សម្តេចតេជោ ហ៊ុន សែន ថ្លែងការពារតារាចម្រៀង ​ម៉េង កែវពេជ្ជតា ដែលត្រូវអ្នកគាំទ្រអតីតបក្សប្រឆាំង កាត់តវីដេអូថា «មើលងាយប្រជាពលរដ្ឋខ្មែរ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ថ្លែងការពារតារាចម្រៀង ​ម៉េង កែវពេជ្ជតា ដែលត្រូវអ្នកគាំទ្រអតីតបក្សប្រឆាំង កាត់តវីដេអូថា «មើលងាយប្រជាពលរដ្ឋខ្មែរ»

02/08/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង​​ការពារតារាចម្រៀង ម៉េង កែវពេជ្ជតា ​ដែលត្រូវអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ កាត់តវីដេអូ កែខៃសំឡេងថា «មើលងាយប្រជាពលរដ្ឋខ្មែរ»

ក្រៅពីការការពារតារាចម្រៀង ម៉េង កែវ ពេជ្ជតា ហើយនោះ សម្តេចតេជោក៏បានអំពាវនាវប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការកាត់ត របស់ក្រុមអ្នកគាំទ្រ អតីតបក្សប្រឆាំង ខណៈដែលការធ្វើបែបនេះ គឺជាការមួលបង្កាច់ បង្ខូចកិត្តិយសអ្នកសិល្បៈខ្មែរផងដែរ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែល​សម្តេចតេជោ ​​បានបន្តអញ្ជើញ​ចុះជួបសំណេះសំណាល ជាមួយកម្មករ- កម្មការិនី មកពីតាមរោងចក្រ សហគ្រាសនានា នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីលើកដំបូង ក្រោយបោះឆ្នោតជ្រើស​​តំណាងរាស្រ្ត អាណត្តិទី០៦​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រឿងនេះខ្ញុំបានមើលពិតប្រាកដ..! វាអត់គួរកើតរឿងហ្នឹង! គ្រាន់តែតារាចម្រៀងម្នាក់ ដែលល្បីឈ្មោះនៅទីនេះ ពេលដែលកូន [ម៉េង កែវពេជ្ជតា] ឡាយនៅក្នុង Facebook នោះ.. ពុកមើលផ្ទាល់តែម្ដង មើលផ្ទាល់​..ពេលហ្នឹងគ្នាទើបមកពីហែគណបក្ស នៅឯត្បូងឃ្មុំ មកដល់ផ្ទះឡាយវីដេអូ ក្នុងពេលដែលពាក់អាវគណបក្ស ហើយមានក្រមាបង់ក និងមានទាំងស្លាកគណបក្សទៀត។ ឥឡូវនេះ! គេកាត់តអាឡាយនោះ ទៅជារឿងថា ​ម៉េង កែវពេជ្ជតា មើលងាយប្រជាជនខ្មែរថា​ល្ងង់ ថាក្រ ក៏ប៉ុន្តែឃ្លីបនោះ គឺខ្ញុំតាមដានមើលដឹង ព្រោះថ្ងៃនោះ គឺជាថ្ងៃបិទយុទ្ធនាការ ព្រោះមុននឹងទៅហាត់ប្រាណ ខ្ញុំបានមើលការឡាយផ្ទាល់, វាចូលមកជេរ​យកៗ បង្ហិនបង្ហោចតែម្ដង តែ ម៉េង កែវពេជ្ជតា បាននិយាយទៅវិញថា និយាយបែបហ្នឹងមិនមែនឆ្កួតទេ ល្ងង់...»
សម្ដេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការកាត់តវីដេអូប្រឌិតរឿងបែបនេះ នាំឲ្យមានការស្អប់​ដល់​សិល្បករ-សិល្បការិនីរបស់យើង និងអាចបង្កើតទៅជាព្រឹត្តិការណ៍មួយ ធ្វើឲ្យអាប់ឱនកិត្តិយស ដែលគ្រាន់តែសិល្បករ-សិល្បការិនីប្រើ​សិទ្ធិ ខាងនយោបាយរបស់ខ្លួនប៉ុណ្ណោះ​។

សម្ដេចនាយករដ្ឋមន្រ្តីបានបន្តទៀតថា «ប្រយ័ត្នក្មួយៗ អ្នកដែលមិនបានដឹងរឿង ទៅជឿឃ្លីបវីដេអូដែលគេកាត់ថា ម៉េង កែវពេជ្ជតា មើលងាយប្រជាជនខ្មែរថា ល្ងង់ ថាក្រ ត្រូវយកអាឃ្លីបដើមយកមក ចូលមកជេរតែម្ដង ដល់ឯណេះ​ក៏ប្រើសិទ្ធិតបត នៅក្នុងការពន្យល់ត្រឡប់ទៅវិញ អំពីសិទ្ធិនយោបាយ ហើយក៏មានប្រើពាក្យ​ថា មិនមែនឆ្កួតទេ គឺល្ងង់ តែមិនមែនចោទទៅលើប្រជាជនកម្ពុជាល្ងង់ទេ គឺចោទទៅលើម៉ាក្រុមហ្នឹង..! ដែលមានមនុស្សល្ងង់ ធន់ៗហ្នឹង​​...»។

សម្ដេចតេជោ ក៏បានបន្ថែមទៀតថា គណប្រជាជនកម្ពុជា ក៏មានការទទួលខុសត្រូវខ្ពស់ ចំពោះអ្នកគាំទ្ររបស់ខ្លួន​ ដោយមិនត្រូវទុកឲ្យនរណា ប្រមាថស្រេចតែចិត្តឡើយ ខណៈដែលសមាជិកជា​សិល្បករ-សិល្បការិនី ក៏បានចូលរួមច្រើនណាស់ដែរ ហើយក៏មិនទុកឲ្យសិល្បករ-សិល្បការិនី ដែលប្រជាជនរាប់លាននាក់និយមចូលចិត្ត ត្រូវគេប្រមាថ ត្រូវគេភូតកុហកបោកប្រាស់ ឲ្យក្លាយទៅជារឿង​ ដែលសង្គមស្អប់ខ្ពើមនោះទេ។

សូមបញ្ជាក់ថា តារាចម្រៀងសំនៀងរៃកណ្ដឹង អ្នកនាង ​ម៉េង កែវពេជ្ជតា បានបង្ហាញខ្លួនយ៉ាងសស្រាកសស្រាំ កាលពីនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងសិល្បករ-សិល្បការិនីល្បីៗ ជាច្រើនរូបទៀត ខណៈដែលការសម្រេចចិត្តគាំទ្រ យ៉ាងពេញទំហឹង ទៅលើគណបក្សប្រជាជនកម្ពុជា ពីសំណាក់តារាចម្រៀង ម៉េង កេវពេជ្ជតា ក៏ដោយសារតែអ្នកនាង បានមើលឃើញពីគោលនយោបាយដ៏ល្អត្រឹមត្រូវ និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដើម្បីឲ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ និងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ៕