មុននេះបន្តិចក្រុមហ៊ុន Vivo នៅប្រទេសថៃទើបតែដាក់បង្ហាញជាផ្លូវការនៅកំពូលស្មាតហ្វូនជំនាន់ក្រោយ V9 ដោយទំនងជាផ្ទុះការចាប់អារម្មណ៍ខ្ពស់ជាងម៉ូឌែលឆ្នាំទៅ។ រចនានូវតួខ្លួនថ្មីស្រឡាង ប្រើអេក្រង់ផ្ទៃពេញកូនកាត់ iPhone X អមកាមេរ៉ាក្រោយភ្លោះពីរគ្រាប់ ជាមួយទ្រនាប់ស្កេនខ្ចៅដៃ ស្រោបដោយតួខ្លួនកញ្ចក់យ៉ាងស៊ីវិល័យ។
ទម្ងន់ខ្លួន ១៥០ ក្រាមមានវិមាត្រ ១៥៤,៨១x៧៥,០៣x៧,៨៩ មិល្លីម៉ែត្រ ប្រើអេក្រង់ IPS LCD ទំហំ ៦,៣ អ៊ីញ កម្រិត FullHD+។ ដំណើរការលើបន្ទះឈីប Snapdragon 626 មាន CPU ប្រភេទ Octa-Core ល្បឿន ២.២GHz ស្របពេលជម្រើស RAM 4GB/64GB ROM លាយឡំការបន្ថែម micorSD ដល់ទៅ 256GB។
បច្ចេកវិទ្យាកាមេរ៉ាក្រោយភ្លោះ 16+5MP មាន Aperture F/2.0 អាចថតរូប Portrait បែប AI Bokeh ស៊ីសងកាមេរ៉ាមុខ Selfie ដាច់ដៃ 24MP ថែមមុខងារពិសេស AI Face Beauty និង AR Sticker ស្រដៀង Animoji របស់ក្រុមហ៊ុន Apple។
ត្រកូល V ឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Vivo បច្ចុប្បន្នបើកឲ្យ Pre-Order រហូតដល់ថ្ងៃទី ២៩ មីនា ឆ្នាំ ២០១៨ មុនទំនិញដល់ដៃអតិថិជនក្នុងថ្ងៃទី ៣០ ជាមួយតម្លៃ ១០ ៩៩៩ បាត ឬក្បែរ ៣៤៩ ដុល្លារ ។ តម្លៃនេះសោតក៏ប្រហាក់ប្រហែលទៅនឹងទីផ្សារកម្ពុជា ដែលកំពុងមាន Pre-Order ជាបណ្តើរៗ ដោយតាមពាក្យល្ហិចល្ហៀងនៅហាងលក់ទូរសព្ទមួយចំនួន ម៉ូឌែលនេះនឹងមានតម្លៃ ៣៤៥ ដុល្លារ ។
ប្រភព៖ Flashfly | techmoblog ប្រែសម្រួល៖ ឡៃហ៊ាង
