ក្រុមចារកម្មអ៊ីនធ័រណែតចិន យកកម្ពុជាជាគោលដៅស៊ើបការណ៍ មុនការបោះឆ្នោតជាតិ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមចារកម្មអ៊ីនធ័រណែតចិន យកកម្ពុជាជាគោលដៅស៊ើបការណ៍ មុនការបោះឆ្នោតជាតិ!!!

13/07/2018
បរទេស បើតាមរបាយការណ៍របស់ក្រុមហ៊ុន FireEye ការស៊ើបការណ៍សម្ងាត់ទំនងជាធ្វើឡើងដោយក្រុមចារកម្មឈ្មោះ TEMP.Periscope របស់រដ្ឋាភិបាលចិន។ ក្រុមចារកម្មនេះ ធ្លាប់លួចស៊ើបការណ៍ពីក្រុមហ៊ុនវិស្វកម្មអាមេរិក ដែលចាប់អារម្មណ៍ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាក្រុមហ៊ុនការពារជាតិនៅប្រទេសជប៉ុនផងដែរ។
ទាក់ទងនឹងការស៊ើបការណ៍ពីកម្ពុជា ក្រុមហ៊ុន FireEye ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកបញ្ជាក់ថា ក្រុមចារកម្មអ៊ីនធ័រណែតចិន បានដាក់គោលដៅវាយប្រហារមុខព្រួញសំខាន់ៗដូចជា មន្ដ្រីគណបក្សប្រឆាំង មន្ដ្រីទូត ប្រព័ន្ធផ្សព្វផ្សាយ និងជាពិសេសគឺក្រសួងស្ថាប័នរបស់រដ្ឋាភិបាល។ ក្រសួងស្ថាប័នរដ្ឋាភិបាលដែលទំនងជារងការវាយប្រហារពីក្រុមចារកម្មចិនមានជាអាថិ៍៖ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ច ព្រឹទ្ធសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។ បើតាម ក្រុមហ៊ុន FireEye ការវាយប្រហារតាមអ៊ីនធ័រណែតនេះ ទំនងជាធ្វើឡើងដើម្បីយកព័ត៌មានសំខាន់ៗមួយចំនួន មុនពេលដែលកម្ពុជារៀបចំការបោះឆ្នោតជាតិអាណត្តិទី៦ នៅថ្ងៃទី២៩ខែកក្កដាខាងមុខ។

លោក Ben Read អ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន FireEye បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា ការស៊ើបការណ៍របស់ចារកម្មចិននេះ នឹងផ្ដល់ទៅឲ្យរដ្ឋាភិបាលចិននូវចក្ខុវិស័យដ៏ទូលំទូលាយចំពោះប្រតិបត្តិការណ៍របស់រដ្ឋាភិបាលនិងការបោះឆ្នោតជាតិនៅកម្ពុជា។ និងថា នេះមិនមែនជាលើកទីមួយទេ។ កាលពីឆ្នាំ២០១៥ ក្រុមចារកម្មនេះ ក៏ធ្លាប់លួចស៊ើបការណ៍គណបក្សប្រឆាំងនៅតៃវ៉ាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្មីដែរ។

ទាក់ទងនឹងការលួចស៊ើបការណ៍ពីសំណាក់ក្រុមចារកម្មចិននេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានអះអាងប្រាប់អ្នកសារព័ត៌មាននាថ្ងៃពុធ ទី១១កក្កដានេះថា មន្ដ្រីជំនាញរបស់ គជប កំពុងតែស៊ើបអង្កេតករណីនេះ។ ចំពោះលទ្ធផលនៃការស៊ើបអង្កេតយ៉ាងណានោះ គជប នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។