នៅបណ្ដាប្រទេសជាច្រើន មានទំនោរប្រើប្រាស់រថយន្តទំហំតូចជាងទំហំធំ ជាពិសេសសម្រាប់ការបើកបរក្នុងទីក្រុង។ មានហេតុផលដែលអ្នកអាចពិចារណា សម្រាប់ការជ្រើសរើសនេះ៖
១. ងាយស្រួលចត៖ រថយន្តទំហំតូច ងាយស្រួលរកទីកន្លែងចត នៅសាធារណៈ។
២. រូបរាង៖ រថយន្តមានពណ៌ និងរូបរាងតូចច្រឡឹងស្អាត។
៣. សុវត្ថិភាព៖ ពីមុនអាចមែនត្រង់ថារថយន្តទំហំតូច មិនមានសុវត្ថិភាពដូចរថយន្តទំហំធំ ក្នុងពេលបើកបរ ជាពិសេសពេលជួបឧប្បត្តិហេតុប៉ះគ្នា។ តែបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាកាន់តែទំនើប បំពាក់លើរថយន្តទំហំតូច អាចធ្វើឲ្យវាកាន់តែមានសុវត្ថិភាពជាងមុន។
៤. កន្លែងទំនេរខាងក្នុង៖ រថយន្តទំហំតូចមិនមានកន្លែងទំនេរ ផ្ទុកអ្នកដំណើរ ឬទំនិញបានច្រើន នោះទេ តែក៏អាចដាក់បានមួយចំនួនផងដែរ។
៥. បច្ចេកវិទ្យា៖ បច្ចុប្បន្ន រថយន្តទំហំតូច បានបំពាក់មុខងារជាច្រើន ដែលធ្លាប់ឃើញមានលើរថយន្តស្ទើរតែគ្រប់ទំហំ។
៦. សន្សំសំចៃ៖ រថយន្តទំហំតូច អាចជួយសន្សំសំចៃថាមពលប្រេង ក៏ដូចជាថវិកា និងជួយរួមចំណែកគាំពារបរិស្ថាន។ នេះដោយសារ ទម្ងន់ និងកម្លាំងម៉ាស៊ីនមានកម្រិតទាប។
៧. ធានារ៉ាប់រង៖ ការទិញធានារ៉ាប់រង សម្រាប់រថយន្តទំហំតូច មានតម្លៃធូរល្មម (បរទេស) ដែលអាចមានសមត្ថភាពប្រើប្រាស់បាន។
៨. ការបើកបរ៖ ការបើកបររថយន្តតូច មានលក្ខណៈសប្បាយ និងងាយស្រួលគ្រប់គ្រង ដោយមានម៉ាស៊ីនតូច ទំហំតូច ងាយស្រួលបង្កើនល្បឿនទៅមុខបានរហ័ស អាចឲ្យអ្នកបើកបរកាន់តែមានទំនុកចិត្តគ្រប់គ្រងកង់រថយន្ត។
៩. ភាពប្រណិត៖ រថយន្តទំហំតូច មានការរចនា រូបរាង និងសមាសធាតុល្អៗ (តាមម៉ូដែល)។
១០. តម្លៃ៖ ទូទៅអ្នកប្រហែលជាដឹង រថយន្តទំហំតូច មានតម្លៃធូរថ្លៃជាងរថយន្តទំហំធំ។
១១. ការថែទាំ៖ រថយន្តតូច ចំណាយថវិកាតិចជាង ក្នុងការថែទាំប្រចាំខែ ឬឆ្នាំ។
រថយន្តតូចផ្ដល់អត្ថប្រយោជន៍ ជាច្រើន ជាពិសេស ពេលប្រើក្នុងក្រុង ដោយចំណេញទីកន្លែង ទាំងពេលកំពុងបើកបរ និងចត,កាត់បន្ថយការកកស្ទះចរាចរណ៍, កាត់បន្ថយការចំណាយលើប្រេងសាំង និងការថែទាំ។ នេះមិនមែនថា រថយន្តទំហំមធ្យម និងធំ មិនល្អនោះទេ គ្រាន់តែបើប្រើក្នុងក្រុង ហើយជាលក្ខណៈឯកជន ក្រុមគ្រួសារ ឬដឹកទំនិញតិចតួច ជាជម្រើសដ៏ល្អគឺរថយន្តទំហំតូច៕
ប្រភព៖ roadloans ប្រែសម្រួល៖ ឡៃហ៊ាង
