មហា​យក្ស​ឥណ្ឌាបញ្ជាក់ច្បាស់ៗ៖ «យើង​គោរពតាមតែទណ្ឌកម្ម​ចេញពី UN ប៉ុណ្ណោះ, មិនមែន​ចេញពីអាមេរិក​ឡើយ...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហា​យក្ស​ឥណ្ឌាបញ្ជាក់ច្បាស់ៗ៖ «យើង​គោរពតាមតែទណ្ឌកម្ម​ចេញពី UN ប៉ុណ្ណោះ, មិនមែន​ចេញពីអាមេរិក​ឡើយ...»

29/05/2018
(ញូដេលី)៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​អះអាងថា ខ្លួននឹងអនុវត្តន៍តាមតែការដាក់ទណ្ឌកម្ម​អនុម័តដោយអង្គការ​សហប្រជាជាតិ (UN) ប៉ុណ្ណោះ ប៉ុន្តៃ​មិនធ្វើ​តាមឡើយ​ចំពោះការ​ដាក់ទណ្ឌកម្ម​ ស្នើឡើងដោយ​បណ្ដាប្រទេស​ដទៃ ដូចជាសហរដ្ឋអាមេរិក​ក្នុងចេតនា​ប្រឆាំងនឹង​អ៊ីរ៉ង់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមខែឧសភា បានប្រកាស​ដកសហរដ្ឋអាមេរិក​ ចេញពីកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥ ព្រមទាំង​​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងតេហេរ៉ង់​សាជាថ្មីទៀតផង។ តែទោះ​បីជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការ​បរទេសឥណ្ឌា លោក​ស្រី ស៊ូសម៉ា ស្វារ៉ាច (Sushma Swaraj) បាននិយាយ​នៅក្នុងសន្និសីទ​សារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ​ថា គោលជំហររបស់ ទីក្រុងញូដេលី​គឺឯករាជ្យ​ពីបណ្ដាប្រទេស​ដទៃ។ «ឥណ្ឌា អនុវត្តន៍​តាមតែការដាក់ទណ្ឌកម្ម​ ដែលត្រូវបានអនុម័តដោយ​អង្គការ​សហប្រជាជាតិ (UN) តែប៉ុណ្ណោះ ពោលគឺ​មិនធ្វើតាមឡើយ​ទណ្ឌកម្មឯកតោភាគី​ ស្នើឡើងដោយ​ប្រទេស​ណាមួយ»។
ការលើក​ឡើងរបស់​លោកស្រី Sushma Swaraj ធ្វើឡើងនៅ​ក្រោយជំនួបជា​មួយរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) ក្នុង​ទីក្រុងញូដេលី ខណៈទីក្រុង​តេហេរ៉ង់ កំពុងស្វះស្វែង​ប្រមូលផ្ដុំការគាំទ្រ​ប្រឆាំងនឹងការដកខ្លួន​របស់សហរដ្ឋអាមេរិក​ ចេញពី​កិច្ចព្រម ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។
គួរជម្រាបថា ឥណ្ឌា និងអ៊ីរ៉ង់​មានសម្ព័ន្ធភាព​នយោបាយ និងសេដ្ឋកិច្ច​ដ៏យូរអង្វែង ហើយលើសពីនេះ​ទៅទៀត​ អ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់​ប្រេងដ៏ធំមួយឱ្យ​ទីក្រុង​ញូដេលី៕