(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ បានកើនដល់៩៨នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើកោះ ទេសចរណ៍ដ៏ល្បី លុមបុក (Lombok) ស្ថិតនៅភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី ដកស្រង់ដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស ២៣៦នាក់ទៀតបានរងរបួស ដោយសារតែគ្រោះរញ្ជួយកម្រិត ៧.០រ៉ិចទ័រនេះ ដែលបាន បំផ្លាញអគារ ផ្ដាច់ចរន្តអគ្គិសនី ហើយវាបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយដីមួយផ្សេងទៀតបានផ្ដាច់ជីវិត មនុស្ស១៦នាក់ នៅលើកោះលុមបុក (Lombok) ដដែលនេះ។ លើសពីនេះទៅទៀត ភ្ញៀវទេសចរច្រើនជាង ២,០០០នាក់ ក៏ត្រូវបានជម្លៀសខ្លួនចេញពីកោះ Gili ស្ថិតនៅក្បែរកោះលុមបុក ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។
គួរជម្រាបថា បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើមានឥទ្ធិពល ៧.០រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី។ អំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានទទួលរងគ្រោះពីរញ្ជួយដីយ៉ាងញឹកញាប់ ដោយកាលពីចុងខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត ៦.៤រ៉ិចទ័រ ដែលមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះនោះ បានវាយប្រហារលើកោះទេសចរណ៍នេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៦នាក់ និងបណ្តាលឲ្យរបួសជាង ១៦០នាក់។
គ្រោះរញ្ជួយដីតែងកើតមានឡើងជាញឹកញាប់ នៅប្រទេសអាស៊ានមួយនេះ គឺដោយសារតែឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire ដែលមានសណ្ឋានដីងាយរងគ្រោះធម្មជាតិខ្លាំងជាងគេលើផែនដីដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម៕