ក្រោយ iPhone ចេញលក់មួយរយៈ មានការជជែកច្រើនពី iPhone បន្ទាប់ទាំងលក្ខណៈសម្បត្តិ និងរូបរាង។
ប្រើអេក្រង់ប្រភេទ OLED ដដែល
iPhone បន្ទាប់ យ៉ាងហោចណាស់ពីរម៉ូដែល នឹងបំពាក់អេក្រង់ OLED ដដែល។ កាលឆ្នាំ ២០១៧ ក្រុមហ៊ុន Apple បានបញ្ជាទិញអេក្រង់ទំហំ ៥.២, ៥.៨ និង ៦.៥ អ៊ីង តែរបាយការណ៍ចុងក្រោយកាលពីខែកញ្ញា ឆ្នាំ ២០១៧ ឲ្យដឹងថា Apple បានលុបចោលការបញ្ជាទិញសម្រាប់ទំហំអេក្រង់ ៥.២ អ៊ីង ដោយសារទីផ្សារមិនអំណោយផល។
ក្រុមហ៊ុន Samsung មានគម្រោងផលិតអេក្រង់ ២៥ លានគ្រឿង សម្រាប់ iPhone X និង ៧៥ លានគ្រឿងសម្រាប់ម៉ូដែល iPhone ឆ្នាំ ២០១៨ តែ Apple បានស្នើបញ្ចុះតម្លៃ ដោយបានចំណាយរួចទៅហើយ ១១០ ដុល្លារ ចំពោះអេក្រង់ OLED សម្រាប់ iPhone X ហើយរំពឹងចំណាយត្រឹម ១០០ ដុល្លារនៅឆ្នាំនេះ។
Samsung Display កំពុងពិចារណាក្នុងការបញ្ចុះតម្លៃ ដោយសារការធ្លាក់ចុះកម្រិតសមត្ថភាពប្រើប្រាស់ (Capacity utilization rate) ហើយចាប់ផ្ដើមរៀបចំជាមួយដៃគូក្នុងការផលិតអេក្រង់ iPhone ប្រភេទ OLED ថ្មីក្នុងខែឧសភា។
យ៉ាងណាមិញ Samsung អាចជាអ្នកផ្គត់ផ្គង់អេក្រង់ OLED តែមួយគត់របស់ Apple ខណៈការផលិតអេក្រង់ OLED របស់ LG មានបញ្ហា ហើយតម្លៃក៏អាចប្រែប្រួលតាមនោះដែរ។
Apple ក៏បានបញ្ជាទិញអេក្រង់ពី Japan Display សម្រាប់ម៉ូដែល Plus ទំហំ ៦ អ៊ីង។ Japan Display បង្កើតអេក្រង់ប្រភេទ Full Active LCD តម្លៃធូរជាងអេក្រង់ OLED ហើយផ្ដល់មុខងារជាច្រើនដូចគ្នា។ iPhone បំពាក់អេក្រង់ Full Active LCD នឹងមានសភាពងងឹតជាងអេក្រង់ LCD មុន ហើយអាចប្រើពេលដៃសើមបាន។
iPhone អាចនឹងផលិត iPhone តម្លៃធូរថ្លៃទំហំ ៦.១ អ៊ីង ប្រើអេក្រង់ LCD ក្នុងឆ្នាំ ២០១៨ ដែលមាន Resolution ទាប និងមិនមាន 3D Touch តែនៅមាន Face ID។
Apple ក៏អាចចេញកំណែទម្រង់ថ្មី iPhone SE ហៅថា iPhone SE 2 ក្នុងខែឧសភា ឬខែមិថុនា ដោយពង្រឹងសមត្ថភាព Processor និង Sensor កាមេរ៉ា។
ម៉ូដែល iPhone ប្រើ LCD ទំហំ ៦.១ អ៊ីង អាចនឹងចេញក្នុងឆ្នាំនេះ តម្លៃទាបជាង iPhone X តែប្រហែលបាត់បង់មុខងារ 3D Touch ឬ កាមេរ៉ាភ្លោះ។ Apple ប្រហែលបន្ទាបតម្លៃជំនាន់ iPhone បន្ទាប់ ១០០ ដុល្លារ ដើម្បីបង្កើនការលក់ចេញ ហើយរុញ iPhone X Plus ចូលចន្លោះតម្លៃនោះវិញ។ ម៉ូដែលទាំងបី ដែលក្រុមហ៊ុននឹងចេញទំនងរចនាដូច iPhone X អ៉ីចឹង។
ការរចនា
ម៉ូដែល iPhone X នឹងប្រើសម្បកលោហៈ។ iPhone បំពាក់ LCD ទំហំ ៦.១ អ៊ីង នឹងប្រើសម្បកលោហៈ មានច្រើនពណ៌ ហើយស៊ុមជុំវិញអាចប្រើអាលុយមីញ៉ូម។ ចំណែក iPhone ទំហំ ៥.៨ និង ៦.៥ អ៊ីង ទំនងប្រើសម្បកកញ្ចក់ មានដូចលើ iPhone X បច្ចុប្បន្ន។
កាមេរ៉ា TrueDepth
កាមេរ៉ាក្រោយបំពាក់បច្ចេកវិទ្យា TrueDepth 3D ទំនងមិនមានឡើយលើ iPhone បន្ទាប់ ដោយក្រុមហ៊ុនផ្ដោតលើការចេញម៉ូដែលថ្មី ជាមួយកាមេរ៉ាមុខប្រើបច្ចេកវិទ្យា TrueDepth និងមុខងារទប់លំនឹង។ លោក Ming-Chi Kuo ជាអ្នកវិភាគមួយរូប ជឿថាកាមេរ៉ាបច្ចុប្បន្នលើ Apple ឈានមុខទូរសព្ទ Android ជាច្រើនប្រើបច្ចុប្បន្នដល់ទៅ ២ ឆ្នាំ ឯណោះ។
iPhone ទំហំ ៦.១ អ៊ីង អាចមានកាមេរ៉ាក្រោយមួយគ្រាប់ តែមិនទាន់ច្បាស់ថាប្រើ Machine learning ដើម្បីមានមុខងារដូចជា Portrait Mode ដូចដែល Google បានប្រើលើ Google Pixel 2។
ថាមពលថ្ម និងមុខងារសាកថ្មតាម Wireless
ម៉ូដែល iPhone ទាំងបី ឆ្នាំ ២០១៨ អាចបំពាក់ថ្មមានថាមពលខ្ពស់ ដោយ iPhone ទំហំ ៥.៨ និង ៦.៥ អ៊ីង ប្រើថ្មរចនារាងជាអក្សរ L ថ្មីបានប្រើក្នុង iPhone X ខណៈ iPhone អេក្រង់ LCD ទំហំ ៦.១ អ៊ីង ទំនងប្រើថ្មរាងចតុកោណ ដើម្បីបន្ធូរបន្ថយតម្លៃ។ iPhone ៥.៨ អ៊ីងមានថាមពលថ្មពី ២ ៩០០ ទៅ ៣ ០០០mAh។ iPhone ៦.៥ អ៊ីងមានថាមពលថ្មពី ៣ ៣០០ ទៅ ៣ ៤០០mAh ខណៈទំហំ ៥.៨ អ៊ីងមានថាមពលថ្ម ២ ៨០០mAh។
កាលឆ្នាំ ២០១៧ Apple បានបំពាក់មុខងារសាកថ្មតាម Wireless លើ iPhone ដែលមានលើទូរសព្ទ Android ជាយូរឆ្នាំមកហើយ។ យ៉ាងហោចណាស់ ម៉ូដែល iPhone បន្ទាប់ ២ ប្រើផ្ទៃកញ្ចក់ក្រោយអាចប្រើមុខងារនេះបាន តែ iPhone LCD ទំហំ ៦.១ អ៊ីង ប្រហែលគ្មានសំណាងជាមួយមុខងារនេះនោះទេ៕
ប្រភព៖ DigitalTrends
