សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា​ ទណ្ឌិត សម រង្ស៊ី ជាអ្នកលួច Facebook របស់សម្ដេច ហើយមានបំណង​​ចង់បំផ្លាញលទ្ធផលបោះឆ្នោត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា​ ទណ្ឌិត សម រង្ស៊ី ជាអ្នកលួច Facebook របស់សម្ដេច ហើយមានបំណង​​ចង់បំផ្លាញលទ្ធផលបោះឆ្នោត

15/08/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យសាធារណជនដឹងថា ចោរដែល​លួច Facebook របស់សម្ដេចគឺជាទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់ប្រទេសកម្ពុជា ទៅជ្រកកោននៅក្រៅប្រទេស ហើយបានហៅអំពើនេះជាទង្វើអាក្រក់ជូរជាតិ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ​បានហៅអ្នកលួច Facebook របស់សម្តេច ហើយបង្ហោះព័ត៌មានពីការបែងចែកអាសនៈទៅឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺជាអ្នកមានចេតនាបំផ្លាញការប្រកាសលទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត យ៉ាងច្រើនលើសលប់។​

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុង​ឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេធ្វើអីមិនកើតមកលួច Facebook របស់ហ៊ុន សែន នេះពិតជាអាក្រក់ជោរជាតិ ដែលខ្ញុំសង្ឃឹមថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ នឹងត្រូវបានផ្ដន្ទាទោសដោយពិភពលោក [...] ប៉ុន្ដែដល់ធ្វើអីមិនបាន គេចេញមកថាយើងបង្កើតបញ្ហាខ្លួន​ឯង អាលូវគិតមើល ចោរម៉ាស្សៀត អ្នកណាទៅបង្កើត Facebook នាយករដ្ឋមន្ដ្រីទៅបង្កើតរឿង ហើយរឿងវាងាយយល់ណាស់»

សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ដថា «ទី១៖គេធ្វើឲ្យធ្វើក្រឡាប់ចាក់ នៃការប្រកាសលទ្ធផល​ តាមរយៈពូជាអ្នកផុសថា គណបក្សប្រជាជន នឹងចែករំលែកទៅឲ្យ គណបក្សហ្វ៊ិនស៊ិនប៉ិច ២អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ២អាសនៈ។ ចឹងយើងដឹងហើយថាអ្នកណាធ្វើរឿងនេះ ឯមួយទៀត គេថ្លែងអំណរគុណ ចំពោះបងប្អូនកូនក្មួយ ដែលបានចុច Like ឲ្យ Facebook របស់ខ្ញុំជាពិសេស ថ្លែងអំណរគុណចំពោះប្រជាជនហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី។ ចឹងជាអ្នកណា? អាអ្នកធ្លាប់ប្ដឹងពូទៅ Facebook រហូតដល់ Facebook គេស្ដីឲ្យវិញនោះ។ អាហ្នឹងចោរជាប្រភពមកពីណុង»

ពាក់ព័ន្ធករណីនេះសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ​នេះគឺជាអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាស់ ដែលសម្ដេចមិនបញ្ជាក់ថា ដំណើរការសាច់រឿង ដល់ណានោះទេ ព្រោះទុកលទ្ធភាពឲ្យសមត្ថកិច្ចជំនាញរបស់កម្ពុជាធ្វើការការងារនេះ ព្រោះសមត្ថកិច្ចរបស់កម្ពុជា ក៏ត្រូវមានទំនាក់ទំនងជាមួយប៉ូលីសអន្ដរជាតិ (អាំងទ័រប៉ូល) ដើម្បីបំបែកសំណុំ។

​សូមរំលឹកថា គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។​ ប៉ុន្ដែត្រូវបានក្រុមកម្លាំងជំនាញយកមកគ្រប់គ្រងវិញ នៅម៉ោងប្រមាណ១រសៀល បន្ទាប់ពីបាន Hack ចូលគ្រប់គ្រងតាំងពីម៉ោង១១៖១៦នាទីថ្ងៃសុក្រ (ជាង២ម៉ោង)​។

ក្រោយពី Hack បានភ្លាមៗក្រុមអនាមិកបានបង្ហោះព័ត៌មាន បំភាន់សាធារណជនអំពីការបែងចែកអាសនៈ ដែលគណបក្សប្រជាជន នឹងទទួលបាន ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាមួយនោះក្រុម Hacker បានលុបចោលនូវព័ត៌មានមួយចំនួនចេញពី Facebook ផ្លូវការរបស់សម្តេចតេជោ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដែលយក Facebook នេះមកគ្រប់គ្រងវិញបាន ដោយសារតែមាន កិច្ចសហប្រតិបត្តិការ​ពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយ​កម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួន ក្នុងនោះ​គឺជនទុច្ចរិតដែលវាយប្រហារ (Hack) Facebook សម្តេចតេជោ ហ៊ុន សែន គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះ​កំពុងលាក់ខ្លួននៅក្រៅប្រទេស៕