ក្រោយប្រកាសលទ្ធផលបោះឆ្នោត, អង់គ្លេស ប្រកាសពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយប្រកាសលទ្ធផលបោះឆ្នោត, អង់គ្លេស ប្រកាសពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា

17/08/2018
(ភ្នំពេញ)៖ បើទោះបីប្រទេសមួយចំនួនកំពុងលើកពីបញ្ហាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា តែអង់គ្លេសដែលជាប្រទេសមួយនៅក្នុងតំបន់អឺរ៉ុបនោះ ហាក់មិនបានបង្ហាញក្តីកង្វល់ជុំវិញ ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ ថែមទាំងបានប្រកាសធ្វើការងារ និងពង្រឹងទំនាក់ទំនងឲ្យកាន់តែល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។

ការអះអាងក្នុងកិច្ចការងារពង្រឹងទំនាក់ទំនងការទូត ក៏ដូចជាពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើររវាងអង់គ្លេស និងកម្ពុជា ត្រូវបានធ្វើឡើងក្នុងពេលដែលលោកស្រី Tina Susan Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះឯកអគ្គរាជទូតអង់គ្លេស និងសម្តេចតេជោ ហ៊ុន សែន លើកឡើងតែបញ្ហាពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត រវាងប្រទេសទាំងពីរមិនបាននិយាយដល់បញ្ហាអ្វីផ្សេង ក៏ដូចជារឿងបោះឆ្នោតនៅកម្ពុជានោះឡើយ។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងជំនួបនេះលោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងដំណើរបេសកកម្មការទូតរបស់លោកជំទាវ ប្រាំមួយសប្តាហ៍របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជានេះ គឺលោកជំទាវបានទទួលនូវការស្វាគមន៍យ៉ាងកក់កជាទីបំផុត។ ហើយក្នុងបេសកម្មបន្តទៀតនេះដែរ នៅកម្ពុជា លោកជំទាវនឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស»

ក្រៅពីការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងការទូតហើយនោះ ឯកអគ្គរាជទូតថ្មីរបស់អង់គ្លេស ក៏បានបង្ហាញពីវិស័យសំខាន់ៗ និងអាទិភាពមួយចំនួនដែលលោកស្រី នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ មានដូចជាការយកចិត្តទុកដាក់ទៅលើបញ្ហាបច្ចេកវិទ្យា បញ្ហាដោះមីន ពាណិជ្ជកម្ម លើកកម្ពស់សិទ្ធិស្ត្រី និងការអប់រំជាដើម។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបានអរគុណដល់ចក្រភពអង់គ្លេសក៏ដូចជាប្រជាជនអង់គ្លេស ដែលបានជួយដល់កម្ពុជា។ ជាពិសេសលើវិស័យអប់រំជួយបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាសំខាន់របស់កម្ពុជា និងសូមអរគុណផងដែរដែលចក្រភពអង់គ្លេសបានជួយកម្ពុជាលើវិស័យដោះមីន។
សម្ដេចតេជោ បានមានប្រសាសន៍ថា នៅកម្ពុជាមានមជ្ឈមណ្ឌលដោះមីនអាស៊ាន ដែលមានវិសាលភាពធំជួយដល់បណ្ដាប្រទេសក្នុងតំបន់ផង និងបានចូលរួមចំណែកក្នុងការងាររបស់អង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ សម្តេចតេជោ រំពឹងអង់គ្លេសគប្បីពិចារណាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលដោះមីនអាស៊ានដែលមានទីតាំងនៅកម្ពុជា។

ពាក់ព័ន្ធនិងការលើកកម្ពស់សិទ្ធិស្ត្រីវិញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា បានដាក់តួនាទីស្ត្រីក្នុងរាជរដ្ឋាភិបាលចាប់តាំងពីថ្នាក់ស្រុកខេត្តរហូតដល់ជួរកងទ័ពនគរបាល ក៏ដូចជាស្ថាប័នផ្សេងៗដែរ។ លើសពីនោះទៅទៀតរាជរដ្ឋាភិបាល ក៏បានយកចិត្តដាក់កសាងសាលារៀននៅគ្រប់ទីកន្លែងដែលស្ត្រីអាចចូលរៀនបាន ហើយក៏មានការសាងសង់កន្លែងស្នាក់នៅសម្រាប់ស្ត្រីផងដែរ។

បន្ថែមពីលើនោះ រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍គាំពារសង្គមដែលជួយដល់ស្ត្រី ជាពិសេសកម្មការីនីកម្ពុជាដែលនៅពេលមានផ្ទៃពោះអាចឈប់សម្រាក ៣ខែក្នុងពេលឆ្លងទន្លេ និងទទួលបានប្រាក់បៀវត្សរ៍ ១២០ភាគរយ ហើយពេលនេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលនយោបាយជួយស្ត្រីក្រីក្រចាប់ពីមានផ្ទៃពោះរហូតដល់ក្រោយសម្រាលកូនផងដែរ៕