ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យលើកលែងទោសដល់ មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត ក្រោយមានសំណើពីសម្តេចតេជោ ហ៊ុន សែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យលើកលែងទោសដល់ មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត ក្រោយមានសំណើពីសម្តេចតេជោ ហ៊ុន សែន

27/08/2018
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ លើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន ទើបទទួលបានមុននេះបន្តិចនាព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ។

តាមប្រភពព័ត៌មានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ការដោះលែងអ្នកទាំង១៤នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក ទី២៨ ខែសីហា​ ឆ្នាំ២០១៨។

អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖

១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ
២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ
៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ

អ្នកទាំងនេះ (៣នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.​ព្រ​.​ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។

៤៖ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ
៥៖ ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ
៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ
៧៖ ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ
៨៖ ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ
៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ
១០៖ ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ
១១៖ ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ 

អ្នកទាំងនេះ (៨នាក់ខាងលើ) ត្រូវបាន​សាលា​ដំបូង​រាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពី​បទចូលរួមធ្វើកុបកម្ម។ សាលក្រម​ព្រហ្មទណ្ឌនេះ ត្រូវបាន​ភាគី​ជនជាប់ចោទ​ប្តឹងតវ៉ា​ទៅ​​សាលា​ឧ​ទ្ធរណ៍ ហើយសាលា​ឧទ្ធរណ៍​បាន​ចេញសាលដីកា​លេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី​១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប។

១២៖ ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ
១៣៖ ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ
១៤៖ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ
អ្នកទាំង១១នាក់ខាងលើនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពី​បទចូលរួមធ្វើកុបកម្ម។

គួរកត់សម្គាល់ផងដែរថា អ្នកទាំង១៤រូបខាងលើបានសម្រចដកបណ្តឹងសាទុក្ខ​ និងបណ្តឹងបណ្តឹងឧទ្ធរណ៍នាព្រឹកម៉ិញនេះ ដែលនាំឲ្យសាលក្រម និងសាលដីការបស់តុលាការ បានចូលជាស្ថាពរ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សំណុំរឿងនេះតាមនីតិវិធីច្បាប់ និងឈានទៅស្នើសុំលើកលែងទោស។

* អ្នកជាប់ទោសទាំង១៤នាក់នេះបានធ្វើលិខិតគោរពស្នើសុំលើកលែងទោសទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សេន បានសរសេរនៅក្នុងកម្មវត្ថុថា «សំណើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ស្នើលើកលែងទោសឲ្យយើងខ្ញុំទាំងអស់គ្នា បានរួចផុតទោស និងមានសេរីភាព»
លោក មាជ សុវណ្ណារ៉ា និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិទាំង១៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីចុងឆ្នាំ២០១៤ ក្រោយបានប្រើអំពើហិង្សាបណ្តាល ឱ្យសន្និសុខខណ្ឌដូនពេញប្រមាណជាង៣០នាក់ រងរបួស នៅអំឡុងបាតុកម្មតវ៉ា នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅក្រោយការបោះឆ្នោត។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា ឱ្យជាប់ពន្ធនាគារ២០ឆ្នាំ និងសកម្មជនទាំង១៣នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ ហើយទណ្ឌិតទាំងនេះបានបរាជ័យក្នុងការតតាំងក្តីជាបន្តបន្ទាប់ទៀត នៅតុលាការគ្រប់ជាន់ថ្នាក់។

ការសម្រេចដោះលែងទណ្ឌិត១៤នាក់ ដែលជាសមាជិកបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបើកការលើកលែងទោស ទ្រង់ទ្រាយធំដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា នៅអំឡុងបុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកខាងខាងមុខនេះ។

អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានដោះលែងចេញពីពន្ធគារមុនគេ គឺនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពី​ព្រះមហាក្សត្រនៃកម្ពុជា តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្ទាប់ពីទទួលបានលិខិតគោរពស្នើសុំលើកលែងទោសពីលោក អ៊ុំ សំអាន។
សូមបញ្ជាក់ថា ក្រៅពីសមាជិកបក្សប្រឆាំង១៤រូបខាងលើ នាថ្មីៗនេះអ្នកនយោបាយ អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំង អតីតអ្នកសារព័ត៌មានមួយចំនួនទៀត ដែលត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧ កន្លងទៅនេះ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពផងដែរ។ ក្នុងនោះមាន លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក គឹម សុខ អ្នកភាគនយោបាយ និងសង្គម, សកម្មជនដីធ្លី សហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី, អតីតអ្នកយកព័ត៌មានរបស់ វិទ្យុអាស៊ីសេរីទាំង២រូប គឺលោក អ៊ួន ឈិន ​និងលោក​ ​យាង សុធារិន​ ​ហៅ ​យាង​ សុជាមេត្តា ជាដើម។

អ្នកនយោបាយ និងអ្នក​វិភាគ រួមទាំងអ្នកលេងបណ្តាញសង្គម Facebook មួយចំនួន បានសម្តែងការសាទរចំពោះការដោះលែងជនទាំងនោះ ហើយចាត់ទុកថា ការដោះលែងឱ្យមានសេរីភាពនេះ ជាការធ្វើឱ្យបរិយាកាសនយោបាយ នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងមួយកម្រិតទៀត៕