លោកអះអាងថា ការដំឡើងពន្ធនេះ គឺមិនមែនជារឿងនយោបាយឡើយ ប៉ុន្តែលោកធ្វើដើម្បីផលប្រយោជន៍អាមេរិក។ លោកចោទថា ចិន បានកេងចំណេញពីអាមេរិក អស់រយៈពេលជាយូរមកហើយ។
ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ បាននិយាយសំដៅទៅកាន់ប្រទេសចិនយ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ឱ្យពួកគេភ័យខ្លាចនោះទេ។ ខ្ញុំចង់ឱ្យពួកគេ ធ្វើបានយ៉ាងល្អ។ ខ្ញុំពិតជាចូលចិត្តប្រធានាធិបតី ស៊ី ជីនពីង ប៉ុន្តែវាគឺអយុត្តិធម៌ណាស់»។គួររំលឹកថា កាលពីដើមខែកក្កដានេះ អាមេរិក បានដំឡើងពន្ធ២៥% ទៅលើផលិតផលបច្ចេកវិទ្យា និងគ្រឿងយន្តរបស់ចិន ដែលមានតម្លៃ ៣៤ពាន់លានដុល្លារ។ បន្ទាប់មកនៅថ្ងៃទី១០កក្កដា អាមេរិក បានដាក់បញ្ចូលទំនិញនាំចូលរបស់ចិន ដែលមានទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារបន្ថែមទៀត ត្រូវដំឡើងពន្ធនៅត្រឹមខែកញ្ញា ២០១៨ ខាងមុខ។
វិធានការនេះ បានធ្វើឱ្យចិន មានប្រតិកម្មយ៉ាងខ្លាំងដោយបានចាត់វិធានការតបតវិញផងដែរ ហើយចោទថា គម្រោងនេះនឹងធ្វើឱ្យខូចខាតដល់ប្រ័ពន្ធអង្គការពាណិជ្ជកម្មពិភពលោក និងសកលភាវូបនីយកម្ម៕