ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារសំខាន់ៗជាច្រើន ពាក់ព័ន្ធការអប់រំ ការវិវឌ្ឍន៍ស្ថានការណ៍នៅលើពិភពលោក បញ្ហាអាស៊ាន ព្រមទាំងបញ្ហាបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាផងដែរ។
ខាងក្រោម ជាប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងរយៈពេលប្រមាណ ១ម៉ោងក្នុងពិធីនាព្រឹកមិញនេះ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់សាកលវិទ្យាធនធានមនុស្សកុំឲ្យបោះបង់ចោលនូវជំនាញវិជ្ជាជីវៈ ព្រោះជាជំនាញសំខាន់មួយសម្រាប់ផ្តល់ចំណេះដឹង និងការងារដល់យុវជនខ្មែរ ហើយលើកទឹកចិត្តដល់សាកលវិទ្យាល័យបន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់និស្សិតឲ្យប្រឹងប្រែងពង្រឹងសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ មិនអាចនៅនឹងថ្កល់នោះទេ ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សនេះ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ក្របខណ្ឌការងារមានការប្រកួតប្រជែងគ្នា ដូច្នេះត្រូវពង្រឹងសមត្ថភាពបន្ថែម បើមិនដូច្នោះមិនអាចរកការងារបានល្អឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថានការណ៍លើពិភពលោកនាពេលបច្ចុប្បន្នមានទាំងល្អ និងអាក្រក់ ហើយមានតែព្រឹត្តិការណ៍នៅឧបទ្វីបកូរ៉េទេ ដែលជាព្រឹត្តិការណ៍ដ៏ល្អបំផុត។ សម្តេចបន្តថា តាមរយៈស្ថានការណ៍នេះ នាំឲ្យលែងមានការព្រួយបារម្ភពីការផ្ទុះឡើងនៃសង្គ្រាមឧបទ្វីបកូរ៉េ។
* បើទោះបីជាយ៉ាងណាសម្តេចតេជោ នៅតែបង្ហាញការព្រួយបារម្ភថា តើនៅពេលមានការជួបចរចារវាងអាមេរិក និងកូរ៉េខាងជើង អាចនឹងជះឥទ្ធិពលដល់ការបង្រួបបង្រួម ឧបទ្វីបកូរ៉េដែរឬទេ? សម្តេចតេជោ បានទស្សន៍ទាយថា ជំនួបអាមេរិក និងកូរ៉េ អាមេរិកអាចនឹងមានការទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងនឹងមានការទាមទារឲ្យអាមេរិកដកកងទ័ពពីកូរ៉េខាងត្បូង។ ដូច្នេះការទាមទារនេះ អាចនឹងនាំឲ្យមានការមិនត្រូវគ្នា។ តែទោះជាយ៉ាងណាសម្តេចសាទរចំពោះការវិវឌ្ឍន៍នូវស្ថានការណ៍ដ៏ល្អប្រសើរនៅឧបទ្វីបកូរ៉េ។
* ទន្ទឹមសម្តែងការសាទរចំពោះស្ថានការណ៍នៅឧបទ្វីបកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីបារម្ភចំពោះការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា និងការផ្ទុះជម្លោះការទូតរវាងរុស្ស៊ី ជាមួយប្រទេសអង់គ្លេស និងនៅអឺរ៉ុបផង។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីបារម្ភចំពោះសង្គ្រាមពាណិជ្ជកម្មរវាងចិន ជាមួយអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត។ សម្តេចតេជោ ហ៊ុន សែន ថា ការប្រកួតប្រជែងពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចនេះ នឹងនាំផលប៉ះពាល់ដល់អ្នកប្រើប្រាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជា ជាប្រទេសតូច ក៏ត្រូវតាមដានស្ថានការណ៍វិវឌ្ឍន៍របស់ពិភពលោក។ ក្នុងន័យនេះសម្តេចស្នើថ្នាក់ដឹកនាំកម្ពុជា ត្រូវចេះតាមដានការវិវឌ្ឍន៍ស្ថានការណ៍របស់ពិភពលោក ដើម្បីបានដឹងពីការប្រែប្រួលរបស់ពិភពលោក។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ថ្ងៃទី៣០ មេសា គឺជាខួប ១៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។ សម្តេចតេជោថា ១៩ឆ្នាំនេះ កម្ពុជាបានធ្វើប្រធានអាស៊ានពីរដង (២០០២ និង២០១២) ហើយតាមរយៈធ្វើប្រធានអាស៊ាននេះ កម្ពុជាបានរួមចំណែកជាច្រើនសម្រាប់សមិទ្ធផលអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍កន្លងទៅនេះ សម្តេចបានស្នើថា បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ ត្រូវឈានទៅពិនិត្យកិច្ចចរចាពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បើចូលគឺប្រទេសអាស៊ាននៅសេសសល់៦ផ្សេងទៀត ត្រូវចូលទាំងអស់គ្នា។ បើខ្លះចូល ហើយខ្លះៗអត់ចូលអាចនាំឲ្យមានការបែកបាក់ក្នុងអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានលក្ខខណ្ឌសំខាន់ចំនួន៤ ដែលនាំឲ្យសម្តេចសម្រេចយកកម្ពុជាចូលអាស៊ានកាលពី ១៩ឆ្នាំមុន។ បើតាមសម្តេចតេជោ លក្ខខណ្ឌទាំង៤នោះរួមមាន៖ ១. គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង, ២. ស្មារតីសហគមន៍ គឺគោលការណ៍កុងសង់ស៊ីស ដែលរាល់ការសម្រេចអ្វីត្រូវការមតិរួម, ៣. ពាក់ព័ន្ធសមាហរណកម្មអាស៊ាន ដែលកម្ពុជាទទួលបានផលប្រយោជន៍បានច្រើន និងទី៤. ច្រកទ្វារចេញនៃការទូតរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមិនជំទាស់ការសម្រេចចិត្តយកកម្ពុជាចូលទៅអាស៊ាន។ សម្តេចនាយករដ្ឋមន្ត្រីថា អាស៊ានមិនមែនជារបស់សម្តេចទេ គឺរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយស្នើតាមក្រសួងនានាដាក់ទង់អាស៊ានផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២២ ដល់ពេលកម្ពុជាស្នើធ្វើជាប្រធានអាស៊ាន ហើយសម្តេចចង់ស្នើឲ្យប្រើពេលតែ៤ម៉ោង សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ ដូចប្រទេសសិង្ហបុរី។
* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅថ្ងៃនេះ គ.ជ.ប ចាប់ផ្តើមចុះឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ហើយ ការចុះឈ្មោះនេះនឹងធ្វើដល់ថ្ងៃទី១៤ ខែឧសភា។ សម្តេចនាយករដ្ឋមន្ត្រីថា តាមរយៈសកម្មភាពនេះបង្ហាញថា បក្សដែលងាប់ហើយគ្មានពេលរស់ឡើងវិញនោះឡើយ ខណៈដំណើរការបោះឆ្នោតកំពុងតែធ្វើទៅតាមនីតិវិធី។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រតិកម្មជាមួយការលើកឡើងរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ផងដែរ ចំពោះការលើកឡើងថា នឹងមានការចាប់ខ្លួនសម្តេចបើមិនពន្យារពេលបោះឆ្នោត។ សម្តេចបានបញ្ជាក់ថា បើនរណាក្បាលប៉ាន់ដែក មកចាប់សម្តេចទៅ មិនមែននាយករដ្ឋមន្ត្រីមួយរូបមានអង្គរក្ស និងអាចបញ្ជាកងទ័ពរាប់ម៉ឺននាក់ ចេះតែឲ្យគេមកចាប់ងាយៗនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការរិះគន់ការបង្កើតបក្សថ្មីរបស់លោក សម រង្ស៊ី ថា ជាទង្វើមិនបានស៊ីខ្លួនឯង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួន។
* សម្តេចតេជោ បានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានរាំងខ្ទប់ដោយបុគ្គល ឬក្រុមណាមួយនោះទេ ហើយប្រព័ន្ធប្រជាធិបតេយ្យ សិរីពហុបក្ស នៅតែបន្ត។ សម្តេចនាយករដ្ឋមន្ត្រី បានប្រតិកម្មថា តើឆ្កួតអីបានជាក្រុមបក្ស ដែលរំលាយតែងតែចោទបក្សថ្មីជាអាយ៉ងបក្សកាន់អំណាច។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បុគ្គលណាចូលរួម ឬ មិនចូលរួមក្នុងការបោះឆ្នោតជាសិទ្ធិរបស់ពួកគេ តែដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅតែដំណើរការ។ សម្តេចតេជោ បានប្រកាសការពារនូវសុវត្ថិភាពសម្រាប់ការបោះឆ្នោត ហើយក្នុងឋានៈជាបក្សប្រជាជនកម្ពុជាគោរពគ្រប់នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចកំពុងពិចារណានឹងចេញឃោសនារកសំឡេងឆ្នោតនៅកន្លែងណា?
* សម្តេចតេជោ បានបញ្ជាក់ជាចុងក្រោយថា ការបោះឆ្នោតមិនមានពន្យារនោះទេ បើចង់ពន្យារត្រូវទៅកែច្បាប់ កែរដ្ឋធម្មនុញ្ញ។ គ.ជ.ប គ្មានសិទ្ធិពន្យារការបោះឆ្នោតឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអនុស្សាវរីយ៍កម្សត់មួយចំនួនកាលពីគ្រានៅជាក្មេងវត្ត។ សម្តេចបានបញ្ជាក់ថា ព្រោះតែសម្តេចធ្លាប់ក្រ ធ្លាប់អត់ឃ្លាន ធ្លាប់លំបាក ទើបដឹងថា ភាពក្រ អត់ឃ្លាន និងលំបាកនឹងយ៉ាងម៉េច? សម្តេចបានបញ្ជាក់ថា សម្តេចតែងយល់សប្តិឃើញគ្រាលំបាក ពេលធ្វើជាក្មេងវត្ត ជាទាហាន និងពេលអត់ឃ្លានក្នុងរបបប៉ុលពត មិនធ្លាប់យល់សប្តិឃើញភាពស្រណុកស្រួលក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖០២នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨៕

![]() |
Add caption |