អាមេរិកផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ​ដែលបានខិតខំយ៉ាងខ្លាំងក្លា​លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​លើពិភពលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិកផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ​ដែលបានខិតខំយ៉ាងខ្លាំងក្លា​លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​លើពិភពលោក

30/08/2018
(ភ្នំពេញ)៖ តាមរយៈការវាយតម្លៃប្រចាំឆ្នាំ អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សលើពិភពលោកនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ​ដែលគ្មានការជួញដូរមនុស្សនៅលើពិភពលោក ខណៈរាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងពិតប្រាកដ ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាំងស្រុង។
​នេះជាការឲ្យដឹងពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស ថ្លែងនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា​ លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «​តាមការវាយតម្លៃប្រចាំឆ្នាំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ​កម្ពុជាយើងមិនដែលធ្លាក់ដល់ ​លេខ៣នោះទេ [...] ឥលូវនេះយើងបានឈរនៅលេខ២នេះ ប៉ុន្មានឆ្នាំមកនេះ​ ពីឆ្នាំ បីឆ្នាំចុងក្រោយនេះ ដែលនេះជាមោទនភាពរបស់យើងដែរ ហើយប្រហែលជាយើងខិតខំ ប៉ុន្ដែមិនទាន់ដឹងថាប៉ុន្មានឆ្នាំទៀតទើបបានលេខ១នោះទេ»។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស ក៏បានពន្យល់អំពីចំណាត់ថ្នាក់លេខរៀងនេះផងដែរថា សម្រាប់ចំណាត់ថ្នាក់លេខ១ គឺជាប្រទេសដែលគ្មានអំពើជួញដូរមនុស្ស, សម្រាប់ចំណាត់ថ្នាក់លេខ២ គឺជាប្រទេសដែលមានការជួញដូរមនុស្សតិចតួច ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប និងសម្រាប់ចំណាត់ថ្នាក់លេខ៣ គឺជាប្រទេសដែលមានការជួញដូរមនុស្ស ហើយរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប។

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង សម្រាប់ការវាយតម្លៃនេះ គឺជាមុខមាត់ប្រទេសកម្ពុជា ហើយកាលណាដែលកម្ពុជា ប្រឆាំងការជួញដូរមនុស្សបានខ្លាំងក្លា នោះគេចាត់ទុកថា កម្ពុជាជាប្រទេសមួយដែលបានផ្ដល់តម្លៃជីវិតមនុស្ស ហើយអ្វីៗនឹងអភិវឌ្ឍន៍បន្ថែមទៀត ដែលនេះជាលក្ខខណៈមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
យ៉ាងណាមិញ ដើម្បីអនុវត្តការងារនេះកាន់តែទទួលបានជោគជ័យទៀតនោះ ​សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា វាត្រូវតែមានការចូលរួម និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូច្នេះវេទិកាអន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា​ លើកទី២​នេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលកំពុងតែកើតមានជាបន្ដបន្ទាប់ចំពោះប្រជាជនកម្ពុជា និងមនុស្សជាតិគួរឲ្យបារម្ភ។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យស្វែងយល់កាន់តែច្បាស់អំពីបែបផែន និងគ្រប់រូបភាពនៃការជួញដូរមនុស្សគ្រង់ទម្រង់ ដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕