អ្នកនាំពាក្យ៖ គ.ជ.ប មិនធ្វើការជាមួយបក្សក្រៅច្បាប់ជាដាច់ខាត ព្រោះច្បាប់បោះឆ្នោតនៅកម្ពុជា ប្រទេសធំៗក៏ចូលរួមតាក់តែងដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកនាំពាក្យ៖ គ.ជ.ប មិនធ្វើការជាមួយបក្សក្រៅច្បាប់ជាដាច់ខាត ព្រោះច្បាប់បោះឆ្នោតនៅកម្ពុជា ប្រទេសធំៗក៏ចូលរួមតាក់តែងដែរ

14/03/2018
(ភ្នំពេញ)៖ ប្រតិកម្មខ្លាំងៗចំពោះមជ្ឈដ្ឋានមួយចំនួន ដែលតែងតែញុះឲ្យ គ.ជ.ប ព្រមទទួលអតីតគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនោះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នាថ្ងៃទី១៤ ខែមីនានេះ បានថ្លែងច្រានចោលទៅវិញថា គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះ គ.ជ.ប មិនធ្វើការជាមួយបក្សខុសច្បាប់ជាដាច់ខាត។
ការអះអាងបែបនេះ ត្រូវបានធ្វើឡើងក្រោយពេលប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ទទួលជួបជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ពោលក្នុងឱកាសនោះ លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា «វាជាការល្អណាស់សម្រាប់កម្ពុជា បើមានគណបក្សប្រឆាំង និងគណបក្សផ្សេងទៀត ក្រៅពីគណបក្សដឹកនាំរាជរដ្ឋាភិបាល ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ»។

ឆ្លើយតបនឹងសំណើនេះ លោកប្រធាន គ.ជ.ប បានបដិសេធមិនព្រមធ្វើការជាមួយគណបក្សក្រៅច្បាប់នោះឡើយ ដោយលោកបានពន្យល់ថា គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ ហើយច្បាប់បោះឆ្នោត និងច្បាប់ដទៃទៀតនៅកម្ពុជា ក៏មិនមែនកម្ពុជាអត្តនោម័តសរសេរតែខ្លួនឯងឡើយ បរទេសធំៗដែលជំនាញខាងច្បាប់ ក៏បានចូលរួមតាក់តែងច្បាប់ជាមួយម្ចាស់ប្រទេសដែរ។

លោក ហង្ស ពុទ្ធា បានថ្លែងបន្ថែមយ៉ាងដូច្នេះថា «ច្បាប់បោះឆ្នោតដំបូង អ្នកជំនាញការតេអូណូអែល ហើយនិងច្បាប់ផ្សេងទៀត ដូចជាច្បាប់ព្រហ្មទណ្ឌ គឺមានអ្នកច្បាប់រហូតទៅដល់ ៣០នាក់ រួមទាំងអ្នកច្បាប់របស់បរទេសផងដែរនោះ ក៏បានសរសេរតាក់តែងឡើង ប្រសិនជាច្បាប់នោះតាក់តែងហើយ យើងអត់នាំគ្នាគោរពទេ រឿងអីទៅបន្ទោសអ្នកអនុវត្ត។ ខំសរសេររាប់ឆ្នាំ ហើយភាគច្រើនមានបរទេសចូលរួមទៀត អញ្ចឹងទេ អ្វីដែល គ.ជ.ប ធ្វើ គឺធ្វើទៅតាមច្បាប់ហ្នឹងទេ»។

អ្នកនាំពាក្យរូបនេះបានបន្តថា អវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា កាលពីពេលកន្លងទៅនោះ គ.ជ.ប បានមើលឃើញថា ការរំលាយគណបក្សនេះ គឺស្របទៅតាមច្បាប់ដូចដែលបានលើកឡើង ព្រោះច្បាប់ដែលពាក់ព័ន្ធការរំលាយគណបក្សនោះ ក៏មានទាំងបរទេសជួយសរសេរឲ្យថែមទៀត។

លោក ពុទ្ធា ថ្លែងបន្តថា «អញ្ចឹងការមន្ទិលចង់ឲ្យ គ.ជ.ប ទទួលមកវិញនូវអតីតគណបក្សសង្គ្រោះជាតិ គឺសូមជម្រាបជំហរថា គ.ជ.ប យើងផ្អែកទៅលើច្បាប់នេះហើយ បើសិនជាក្រុមមួយ បក្សមួយដែលច្បាប់អត់ទទួលស្គាល់ផង យើងធ្វើការជាមួយម៉េចនឹងកើត»។

លោកថា ទោះបីជាលោកស្រី រ៉ូណា ស្មីត បានសួរទៅ គ.ជ.ប បែបបង្កប់ដោយក្ដីព្រួយបារម្ភ និងមានមន្ទិលសង្ស័យមិនច្បាស់លាស់ ចំពោះការលទ្ធផលបោះឆ្នោត និងការបោះឆ្នោតខាងមុខនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏ គ.ជ.ប ខ្លួនឯងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំរួចហើយ អំពីការធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌៕