(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីអត្តសញ្ញាណកម្ម ចុះទៅធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ អត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋរស់នៅភូមិឱម៉ាល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក គួច ចំរើន បានថ្លែងប្រាប់បណ្តាញព័ត៌មាន VOB News ឱ្យដឹងថា កន្លងមកដោយសារប្រជាពលរដ្ឋរស់នៅក្នុងភូមិឱម៉ាល ឃុំបាធាយខាងលើនេះ ជាតំបន់ដាច់ស្រយាល ជាពិសេសពិបាក ក្នុងការធ្វើដំណើរនៅក្នុងរដូវវស្សា ដោយបានមកទាក់ជាមួយរដ្ឋបាលភូមិ-ឃុំ ឱ្យជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ក្នុងការធ្វើលិខិតសម្គាល់ខ្លួន។ ដូច្នេះ ហើយក្នុងឱកាសនេះលោកបានដឹកនាំក្រុម ការងារចុះមកធ្វើដល់ទីកន្លែងដើម្បីកាត់បន្ថយការលំបាក លើការចំណាយប្រាក់កាក់ និងពេលវេលាផងដែរ។
លោក គួច ចំរើន បានបន្តថា មិនតែប៉ុណ្ណោះក្រុមការងារ នឹងចុះធ្វើលិខិតស្នាមនានាដែលនៅខ្វះឱ្យពួកគាត់ឱ្យបានគ្រប់ៗគ្នា នៅក្នុងឃុំបាធាយនេះ។ ជាមួយគ្នានេះ លោកនឹងក្រុមការងារនឹងបន្តទៅឃុំសណ្តែក ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ក៏ប៉ុន្តែក្នុងចំណោមនោះមានតែ២គ្រួសារ ប៉ុណ្ណោះដែលរងគ្រោះធ្ងន់ធ្ងររលំផ្ទះទាំងស្រុង ហើយក្រៅពីនោះគ្រាន់តែប៉ើងតំបូល និងជញ្ជាំងតែប៉ុណ្ណោះ៕
