អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពាក្យប្តឹង លោក សម រង្ស៉ី ពីបទ«ក្បត់ជាតិ» ករណីកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពាក្យប្តឹង លោក សម រង្ស៉ី ពីបទ«ក្បត់ជាតិ» ករណីកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម

14/03/2018
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីប្តឹងទណ្ឌិតសម រង្ស៊ី មេចលនាសង្រ្គោះជាតិមួយករណីទៀត ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីវីដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ដែលជាសកម្មជនអតីតបក្សប្រឆាំង ទម្លាយកាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន នៅសហរដ្ឋអាមេរិក។

តាមបណ្តឹងរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៉ី និងឈ្មោះ កុក ស មេដឹកនាំចលនាវៀតណាមជនជាតិភាគតិច Degar (ម៉ុងតាញ៉ា) កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅប្រទេសហ្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់៖ ត្រង់មាត្រា៣ គឺជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) មានសិទ្ធិស្វ័យភាព គឺមានសិទ្ធិធ្វើ និងអនុវត្តសេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួគេរស់នៅក្នុងប្រទេសកម្ពុជា និងមាត្រា៥ ជនជាតិដើមភាគតិចវៀតណាមម៉ុងតាញ៉ា នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវភាពនយោបាយ គឺក្នុងន័យថា បើគាំទ្រគណបក្សសង្រ្គោះជាតិ។ ម្យ៉ាងទៀត ក្នុងវិដេអូរបស់ទណ្ឌិត សម រង្ស៉ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិវៀតណាមភាគតិចម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

នាយកដ្ឋានប្រឆាំងភេរវកម្ម បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ អង្គភាពមានសមត្ថកិច្ចមួយនេះ ក៏បានស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះ អំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់។

បើតាម លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា រហូតដល់ពេលនេះ ស្ថាប័នរបស់លោក បានទទួលពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រួចហើយ។

លោកអះអាងថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលសំណុំរឿង ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលពាក់ពន្ធ័នឹងអំពើក្បត់ជាតិ និងប៉ះពាល់ដល់អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជាដោយការឃុបឃិតកាត់ទឹកដីឱ្យទៅជនបរទេស ហើយបានកំពុងរៀបចំសំណុំរឿងទៅតាមនីតិវិធី»៕