ទីភ្នាក់ងារត្រួត​ពិនិត្យ​​នុយក្លេអ៊ែរ UN អះអាងថា «គ្មានភស្តុតាងបញ្ជាក់ពីសកម្មភាពអ៊ីរ៉ង់ ដែលលួចផលិត​អាវុធ​នុយក្លេអ៊ែរ​​នោះឡើយ...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីភ្នាក់ងារត្រួត​ពិនិត្យ​​នុយក្លេអ៊ែរ UN អះអាងថា «គ្មានភស្តុតាងបញ្ជាក់ពីសកម្មភាពអ៊ីរ៉ង់ ដែលលួចផលិត​អាវុធ​នុយក្លេអ៊ែរ​​នោះឡើយ...»

02/05/2018
(អូទ្រីស)៖ ទីភ្នាក់ងារ​ឃ្លាំងមើល​ថាមពលអាតូមិចអន្តរជាតិ ​របស់អង្គការ​សហប្រជាជាតិ IAEA បានចេញ​មុខ​ធ្វើការគូសបញ្ជាក់​​ម្តងទៀត​ថា ពុំ​មាន​ភស្តុតាងអាចឲ្យ​ទុកចិត្ត​បាន​ណាមួយ ត្រូវ​បានរកឃើញ​ក្នុងប្រទេស​អ៊ីរ៉ង់ ដែលបង្ហាញ​ពីការលួចលាក់អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរនោះឡើយ បន្ទាប់ពី​​ឆ្នាំ​២០០៩។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់​​ទីភ្នាក់ងារ IAEA ត្រូវបាន​ធ្វើឡើង ក្រោយពី​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញ​​ឯកសារមួយ​ចំនួន ដែលលោក​អះអាងថា ​ត្រូវបានប្រមែប្រមូល​​យកមកដោយ​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល ពី​កម្រង​​ឯក​សារ​​សម្ងាត់​​​ស្តី​ពី​ការ​លួចលាក់​អភិវឌ្ឍន៍អាវុធ​នុយក្លេអ៊ែររបស់​អ៊ីរ៉ង់ ហើយ​លោក Netanyahu បានលើកឡើង​ថា ឯកសារទាំងនោះ​អាច​បញ្ជាក់​យ៉ាងច្បាស់ថា រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ បានធ្វើការ​អភិវឌ្ឍដោយសម្ងាត់​ នូវអាវុធ​នុយក្លេអ៊ែរ។
គួរជម្រាបថា ទាក់ទិន​នឹងរឿងនេះ រដ្ឋមន្រ្តីការ​បរទេសអ៊ីរ៉ង់​បានច្រានចោល​ការចោទប្រកាន់​របស់លោក Netanyahu ហើយអ៊ីរ៉ង់បានតបវិញថា វាមានគោលដៅ​ដើម្បី​ជះឥទ្ធិពល​ទៅលើការសម្រេច​ចិត្តរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវធ្វើ​ឡើង​នាពេល​ខាងមុខ ជុំវិញ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​ឆ្នាំ២០១៥។
​សម្រាប់កិច្ច​ព្រមព្រៀង​​ខាងលើ ដែលត្រូវបានចុះហត្ថលេខា​រវាងអ៊ីរ៉ង់ និងមហាអំណាច​ពិភពលោកចំនួន ០៦ រួមមាន​សហរដ្ឋអាមេរិក ចក្រ​ភព​អង់គ្លេស រុស្ស៊ី​ ចិន បារាំង និងអាល្លឺម៉ង់ គឺមាន​ទីភ្នាក់ងារ IAEA ជាអ្នកតាមដាន​ និងឃ្លាំមើលយ៉ាងដិតដល់៕