សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យជនរួមជាតិទាំងអស់ រួមដំណើរជាមួយសម្តេច ដើម្បីរក្សានូវសុខសន្តិភាព ធានានូវការអភិវឌ្ឍទៅមុខទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យជនរួមជាតិទាំងអស់ រួមដំណើរជាមួយសម្តេច ដើម្បីរក្សានូវសុខសន្តិភាព ធានានូវការអភិវឌ្ឍទៅមុខទៀត

04/06/2018
(ភ្នំពេញ)៖ ជាមួយនឹងការអបអរសាទរដល់ ព្រឹត្តិការណ៍កីឡាជាតិដ៏ធំសម្បើមជាលើកទី២ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានស្នើដល់ជនរួមជាតិទាំងអស់ ឲ្យបន្តរួមដំណើរជាមួយសម្តេច ដើម្បីការពារនូវសន្តិភាព ធានានូវការអភិវឌ្ឍសម្រាប់ការលូតលាស់ នៃជាតិកម្ពុជារបស់យើងតទៅទៀត។
ការអំពាវនាវបែបនេះរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១១ថ្ងៃ។

ស​ម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានតែសន្តិភាពមួយគត់ ដែលផ្តល់ឱកាសឱ្យយើងធ្វើអ្វី តាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ខ្ញុំសូមឱ្យបងប្អូនជនរួមជាតិកម្ពុជា រួមដំណើរជាមួយខ្ញុំ ដើម្បីការពារនូវសន្តិភាព ធានានូវការអភិវឌ្ឍសម្រាប់ការលូតលាស់ នៃជាតិកម្ពុជារបស់យើង តទៅទៀត»។

សម្តេចបានបន្តថា សូមប្រជាពលរដ្ឋខ្មែរក្រឡេកមើលទៅអតីតកាលរបស់កម្ពុជា ដែលមានសង្រ្គាមស៊ីវិល និងមើលទៅប្រទេសមួយចំនួនទៀតនៅមជ្ឈឹមបូព៌ានាពេលបច្ចុប្បន្ននេះ។ កាលពីអតីតកាល ពហុកីឡាដ្ឋានជាតិអូរឡាំពិក ដែលកសាងដោយព្រះមហាវីរក្សត្រ បានក្លាយទៅជាកន្លែងសម្រាប់ចតឧទ្ធម្ភាគចក្រ និងជាទីតាំងបម្រើឱ្យយោធា មិនមានការហូរសប្បាយដូចពេលនេះឡើយ។ ដោយឡែក នៅប្រទេសអាហ្គានីស្ថាន និងប្រទេសមួយចំនួនទៀតនៅមជ្ឈឹមបូព៌ា ក៏មិនមានឱកាសក្នុងការបង្កើតកម្មវិធីកីឡាផងដែរ។ ប្រទេសអាហ្គានីស្ថាន ក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែខ្ចីប្រទេសដទៃ ដើម្បីរៀបចំការប្រកួតកីឡាទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា បើគ្មានសុខសន្តិភាព ក៏វិស័យកីឡាកម្ពុជា មិនអាចរីកចម្រើនជាបន្តបន្ទាប់ដូចពេលនេះដែរ៕