Galaxy Note 9 បានបង្ហាញវត្តមានជាផ្លូវការមុននេះបន្តិចក្នុងព្រឹត្តិការ Galaxy Unpacked នៅទីក្រុង New York សហរដ្ឋអាមេរិក។
ការបង្ហាញមុខជាផ្លូវការរបស់ Galaxy Note 9 បានបញ្ជាក់នូវពាក្យចចាមអារ៉ាមចេញផ្សាយកន្លងមក ពីចំណុចពិសេសៗរបស់ស្មាតហ្វូនកូនកាត់ Tablet មួយនេះ។ Galaxy Note 9 នៅតែរក្សារូបរាងដូចជា Galaxy Note 8 ដែលចេញឆ្នាំមុន ប៉ុន្តែបានប្រែប្រួលត្រង់ការប្ដូរទ្រនាប់ស្កេនម្រាមដៃមកនៅចំកណ្ដាលវិញ។
Note 9 មានក្រាលដោយអេក្រង់ Super AMOLED ដែលមានទំហំ ៦,៤ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត ១៤៤០ x ២៩៦០ ភីកសែល។
បន្ទះឈីបបំពាក់លើ Galaxy Note 9 គឺជាប្រភេទ Snapdragon 845 ដែលមាន RAM ទំហំ ៦ GB អមនឹងអង្គផ្ទុកទិន្នន័យ ១២៨ GB។ មិនតែប៉ុណ្ណោះក៏មានប្រភេទ RAM ទំហំ ៨ GB ដែលមានអង្គផ្ទុកទិន្នន័យ ៥១២ GBទៀតផង។
កាមេរ៉ាខាងក្រោយរបស់ Note 9 មិនខុសពី Galaxy S9/S9+ ខ្លាំងនោះទេ ពោលមានកាមេរ៉ាភ្លោះទំហំ ១២ MP + ១២ MP និង កាមេរ៉ាមេអាចផ្លាស់ប្ដូរ Aperture ពី f/1.5 ទៅ f/2.4។ លើឡេនទាំងពីរគ្រាប់មានបច្ចេកវិទ្យាទប់លំនឹង OIS , អាចថតវីដេអូបែប Super Slo-Mo នៅល្បឿន ៩៦០ ប្លង់/វិនាទី និងថតវីដេអូបានកម្រិត 4K។
កាមេរ៉ាភ្លោះនេះកាន់តែវៃឆ្លាតជាងមុន ដោយមានបំពាក់នូវបច្ចេកវិទ្យា AI អាចប្រែប្រួល Settings នៃរូបភាពឲ្យកាន់តែទាក់ទាញ ដោយផ្អែកលើស្ថានភាពជាក់ស្ដែង។ ឧទាហរណ៍ថាពេលថតពពកវានឹងធ្វើឲ្យពណ៌នៃពពកកាន់តែខៀវដិត និង ណែនាំពីរូបស្ថានភាពនៃរូបភាពជាដើម។
ប៊ិច S-Pen លើ Note 9 មិនត្រឹមតែអាចប្រើដើម្បីសរសេរអក្សរ និងគូររូបប៉ុណ្ណោះទេ ប៉ុន្តែកាន់តែពិសេសលើសពីមុន ដោយមានបំពាក់នូវប្រព័ន្ធ Bluetooth អាចប្រើធ្វើជាតេឡេបញ្ជា ដូចជាបញ្ជាថតរូប, បញ្ជាផ្ទាំង Slide និង បញ្ជាមុខងារផ្សេងៗទៀតតាមកម្មវិធីនីមួយៗ។
ពិសេសទៀតនោះ នៅលើ Galaxy Note 9 មាននឹងបានលេងហ្គេម Fortnite ផ្ដាច់មុខមុនស្មាតហ្វូន Android ដទៃទៀត ហើយអ្នកលេងហ្គេមនេះលើ Note 9 ក៏នឹងទទួលបាន Skin ពិសេសឈ្មោះ Galaxy ទៀតផង។
Galaxy Note 9 ចាប់ផ្ដើមទទួលការកុម្ម៉ង់ទិញនៅសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ ដោយចេញលក់នៅថ្ងៃទី ២៤ ខែសីហានេះ។ លើទីផ្សារសហរដ្ឋអាមេរិក Note 9 មានតម្លៃ ៩៩៩ ដុល្លារ ដល់ ១ ២៥០ ដុល្លារ៕
ខាងក្រោមជាលក្ខណៈសម្បត្តិផ្សេងទៀតរបស់ Galaxy Note 9៖
កាមេរ៉ាមុខទំហំ ៨ MP មានមុខងារ Autofocus
ដំណើរការដោយ Android 8.1 Oreo
រន្ធបំពងសំឡេងបែប Stereo សហការផលិតដោយ AKG
មានរន្ធសម្រាប់ដោតមេមូរីបានទំហំដល់ ៥១២ GB
ថ្មទំហំ ៤០០០ mAh
មានទ្រនាប់ស្កេនម្រាមដៃ, មុខងារស្កេនប្រស្រីភ្នែក និង ស្កេនមុខ
សមត្ថភាពធន់នឹងទឹកក្នុងកម្រិត IP68
ប្រភព៖ YouTube
