រថភ្លើងដឹកអ្នកដំណើរពីសិរីសោភ័ណ-បាត់ដំបង ដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នឡើងវិញនៅថ្ងៃនេះហើយ (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថភ្លើងដឹកអ្នកដំណើរពីសិរីសោភ័ណ-បាត់ដំបង ដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នឡើងវិញនៅថ្ងៃនេះហើយ (មានវីដេអូ)

29/04/2018
(បន្ទាយមានជ័យ)៖ ផ្លូវដែករបស់កម្ពុជាដែលរងការខូចខាតព្រោះតែភ្លើងសង្គ្រាម ហើយអាកខានដំណើរការជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានជួសជុលនិងដាក់ឲ្យដំណើរការឡើងវិញហើយក្នុងយុគសម័យនៃសុខសន្តិភាព។ ការដាក់ឲ្យដំណើរឡើងវិញកំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តបាត់ដំបងនាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការដាក់ឲ្យដំណើរការឡើងវិញនូវកំណាត់ផ្លូវដែកប្រវែងប្រមាណ ៦៥គីឡូម៉ែត្រនេះ ក៏មានការអញ្ជើញចូលរួមអបអរសាទរយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបងផងដែរ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវដែកចំណាយថវិកាជួសជុល និងសាងសង់ឡើងវិញជិត ៧៧លានដុល្លារអាមេរិក។ ផ្លូវដែកចាប់ពីសិរីសោភ័ណ-បាត់ដំបង មាន១០ស្ថានីយ រួមមាន៖ សិរីសោភ័ណ មង្គលបូរី ចំការចេក ភ្នំតូច ទួលសំរោង ជ្រោយស្តៅ ជណ្តើរស្វា អូរតាគី សៀម និងបាត់ដំបង ។
កំណាត់ផ្លូវដែកនេះមានផ្លូវឆ្លងកាត់សរុបចំនួន ១១៣កន្លែង ក្នុងនោះ ខេត្តបន្ទាយមានជ័យ ពីសិរីសោភ័ណ មកបាត់ដំបង មានផ្លូវដែកប្រវែង២៨ គីឡូម៉ែត្រ មានផ្លូវឆ្លងកាត់ចំនួន៥០ (៤១ ជាផ្លូវឆ្លងកាត់ផ្លូវការ និង៩ ជាផ្លូវសាងសង់ក្នុងលក្ខណៈឯកជន មិនមានទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន)។ ក្នុងទឹកដីខេត្តបាត់ដំបង មានប្រវែង ៣៧គីឡូម៉ែត្រ មានផ្លូវឆ្លងកាត់ចំនួន៦៣ (៥០ជាផ្លូវឆ្លងកាត់ផ្លូវការ និង១៣ ជាផ្លូវសាងសង់ក្នុងលក្ខណៈឯកជន)។

សូមបញ្ជាក់ថា ផ្លូវដែកដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ហើយបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២។ តែផ្លូវដែករបស់កម្ពុជា ត្រូវបានអាក់ខានប្រើប្រាស់ទៅវិញ ដោយសាររងការខូចខាតដោយអន្លើព្រោះតែភ្លើងសង្គ្រាម។ បច្ចុប្បន្នផ្លូវដែកត្រូវបានជួសជុល និងស្តារឡើងវិញ ដើម្បីបម្រើដល់ការដឹកជញ្ជូននៅកម្ពុជា។

ក្នុងនោះកំណាត់ផ្លូវដែកប៉ោយប៉ែត មកកាន់ក្រុងសិរីសោភ័ណ ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ហើយកំណាត់ផ្លូវពីខេត្តភ្ជាប់ទៅកាន់ខេត្តពោធិ៍សាត់​ រហូតដល់រាជធានីភ្នំពេញ ក៏កំពុងសាងសង់បន្តផងដែរ ជាមួយការរំពឹងអាចដាក់ឲ្យដំណើរក្នុងពេលឆាប់ៗខាងមុខ។

ការដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវដែកពីសិរីសោភ័ណ ទៅកាន់ខេត្តបាត់ដំបងនេះ គឺជាសមិទ្ធផលលើវិស័យដឹកជញ្ជូនទី៥ហើយ នៅក្នុងខែមេសា ឆ្នាំ២០១៨នេះ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាសេនាធិការនោះ បានប្រឹងប្រែងសាងសង់ និងជួសជុលសម្រាប់បម្រើជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
សមិទ្ធផលធំៗចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមការអនុវត្តន៍ដោយផ្ទាល់ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដាក់ឲ្យប្រើប្រាស់នៅដើមខែមេសានេះរួមមាន។

១. រថភ្លើងដឹកអ្នកដំណើរពីសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ព្រំដែនខ្មែរ-ថៃ៖ ខ្សែរថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងត្រឡប់ពីសិរីសោភ័ណ មកប៉ោយប៉ែត ដែលខកខានដំណើការរយៈពេលប្រមាណ ៤៥ឆ្នាំដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនោះ ត្រូវបានបើកឲ្យដំណើការជាផ្លូវការឡើងវិញហើយ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។

ផ្លូវដែកនេះមានប្រវែងសរុបជិត ៥០គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងវិញដោយចំណាយថវិកាសរុបជិត ២២លានដុល្លារអាមេរិក។ ជាមួយការដាក់ឲ្យដំណើរការជាថ្មីនេះ រថភ្លើងមួយនេះត្រូវបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល៤ខែ ដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃធ្វើដំណើរ ៣ជុំ ស្មើនឹង ៦ជើងទៅមក និងអនុញ្ញាតឲ្យផ្ទុកមនុស្សបានចំនួន១០០នាក់។

២. កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ៖ កាណូតដឹកជញ្ជូនអ្នកដំណើរលើផ្ទៃទឹកក្នុងរាជធានីភ្នំពេញនេះ មិនធ្លាប់មាននោះទេនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ កាណូតដឹកអ្នកដំណើរនេះត្រូវបានដាក់ដំណើរការបណ្តោះអាសន្ននៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨។ ជាមួយការដាក់ដំណើរការបណ្តោះអាសន្ននេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨។

កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ មានកំពង់ផែ ៦ទីតាំង និងកាណូតចំនួន ២គ្រឿង នាំចូលពីប្រទេសវៀតណាម និងក្រៅពីនោះក៏មានកាណូតចាស់ៗចំនួន ២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។ ក្នុងកាណូតនោះមានបំពាក់ម៉ាស៊ីនត្រជាក់ថែមទៀតផង។ ការដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរនេះបានរួមចំណែកសម្រួលការធ្វើដំណើរ និងបញ្ចៀសការកកស្ទះចរាចរណ៍មួយផ្នែកធំ។

៣. រថភ្លើងដឹកអ្នកដំណើរពីរាជធានីភ្នំពេញ-ចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ រថភ្លើងដឹកអ្នកដំណើរពីកណ្តាលរាជធានីភ្នំពេញចូលទៅព្រលានយន្តហោះអន្តរជាតិនេះ ដែលជាសមិទ្ធផលថ្មីមិនធ្លាប់មានលើដឹកដីកម្ពុជាដែរនោះ ត្រូវបានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ រថភ្លើងដែលមានបំពាក់ដោយម៉ាស៊ីនត្រជាក់ដែរនេះ ក៏បានដាក់ឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០១៨ផងដែរ។

រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ ខ្សែរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះនេះ រួមចំណែកជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរ។

សូមជំរាបថា ការយឺតយ៉ាវនាំចូលក្បាលម៉ាស៊ីនរថភ្លើងថ្មី ចំនួន៣គ្រឿង ដោយសារមានគ្រោះរញ្ជួយដីថ្មីៗនៅប្រទេសម៉ិចស៊ីកូ ធ្វើឲ្យមានការខូចខាតផ្នែកមួយចំនួនដូចជា បែកកញ្ជាក់ ដូច្នេះត្រូវពន្យាពេលដល់ចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំ២០១៨ ទើបមកដល់ប្រទេសកម្ពុជា។

៤. ស្ពានអាកាសស្តុបផ្សារដីហ៊ុយ៖ បើទោះបីមិនទាន់បញ្ចប់ការសាងសង់ទាំងស្រុងយ៉ាងណាក្តី តែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងនោះ ស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ។

ស្ពានអាកាសផ្សារដីហ៊ុយ ក៏ជាសមិទ្ធផលធំមួយទៀតក្នុងរាជធានីភ្នំពេញសម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលតែងតែកកស្ទះចរាចរណ៍នៅស្តុបមួយនេះ។ ស្ពាននេះត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០១៦ មានប្រវែងប្រមាណ ៦១០ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ចែកចេញជា៤គន្លង ដោយចំណាយថវិកាសាងសង់ប្រមាណ ១៦លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលទទួលភារកិច្ចលើការងារទាំងនេះ បានថ្លែងថា សមិទ្ធផលធំៗទាំង៤ គឺជាមោទនភាពមួយសម្រាប់រូបលោក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងសម្រេចតាមការគ្រោងទុកជូនសម្តេចតេជោ ហ៊ុន សែន និងផ្តល់ជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ៕



ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន