អង់គ្លេស ប្ដេជ្ញាបន្ដរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ល្អ​បន្ថែមទៀត ជាមួយ​កម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង់គ្លេស ប្ដេជ្ញាបន្ដរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ល្អ​បន្ថែមទៀត ជាមួយ​កម្ពុជា

22/08/2018
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាត​ឲ្យ លោក Mark Field អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុក តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃចក្រភពអង់គ្លេស ព្រមទាំង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ថ្លែងក្នុងជំនួបនោះលោក Mark Field បានអះអាងថា ចក្រភពអង់គ្លេស នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី ក៏ដូចជា ជាមួយកម្ពុជាផងដែរ បើទោះបីចក្រភពអង់គ្លេសបានបញ្ចេញនូវប្រតិ​កម្មមួយចំនួន ពាក់ព័ន្ធជាមួយស្ថានភាពមួយចំនួននៅកម្ពុជាក៏ពិតមែន ប៉ុន្ដែអង់គ្លេសបន្ដសំឡឹងមើលទៅអនាគត ដើម្បីរក្សាទំនាក់ទំនងប្រទេសទាំង២បន្ថែមទៀត។ លោក Mark Field បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស នឹងបន្ដពង្រីងនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្ដការជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ​បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស និងជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោក Mark Field ពិតជាពង្រឹងបន្ថែមទៀត ដល់ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេស។
សម្ដេចក្រឡាហោម ស ខេង ក៏បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់ចក្រភពអង់គ្លេស ក្នុងការពង្រឹងនូវទំនាក់ទំនងប្រទេសទាំង២ ក៏ដូចជាក្នុងប្រទេសនៅតំបន់អាស៊ានទាំងមូល ដែលសម្ដេចសង្ឃឹមថា កម្ពុជា-អង់គ្លេស នឹងបន្ដធ្វើការងារផ្សេងទៀតលើវិស័យជាច្រើនរួមគ្នាផងដែរ។

បន្ថែមពីនេះ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសចក្រភពអង់គ្លេស ក៏បានលើកឡើង ពីការអញ្ជើញសម្ដេចក្រឡាហោម ស ខេង ទៅចូលរួមសន្និសីទ ស្ដីពីការប្រយុទ្ធប្រឆាំង​ការជួញដូរសត្វព្រៃខុសច្បាប់ នៅខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដែលសន្និសីទនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះមិន​មែនពាក់ព័ន្ធលើសត្វព្រៃនោះទេ ប៉ុន្ដែបណ្ដាញឧក្រិដ្ឋជន គឺធ្វើសកម្មជនផ្សេងៗ ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការលាងលុយកខ្វក់ជាដើម ដែលមានលក្ខណៈអង្គការចាត់តាំង។
បើតាមលោក Mark Field វត្តមានរបស់កម្ពុជាក្នុងសន្និសីទនោះ គឺជាការចែករំលែកបទពិសោធន៍របស់កម្ពុជាដែលមានកន្លងមក ក៏ដូចជាទទួលយកនូវបទពិសោធន៍ផ្សេងៗពីសកលលោក ដើម្បីធ្វើយ៉ាងណារួមគ្នាប្រឆាំងនូវបទល្មើសជួញដូរសត្វព្រៃ និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ដែលកើតចេញពីការជួញដូរសត្វព្រៃនេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរនូវគំនិតផ្ដួចផ្ដើមនេះ ដែលសម្ដេចចាត់ទុកថា សន្និសីទនេះមិនត្រឹមតែអាចជួយដល់កម្ពុជាក្នុងការអភិរក្ស នូវធនធានសត្វកម្រនោះទេ ប៉ុន្ដែរួមចំណែកដល់ការអភិវឌ្ឍធនធានព្រៃឈើ និងធ្វើឲ្យបរិស្ថានល្អប្រសើរផងដែរ៕​