សម្តេចក្រឡាហោម ស ខេង ប្រាប់អភិបាលខេត្តប៉ៃលិនថ្មី ឲ្យខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្នាក់​ដល់ពលរដ្ឋ និង​ជំរុញ​ការ​ផ្ដល់​សេវា​សាធារណឲ្យ​កាន់តែ​ជិត​ពលរដ្ឋ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចក្រឡាហោម ស ខេង ប្រាប់អភិបាលខេត្តប៉ៃលិនថ្មី ឲ្យខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ថ្នាក់​ដល់ពលរដ្ឋ និង​ជំរុញ​ការ​ផ្ដល់​សេវា​សាធារណឲ្យ​កាន់តែ​ជិត​ពលរដ្ឋ

27/04/2018
(ប៉ៃលិន)៖​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តប៉ៃលិនថ្មី ដោយលោក ផាន់ ចាន់ធុល អភិបាលរងខេត្តឡើងជំនួសលោក កើត សុធា ត្រូវចូល​និវត្តន៍ ហើយតែងតាំងជា​​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​​​​។
នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម បានណែនាំដល់អភិបាលខេត្តថ្មី ត្រូវខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ជំរុញ​ការ​ផ្ដល់​សេវា​សាធារណៈ សេវា​សង្គមឲ្យ​កាន់តែ​ជិត​នឹង​ប្រជាពលរដ្ឋ ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​សុខមាលភាព ​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​យកចិត្តទុកដាក់​រៀប​ចំកសាង និង​អភិវឌ្ឍន៍​លើ​វិស័យ​នានា​ក្នុង​ខេត្ត។
សម្ដេច​ក្រឡាហោម ​ស ខេង ក៏បានបញ្ជាក់ផងដែរថា «ការ​ផ្លាស់ប្ដូរ ឬ​តែងតាំង សម្រួល​ភារកិច្ច​ គឺជារឿង​ធម្មតា​សម្រាប់​ក្រប​ខ័ណ្ឌ​មន្ត្រីរាជការ របស់​រាជរដ្ឋាភិបាល ​ដូចដែល​ការតែងតាំង អភិបាលខេត្ត»។ សម្ដេច​ក្រឡាហោម​ បាន​បន្ត​ថា ចំពោះ​គុណបំណាច់​ក្នុង​ការកសាង​ស្នាដៃ​នានា ​បើ​ទោះ​បីជា​បាន​ផ្លាស់ប្ដូរ​ទៅ​កាន់​មុខងារ​ថ្មី ក៏​នៅតែ​ចាត់​ទុក​ថា ​បាន​ជួយ​កសាង ​និង​អភិវឌ្ឍន៍​ក្នុង​ខេត្ត​ដែល​នាំឲ្យ​រាស្ត្រ​ពេញចិត្ត​ និង​ទទួលយកផងដែរ។

សម្តេច​ក្រឡាហោម​ បាន​សង្កត់​ធ្ងន់​ថា ការតែងតាំង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ​ត្រូវ​បាន​មើល​ទាំង​អាកប្បកិរិយា ចរិត​ឫក្សពារ​ ឲ្យ​សម​តាម​ឆន្ទៈ​សមូហភាព​មូលដ្ឋាន​ជា​ចម្បង ហើយ​បើ​គ្មាន​ចំណុច​ខាង​លើ​នេះ​ទេ​ ការដឹកនាំ​មិន​អាច​ទៅ​រួច​ឡើយ។ សម្តេច​ជឿជាក់​ថា អភិបាលខេត្ត​ដែល​ត្រូវ​ឡើង​កាន់​តំណែង​បន្តវេណ​ពិតជា​អាច​ដឹកនាំ​ខេត្ត​ប៉ៃលិន​បាន​ និង​ប្រកបដោយ​ភាព​រីកចម្រើន អភិវឌ្ឍន៍​ដូច​ការ​ប្ដេជ្ញា​ចិត្ត​។

សម្តេច ស ខេង ​ក៏​បាន​ផ្តាំផ្ញើ លោក​អភិបាលខេត្ត​ថ្មី ត្រូវ​ខិតខំ​បន្ត​ថែរក្សា​ការពារ ពង្រឹង​សុខសន្តិភាព អធិបតេយ្យភាព ស្ថេរភាព​នយោបាយ​ឲ្យបាន​ល្អ ហើយ​ខិតខំ​បន្ត​កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួនឲ្យ​កាន់តែ​រីកចំរើន​បន្ថែម​ទៀត​ និង​ត្រូវ​ពង្រឹង​ដល់​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​នូវ​ការទទួល​ខុសត្រូវ ការគោរពវិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​សក្តិសម​ជា​មន្ត្រី​ដែលជា​អ្នក​បម្រើ​រាស្ត្រ​ពិតប្រាកដ​។​ ពិសេស​ការរៀបចំ​កែ​លម្អ​សោភ័ណភាព​ទីក្រុង និងទីប្រជុំជន​ ក្នុង​ការចូលរួម​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ ធានា​បាន​នូវ​បរិស្ថាន​ល្អ ​ប្រកបដោយ​សក្ដានុពល ​សេដ្ឋកិច្ច​សង្គម​ លើក​កម្ពស់​គុណភាព​ជីវភាព​រស់នៅ​ប្រកបដោយ​វិបុលភាព ផាសុកភាព សុខមាលភាព ជូន​ប្រជាជន​ទូទាំង​ខេត្ត និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ ភូមិ-​ឃុំ​ មាន​សុវត្ថិភាព​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បន្ត​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម រក្សា​ស្ថិរភាព​នយោបាយ និង​ភាព​សុខដុម​នីយកម្ម​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត។

​បន្ថែម​ពី​នោះដែរ សម្តេច​ក្រឡាហោម ​ក៏​បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ត្រូវខិតខំ​ចូលរួម​ថែរក្សាការពារ​សណ្តាប់ធ្នាប់ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​កក្កដា​ខាងមុខនេះ ឲ្យ​ដំណើរការ​ប្រកបដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មាន​តម្លាភាព។

លោក ​​ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនថ្មី បាន​ធ្វើការ​ប្ដេជ្ញា​ចិត្តថា ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​ នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចុះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ប្ដេជ្ញា​គោរព​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​​ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​កម្ពុជា។

លោក​អភិបាល​បាន​បញ្ជាក់​ជំហរ​ថា ពង្រឹង​ថែរក្សា​ស្មារតី​សាមគ្គីឯកភាព​ផ្ទៃក្នុង​ ជួរ​គណៈ​អភិបាល បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ក្រុម​ប្រឹក្សា រួម​ទាំង​ក្រសួង ​ស្ថាប័ន ​អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍ ​ដើម្បី​ធានា​ឲ្យ​រដ្ឋបាល​ខេត្ត​អនុវត្តមាន​ភាព​រលូន ​ពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ​ការ​គ្រប់គ្រង​ស្ថិតិ​ជនអន្តោប្រវេសន៍ ដែល​មក​ស្នាក់នៅ​ដោយ​ខុសច្បាប់ ជាពិសេស​ជំរុញ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ជូន​ប្រជាពលរដ្ឋផងដែរ៕