន់សាសនាដទៃ។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចយល់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏មិនមែនស្រលាញ់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នានោះដែ ពួកគេក៏មានសិទ្ធិស្រលាញ់គណបក្សដទៃទៀតដែលជាជម្រើសរបស់ពួកគេ។

សម្តេចរំលឹកទៀតថា «​ ប្រសិនបើជោគជ័យហើយ បែរជានាំគ្នាបោះបង់ចោលមន្រ្តីដែលខិតខំប្រយុទ្ធដើម្បីយកឈ្នះនេះ តើ ហ៊ុន សែន អគុណធម៌បែបណាទៅ។ ....បើការប្រកួតមួយដែលឈ្នះ (មន្រ្តី)ត្រូវបានទាត់ចោល តើអាណត្តិក្រោយ ហ៊ុន សែន នឹងប្រើនរណាទៀត តើនេះជាយុទ្ធសាស្រ្តសមរភូមិ ឬជាយុទ្ធសាស្រ្តឈ្នះសង្រ្គាម មិនត្រូវការឈ្នះត្រឹមតែសមរភូមិទេ ខ្ញុំត្រូវយកឈ្នះសង្រ្គាមថែមទៀត»

សម្តេចបានបញ្ជាក់ទៀតថា៖ «មេបញ្ជាការម្នាក់នេះ រក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី អ្នកដែលមកនៅជាមួយ ហ៊ុន សែន ហើយតិចណាស់ដែលបានចាកចេញពី ហ៊ុន សែន ត្រឡប់ទៅវិញនោះ គឺមានតែនៅ និងចូលថែម។ នៅពេលដែលមន្រ្តីខំធ្វើការងារ៥ថ្ងៃ ចុះមូលដ្ឋា២ថ្ងៃ ក្នុងអាទិត្យ អត់បាននៅជួបប្រពន្ធកូនទេ ស្រាប់តែដល់ពេលឈ្នះ បែរជាទាត់ចោល រួចហើយអាណត្តិក្រោយ អ្នកដែលទៅនោះទៀតគាត់ថាយ៉ាងម៉េច»

ទោះជាបែបនេះក៏ដោយ សម្តេចក៏បានអះអាងទៀតថា សម្តេចមិនឱបក្រសោមមន្រ្តីដែលធ្វើការមិនកើតនោះទេ។ ជាងនេះទៅទៀតសម្តេចក៏មានការយោគយល់ខ្ពស់ដោយមិនប្រើមន្រ្តីមានវ័យចំណាស់ឱ្យខិតខំធ្វើការទោះបីជាដឹងថា សុខភាពពួកគាត់ទ្រុឌទ្រោមនោះឡើយ៕