មហាជនកំពុងទន្ទឹងចង់ដឹងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់បុរសខ្លាំងកម្ពុជា និងជឿជាក់ថា គណៈរដ្ឋមន្ត្រីថ្មីនឹងធ្វើការកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនចំពោះជាតិ និងប្រជាជន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហាជនកំពុងទន្ទឹងចង់ដឹងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់បុរសខ្លាំងកម្ពុជា និងជឿជាក់ថា គណៈរដ្ឋមន្ត្រីថ្មីនឹងធ្វើការកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនចំពោះជាតិ និងប្រជាជន

20/08/2018
(ភ្នំពេញ)៖ បាំងតែពីរសប្តាហ៍ទៀតប៉ុណ្ណោះពោលនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ សមាសភាពក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលនីតិកាលទី៦ នឹងត្រូវលាតត្រដាងជាសាធារណៈហើយ។ ប៉ុន្តែក្នុងគ្រាដែលសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់បុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនទាន់បង្ហាញនេះ មនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំចង់ដឹងយ៉ាងអន្ទះសាជាទីបំផុត។ អ្នកដែលទន្ទឹងរង់ចាំចង់ដឹងនេះមិនត្រឹមតែប្រជាពលរដ្ឋទូទៅនោះទេ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលក៏ទន្ទឹងរង់ចាំចង់យ៉ាងអន្ទះអន្ទែងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រកាសថា បញ្ជីឈ្មោះសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានចំនួនសរុបប្រមាណ៣០នាក់ ដោយមិនទាន់រាប់បញ្ចូលមន្រ្តីមានឋានៈជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីកាន់តួនាទីជារដ្ឋមន្ត្រីនោះ ត្រូវបានសម្តេចរៀបចំរួចរាល់ហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះសមាសភាពនេះត្រូវបានលាក់បាំងយ៉ាងជិតជាទីបំផុត ដែលក្នុងនោះបើតាមសម្តេចតេជោ ហ៊ុន សែន មានតែមន្ត្រីថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជាតែប៉ុន្មាននាក់ប៉ុណ្ណោះដឹងអំពីសមាសភាពថ្មីនេះ រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ ផងដែរ។
គ្រាដែលសមាសភាពសមាជិករាជរដ្ឋាភិបាលថ្មីស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយនេះ គេសង្កេតឃើញថា ទាំងរដ្ឋមន្ត្រីចាស់ៗ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលដទៃទៀត ក៏ដូចជាក្រុមមន្ត្រីនៅតាមក្រសួងនានា បានលួចខ្សឹបខ្សៀវជជីកសួរដេញដោលគ្នា ព្រោះចង់ដឹងថា រដ្ឋមន្ត្រីក្នុងតំណែងចាស់អាចមានវាសនាបន្តកាន់តួនាទីរបស់ខ្លួនទៀត ដែរឬយ៉ាងណា? ឬក៏ត្រូវអស់បុណ្យទៅហើយ? មន្ត្រីខ្លះទៀតក៏ចាំអ៊ុតផងដែរ ក្រែងមានបុណ្យវាសនាដោយសារការងារ និងស្នាដៃល្អក្នុងការបម្រើជាតិ និងប្រជាជននោះ អាចទាក់បេះដូងសម្តេចតេជោ ហ៊ុន សែន ទទួលបានតំណែងជារដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីនេះ។

សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានផ្តល់ការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ ក៏ទន្ទឹងរង់ចាំចង់ដឹងខ្លាំងនោះដែរ។ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតសុទ្ធតែចង់ឃើញមេដឹកនាំកើតចេញពីការពេញចិត្តរបស់ពួកគេ នឹងប្រឹងប្រែងធ្វើការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន ជាពិសេសដោះស្រាយបញ្ហា និងជំរុញជីវភាពរបស់ពួកគេឲ្យកាន់តែល្អប្រសើរ។
ប្រជាពលរដ្ឋជឿជាក់ថា រដ្ឋមន្ត្រីដែលចម្រាញ់ចេញដោយផ្ទាល់ដៃរបស់សម្តេចតេជោ ហ៊ុន សែន នឹងមានថាមពលខ្លាំងក្លាជាងអាណត្តិចាស់ ដើម្បីបម្រើការងារចំពោះប្រជាជន។ ហើយជាពិសេសសង្ឃឹមថាមិនឃើញវត្តមានរដ្ឋមន្ត្រីមួយចំនួនដែលមិនសូវមានស្នាដៃក្នុងការបម្រើជាតិ និងប្រជាជននៅក្នុងអាណត្តិចាស់ទៀតនោះឡើយ។

ប្រជាពលរដ្ឋក៏រំពឹងផងដែរថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះដែលជាសនាធិការដ៏សំខាន់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នឹងបម្រើការងារឈរលើស្មារតីមនសិកា និងឧត្តមគតិខ្ពស់បំផុតប្រជែងគ្នាសម្រេចនូវសមិទ្ធផលថ្មីៗសម្រាប់ជាតិ និងប្រជាជន បន្សល់កិត្តិយស និងកេរ្តិ៍ឈ្មោះពិរោះក្នុងលោកា ដោយមិនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត និងខកបំណងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្តេច ជារាជរដ្ឋាភិបាលបន្តឈរលើស្មារតីកំណែទម្រង់ស៊ីជម្រៅជាចម្បង និងធ្វើការងារបម្រើប្រជាពលរដ្ឋ កាន់តែសកម្មទ្វេដង។ តាមប្រសាសន៍បញ្ជាក់ដ៏ម៉ឹងម៉ាត់នេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា គណៈរដ្ឋមន្ត្រីថ្មីរបស់សម្តេច គឺត្រូវតែជាគណៈរដ្ឋមន្ត្រីដែលខ្លាំង គណៈរដ្ឋមន្ត្រីដែលស្វាហាប់ វៃឆ្លាត ច្នៃប្រឌិត និងប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រង ដោះស្រាយនាំមកនូវប្រសិទ្ធភាពខ្ពស់លើការងារ សម្រេចសមិទ្ធផលល្អប្រសើរ។
ប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ថាដែរ នាយករដ្ឋមន្ត្រីដែលប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា ដឹកនាំអភិវឌ្ឍន៍ប្រទេសតាំងពីចំណុចខ្មៅងងឹតឈានមកដល់ដំណាក់កាល ស្រស់បំព្រងនាពេលបច្ចុប្បន្ន នឹងមិនឱបក្រសោបមន្រ្តីអសមត្ថភាពនាំឲ្យពលរដ្ឋដែលគោរពស្រឡាញ់ នឹងគាំទ្រសម្តេចត្រូវខកបំណង ក៏ដូចជាទាញប្រជាប្រិយភាព របស់រាជរដ្ឋាភិបាលអាណត្តិថ្មីឲ្យធ្លាក់ចុះនោះឡើយ៕