ខេត្តសៀមរាប៖ បន្ទាប់ពីមានការផ្លាស់ប្តូរប្រធានមេព្រៃស្រុកស្វាយលើចាស់ ដាក់ជំនួសវិញដោយអ្នកថ្មី គេសង្កេតឃើញសកម្មភាពដឹក ជញ្ជូនឈើល្មើសច្បាប់ បានហក់ឡើងយ៉ាងខ្លាំងត្រឹមរយៈពេលជាងពីខែចុងក្រោយនេះ។
សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់តាមរថយន្តតូច,ធំ,និងគោយន្តកន្ត្រៃទាំងនេះក្នុងមួយយប់ៗមិនតិចជាង១០០គ្រឿងនោះទេ ឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ។ ក្រៅពីដឹកពេលយប់ ក៏មានរថយន្តខ្លះដឹកទាំងកណ្តាលថ្ងៃរហូតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សថែមទៀផងដែរ។ ចំណែកឯការបង្ក្រាបវិញ ប្រសិនបើរថយន្តទាំងនោះ មិនបានបើកបុកមនុស្សឬ បង្កគ្រោះថ្នាក់អ្វីមួយនោះទេ មិនមានសមត្ថកិច្ចរូបណាឆ្លើយថាបានដឹងនោះឡើយ តែបើគ្រោះថ្នាក់ហើយមានឈើនៅលើឡានទើបឃើញខាងមេព្រៃទៅទទួលយកឈើទៅរក្សាទុក។ ផ្ទុយទៅវិញ ប៉ុស្តិ៍ស្នាក់ការ និងកុងត្រូលចាំរាប់ក្បាលឡានដឹកឈើ គិតត្រឹមពីស្រុកស្វាយលើ និងស្រុកសូទ្រនិគម មានមិនតិចជាង២០កន្លែងនោះឡើយ។ ដោយសាតែស្រុកស្វាយលើ និងស្រុកសូទ្រនិគម ជាប្រភពបទល្មើសព្រៃឈើឆ្លងកាត់នោះ ក៏បានបង្ខំចិត្តអ្នកកាសែតមួយចំនួនតូច យកឡានទៅចតចាំប្រដេញស្ទាក់ឡានដឹកឈើ រហូតបង្កគ្រោះថ្នាក់ចរាចណ៍ទៀតផង។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជារៀងរាល់យប់មានគោយន្តកន្ត្រៃជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីភូមិត្រពាំងស្វាយ ឆ្លងកាត់ស្រុកស្វាយលើ មកលក់ឲ្យឈ្មួញកណ្តាល ដើម្បីដឹកបន្តតាមឡាន មកកាន់ដេប៉ូក្នុងក្រុងសៀមរាប។ការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញខាងលើគឺមិនមានសមត្ថកិច្ចណាទៅចាប់ចងអ្វីនោះទេ ពីព្រោះពួកគេបានរត់ការផ្លូវ ជាមុនរួចអស់ហើយ ពិសេសសង្កាត់មេព្រៃស្រុកស្វាយលើតែម្តង។ មិនចឹងទេ ទោះដឹកតាមយន្តហោះ ក៏មិនរួចពីកណ្តាប់ដែពួកគេដែរ។ ប្រភពបន្តថា កាលប្រ ធានមេព្រៃស្រុកស្វាយលើចាស់ឈ្មោះយ៉ាន់ ស៊ីវ៉ាត់ នៅឈរជើង ទោះពេលខ្លះគេបើកភ្លើខៀវអោយ ក៏ពេលខ្លះគេបង្ក្រាបម្តងម្កាលដែរ។ចំណែកលោកប្រធានថ្មីឈ្មោះម៉ែន វុទ្ធី ហៅ (ឡយ)ឡើងមកកាន់តំណែង នេះ រយៈពេលជាង២ខែ ភ្លើងខៀវរហូតទាំងយប់ទាំងថ្ងៃ។ សូមបញ្ជាក់ថា កាលពីជាងកន្លះខែមុនប៉ូលិសចាប់ឡានធុនធំដែលដឹកឈើចេញពីស្រុកស្វាយលើទាំងកណ្តាលព្រឹក។ ក្នុងគ្រានោះមេប៉ូលិសលើក ឡើងថា ប៉ុស្តិ៍២០ទៅ៣០កន្លែងតាមដងផ្លូវ ម្តេចគ្មានអ្នកណាឃើញ។ លុះល្ងាចថ្ងៃទី៤ ខែមិថុនានេះ ឡានដឹកឈើ ម៉ាកធុនត្រា បុកមនុស្សស្លាប់ក្នុងទឹកដីស្រុកសូទ្រនិគមទៀត សុទ្ធតែអត់មានអ្នកណាដឹងថា ជាឡានដឹកឈើ។
ក្នុងករណីខាងលើនេះលោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានថ្លែងថា ឈើដែលឡានធុនត្រាបុកមនុស្សស្លាប់ដឹកនោះកំពុងរងចាំការប្រគល់អោយពីខាងប៉ូលិសដើម្បីយករក្សាទុកក្នុងសង្កាត់ដំដែក។ ចំណែកថាបទល្មើសព្រៃឈើឆ្លងកាត់ ស្រុកស្វាយលើគ្មានអ្នកបង្ក្រាបនោះ ទាល់តែប្រធានសង្កាត់នៅទីនោះទើបដឹង។
លោកម៉ែន វុទ្ធី ប្រធានសង្កាត់មេព្រៃស្រុកស្វាយលើដែលទើបឡើងកាន់ដំណែងថ្មីៗ បានប្រាប់ថា ឡានធុនត្រា ដែលបុកមនុស្សស្លាប់ គឺដឹកឈើចេញពីខេត្តព្រះវិហារ។ នៅពេលសួរថា រយៈពេលជាង២ខែនេះ ការដឹកជញ្ជូនឈើឆ្លង កាត់ស្រុកស្វាយលើ មានអាត្រាខ្ពស់ ខុសពីសប្តិមួយដង ហើយមិនដែលឃើញបង្ក្រាប លោកឆ្លើយថា ជាប់ប្រជុំ។ ចំណុចនេះ ក៏មានការលើកឡើងថា តំណែងពីមន្ត្រី ហក់ឡើងជាប្រធាន តម្លៃអាចខ្ពស់គួសមដែរហើយ។ ចឹងទេ ចាំបាច់ត្រូវកើបយកមកវិញ បណ្តើរៗទើបបាន ។

ទំព័រដើម ›