អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន គ្មានសមត្ថភាពបង្ក្រាប ទីតាំងភ្នាល់បាល់ តាម INTERNET ២៤ម៉ោងទេ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន គ្មានសមត្ថភាពបង្ក្រាប ទីតាំងភ្នាល់បាល់ តាម INTERNET ២៤ម៉ោងទេ! ! !

07/05/2018
ភ្នំពេញ៖ ទីតាំង​ភ្នាល់​បាល់​តាម Ineternet (24h) ​ជា​ច្រើន​កន្លែងបាននិង​កំពុង​តែ​រីក​ដុះ​ដាលពេញខណ្ឌទួលគោកនិងកំពុងបើក​ដំណើរការ​យ៉ាង​រលូន​សម្រាប់​អ្នក​ប្រកប​អាជីវ​កម្ម ​និង​អ្នកញៀន​ល្បែងភ្នាល់បាល់នេះ ​ស្របពេលដែល​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោកក្រោមការដឹកនាំដោយលោក ឯក ឃុនដឿន ជា អភិបាលខណ្ឌ និង លោកហ៊ុន សុធី អធិការនគរបាលខណ្ឌ គេកម្រចុះ​បង្ក្រាបណាស់ ​សង្ស័យ​ថា​ អាជ្ញាធរត្រូវថ្នាំសណ្តំ ពីម្ចាស់ទីបនល្បែងជាទី​គាប់ចិត្ដណាស់ហើយមើលទៅ​? ចំណែកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញវិញក៏មិនហ៊ានអញ្ជើញអភិបាលខណ្ឌរូបនេះមកណែនាំចេញម្តងដែរ សង្ស័យតែក្លាចអំណាចឪពុកចៅហ្វាយខណ្ឌរូបនេះ ទេដឹង? បើអភិបាលផ្សេងទៀត បណ្តែតបណ្តោយបែបនេះវិញ ត្រៀមខ្លួនអោយហើយទៅ។

ប្រភពបញ្ជាក់យ៉ាងច្បាស់ថា ទីតាំង​ភ្នាល់​បាល់​តាម Internet នៅក្នុងទឹកដីខណ្ឌទួលគោក ទាំងនោះ មានដូច​ជា ​នៅNet 888 សំណាង កំព្យូរទ័រ កែងផ្លូវទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកAll Day Net 261 ផ្លូវទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកNet GLORYS ខាងក្រោយវិទ្យាល័យសន្ធរម៉ុកNet 5ទីតាំង នៅជុំវិញផ្សារទួលគោក និងតាម​បណ្ដា​ហ្គេមអនឡាញ ២៤​ម៉ោង ​ជា​ច្រើន​កន្លែងទៀត​។​

ប្រភព​​ពី​អ្នក​និយម​ចូល​ចិត្ដ​លេងល្បែងភ្នាល់​បាល់​តាម Internet Online ​បាន​នាំ​គ្នា​ជជែក​ខ្សឹបខ្សៀវ​តាម​ហាង​កាហ្វេ​រៀង​រាល់​ព្រឹក​ថា​ រាល់​ថ្ងៃនេះ ​ពួក​គាត់​តែងតែ​ចាក់​បាល់​ជា​រៀងរាល់ថ្ងៃ​ ពិសេស​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ ​នៅ​តាម​បណ្ដា​ហាង​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ខណ្ឌ​ទួលគោក ព្រោះ​នៅ​ទីនោះ ​គឺជា​ទីតាំង​ល្អ​មាន​សុវត្ថិភាព​ពុំ​ខ្លាច​សមត្ថកិច្ច​ណា​មក​ចាប់​នោះ​ទេ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​អ៊ី​ន​ធើ​ណេ​ត​ខាងលើ​នេះ​ ឃើញ​ថា ​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​សង្កាត់​ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ​ដែល​ដាក់​ឱ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​យកចិត្ដ​ទុក​ដាក់​បង្ការ​ និង​បង្ក្រាប​​ តែពេល​នេះ​ ស្រាប់តែ​ទីតាំង​ទាំងនេះ​ រីក​ដុះ​ដូច​ផ្សិត​ទៅ​វិញ​ តើគោលនយោបាយ​ភូមិ​-​សង្កាត់​ មាន​សុវត្ថិភាព​របស់​អាជ្ញាធរ​ខណ្ឌ​ទួល គោក ស្ថិត​នៅឯណា​?

ទាក់ទិន​នឹង​ល្បែងភ្នាល់​បាល់​ខាងលើ​ មន្ដ្រី​នគរបាល​ខណ្ឌទួលគោក​ មួយចំនួន​បាន​លើក​ឡើង​ថា​ គឺ​ពិបាក​នឹង​បង្ក្រាប​ណាស់​ ព្រោះ​ទីតាំង​ទាំងនោះ ​គេ​អះអាង​ថា​ មានច្បាប់​អនុញ្ញាត​ពីសា​លា​ខណ្ឌ​ និង​ម្យ៉ាងទៀត​ទីតាំងនីមួយៗ​ គឺ​សុទ្ធតែ​មាន​ខ្នងបង្អែក​អ្នកធំ​មាន​អំណាច​នៅ​ពី​​ក្រោយ​ ដូច្នេះហើយ​ពួក​គាត់​ជាម​ន្ដ្រី​តូច​តាច​មិន​ហ៊ាន​ទៅ​ក្បែរ​នោះ​ទេ​ ព្រោះ​ខ្លាច​ធ្លាក់បុណ្យ​ស័ក្ដិ​ពី​ស្មារ​ ។

គួរបញ្ជាក់ថា នាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង បានដាក់ចេញបទបញ្ជាមក គេឃើញអាជ្ញាធរគណៈបញ្ជា ការឯកភាពមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានចេញយុទ្ធនាការបង្ក្រាប់ល្បែងស៊ីសង ភ្នាល់បាល់តាម Internet ២៤ម៉ោង លើ ២៤ម៉ោង រួមទាំងកន្ទុយលេខ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ រួមនិងវត្ថុតាងមួយចំនួនបញ្ជួនទៅតុលាការ ។

តែគណៈបញ្ជាការឯកភាពខណ្ឌទួលគោក វិញហាក់ដូចជាត្រជាក់ល្ហឹមនៅមិនទាន់មានវិធានការបង្ក្រាបទីតាំង (Net24h) ទាំងនោះ នៅឡើយទេ ។ ទង្វើទាំងនេះហើយបញ្ជាក់ឲ្យឃើញថា អាជ្ញាធរខណ្ឌទួលគោក ហាក់ផ្គើនទៅ នឹងបទបញ្ជារបស់សម្តេចក្រឡាហោម អញ្ចឹង ។

មជ្ឈដ្ឋានទូទៅរង់ចាំមើលថា តើនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ហ៊ានបង្ក្រាបទីតាំងល្បែងខុសច្បាប់នៅក្នុងទឹកដីខណ្ឌទួលគោក ដែរឬទេ? ព្រោះសូម្បីអាជ្ញាធរមូលដ្ឋាន (ទាំងអភិបាលខណ្ឌ និងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្ក្រាបផងនោះ) ។