សម្តេចតេជោ​ ហ៊ុន សែន ឯកភាពឲ្យសិក្សាបង្កើតខេត្តថ្មីចំនួន២ទៀត ដោយកាត់ចេញពីខេត្តកណ្តាល, រតនគីរី និងមណ្ឌលគីរី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ​ ហ៊ុន សែន ឯកភាពឲ្យសិក្សាបង្កើតខេត្តថ្មីចំនួន២ទៀត ដោយកាត់ចេញពីខេត្តកណ្តាល, រតនគីរី និងមណ្ឌលគីរី

31/08/2018
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់លិខិតជូនសម្តេចនាយករដ្ឋមន្រ្តី ស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។
សំណើររបស់​សម្ដេចក្រឡាហោម ស ខេង ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឯកភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

​យោងតាមលិខិតសំណើររបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអង្គភាព VOB News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា​ បន្ទាប់ពីសម្ដេចឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ ពីសម្ដេចតេជោ ហ៊ុន សែន។

សូមជម្រាបថា៖ បច្ចុប្បន្ននេះកម្ពុជា មានខេត្តចំនួន២៤ និងរាជធានីមួយ គឺរាជធានីភ្នំពេញ៕