នៅព្រឹកថ្ងៃនេះរដ្ឋសភាបើកកិច្ចប្រជុំ​រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នៅព្រឹកថ្ងៃនេះរដ្ឋសភាបើកកិច្ចប្រជុំ​រៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល

06/09/2018
(ភ្នំពេញ)៖ នៅទីបំផុតអ្វីដែលមន្រ្តីនិងប្រជាពលរដ្ឋរង់ចាំអស់ជាងមួយខែមកហើយនោះនឹងបង្ហាញ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយតំណាងរាស្រ្ត១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការប្រកាសសុពលភាព និងស្បថចូលកាន់តំណែង នឹងបន្តបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។ កិច្ចប្រជុំសភានេះដឹកនាំដោយព្រឹទ្ធសមាជិកសភាសម្តេច ហេង សំរិន ដែលមានអាយុច្រើនជាងគេ។

នៅថ្ងៃនេះបញ្ជីឈ្មោះនឹងត្រូវបង្ហាញជាផ្លូវការ តាមរយៈការបោះឆ្នោតបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលដោយអនុលោមតាមមាត្រ៤ នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម។

សូមជំរាបថា បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ។
ខាងក្រោមគឺជាពាក្យពេចន៍សច្ចាប្រណិធានទាំងស្រុង ដែលអ្នកតំណាងរាស្ត្រទាំងអស់នឹងត្រូវសូត្រតាមសម្តេចព្រះសង្ឃរាជ៖

ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​ដូចតទៅ​។

​ក្នុងពេល​ប្រតិបត្តិការតាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការ​បំពេញបេសកកម្ម ដែល​ប្រជារាស្ត្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់ៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូល​ព្រះ​បង្គ​ម​យើងខ្ញុំ សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ខពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ​។ ​

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​​នូវឯករាជ្យភាព​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍ បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជាធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ១៩៦៣ ដល់​ឆ្នាំ​១៩៦៩ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។​

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​រក្សា​ទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាតឲ្យ​ជន​ណា​ក៏​ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ​។

ទូលបង្គំ​យើងខ្ញុំ មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។ ​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើហឹង្សា​គ្រប់​បែបយ៉ាង​។ ​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។

​​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិ​មនុស្ស​។​

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​រក្សា​ភាពរុងរឿង​ថ្កើងថ្កាន​នៃ​មាតុភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលបង្គំ​យើងខ្ញុំ​គ្រប់រូប​៕