ទីបំផុតការប្រកួតដណ្តើមពានរង្វាន់ពិភពលោក (World Cup) ២០១៨ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ។ សម្រាប់១គូប្រកួតដំបូងនេះ គឺជាការប៉ះគ្នារវាងក្រុមជើងខ្លាំងបារាំង និងបែលហ្ស៊ិក នាវេលាម៉ោង១រំលងអធ្រាត្រ នៅពហុកីឡដ្ឋានSaint-Petersburg ។
ចំពោះសមាសភាពក្រុមបារាំង លោកអ្នកច្បាស់ជាបានដឹងខ្លះៗមកហើយនូវសមត្ថភាពដ៏ខ្លាំងក្លារបស់ពួកគេ ។ ក្រុមដែលមានរហស្សនាម “មាន់គក” មួយនេះ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យចាប់តាំងពីវគ្គចែកពូលមក ហើយមកទល់ពេលនេះ ពួកគេមិនទាន់បរាជ័យម្តងឡើយ ដោយស្មើតែម្តងប៉ុណ្ណោះ និងឈ្នះ៤ដង ។
បារាំងធ្លាប់បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ៥លើកមកហើយក្នុងចំណោមការបង្ហាញខ្លួននៅ World Cup ១៤ដង ហើយអាចឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ២ដង ប៉ុន្តែឈ្នះពានជើងឯកតែ១លើកគត់កាលពីឆ្នាំ១៩៩៨ ។
ស្ថានភាពកូនក្រុមនាពេលបច្ចុប្បន្ន បារាំងសំបូរទៅដោយកីឡាករថ្មីៗ ប៉ុន្តែពួកគេមានសមត្ថភាព
ស្មើជើងគ្នាល្អណាស់ មិនថាខ្សែការពារ បម្រើ ឬប្រយុទ្ធនោះទេ ។ ម្យ៉ាងទៀត ជំនួបយប់នេះ ក៏ពុំមានកីឡាករសំខាន់ណាខកខាននោះដែរ ។
រីឯស្ថានភាពគូប្រជែងពានរង្វាន់ដែលមកពីទ្វីបអឺរ៉ុបជាមួយគ្នានេះ ក៏មិនធម្មតាប៉ុន្មានដែរ ពោលគឺចាប់តាំងពីវគ្គចែកពូលមក បែលហ្ស៊ិកឈ្នះរហូត ធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងពីភាពរីកចម្រើនរបស់ពួកគេ ។ ជាក់ស្តែងណាស់ ប្រេស៊ីលដែលជាក្រុមមានរនាំងការពាររឹងមាំបំផុត ក៏ត្រូវបែលហ្ស៊ិកទម្លាក់បានផងដែរកាលពីវគ្គ៨ក្រុមកន្លងទៅ ។
ចំពោះប្រវត្តិប្រឡូកក្នុងព្រឹត្តិការណ៍ World Cup វិញ ក្រុមដែលមានរហស្សនាមថា “បិសាចក្រហម” មួយនេះ ធ្លាប់ចូលលេងបានចំនួន១២ដងមកហើយ ប៉ុន្តែមានវាសនាឡើងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តងប៉ុណ្តោះកាលពីឆ្នាំ១៩៨៦ ។ វត្តមានរដូវកាលថ្មីនេះ គេសង្កេតឃើញថា បែលហ្ស៊ិកហាក់ពុះកញ្ជ្រោលស្រេកឃ្លានជ័យជម្នះខ្លាំងជាងក្រុមដទៃ ទន្ទឹមនឹងឆន្ទៈ និងស្មារតីកូនក្រុមនីមួយៗមោះមុតផងនោះ ពួកគេជឿជាក់ថា នឹងអាចសាងប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីរុស្ស៊ីជាមិនខាន ។
ក្រុមខ្លាំងទាំងពីរខាងលើ ធ្លាប់ប៉ះគ្នានៅ World Cup ២លើកមកហើយ ដែលក្រុមបារាំងឈ្នះទាំង២លើកនៅពីឆ្នាំ១៩៣៨ជុំទី១ និងឆ្នាំ១៩៨៦ វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ខណៈប៉ះគ្នា៤លើកផ្សេងទៀតក្នុងវគ្គជម្រុះបឋមទ្វីបអឺរ៉ុប បារាំងឈ្នះ២ ចាញ់១ និងស្មើ១ ។
ទោះបីយ៉ាងណា នៅក្នុងជំនួបនារាត្រីនេះ គេហទំព័រទស្សន៍ទាយកីឡាបានទាយថា បែលហ្ស៊ិកមានសង្ឃឹមឡើងទៅវគ្គផ្តាច់ព្រ័ត្រច្រើនជាងគូប្រកួត បើទោះជាក្រុមទាំងពីរសុទ្ធតែអាចរកគ្រាប់បាល់បានដូចគ្នាក្ដី ៕
