អាស៊ាន និងអឺរ៉ុប សន្យាពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាស៊ាន និងអឺរ៉ុប សន្យាពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ

04/03/2018
(សឹង្ហបុរី)៖ ការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-អាស៊ាន បានក្លាយជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់ពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦ (16th AEM-EU) ដែលរៀបចំឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មាន Straits Times របស់សាធារណរដ្ឋសឹង្ហបុរី សហភាពអឺរ៉ុប និងអាស៊ាន បានសន្យានឹងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះឡើងវិញ ដើម្បីគាំទ្រការធ្វើពិពិធកម្មទីផ្សារ ទប់ទល់នឹងការកើនឡើងនៃរបបគាំពារនិយមរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោកប្រធានាធិបតី Donald Trump។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរបស់កម្ពុជា បានបង្ហាញទស្សនៈវិជ្ជមានចំពោះកិច្ចព្រមព្រៀងនេះថា នឹងអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រទេសកម្ពុជា។

«ខ្ញុំជឿថាការចរចា (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)នេះ នឹងចាប់ផ្តើមសាជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខ» នេះជាការគូសបញ្ជាក់របស់ លោករដ្ឋមន្ត្រី។

ទន្ទឹមគ្នានេះ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Anna Cecilia Malmstrom ក៏បានយល់ស្របថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ និងជាផ្នែកមួយនៃរូបភាពសហប្រតិបត្តិការដ៏ធំ។ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុបសម្លឹងឃើញជាដំណើរការបង្កើតប្លុកមួយឆ្ពោះទៅរកការធ្វើសមាហរណកម្មទូលំទូលាយ។

លោកស្រីបន្ថែមយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងក្នុងតំបន់របស់យើង គឺជាសញ្ញាដ៏រឹងមាំមួយទៅកាន់ពិភពលោកថា សហភាពអឺរ៉ុប និងអាស៊ាននឹងឈរកៀកស្មារគ្នា ដើម្បីគាំទ្រការបើកចំហពាណិជ្ជកម្ម»។
គួររំលឹកដែរថា សហភាពអឺរ៉ុបតំណាងឲ្យប្រទេសចំនួន២៨ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តំណាងឲ្យប្រទេសចំនួន ១០ បានធ្វើការពិភាក្សាអំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនឆ្នាំមកហើយ ដែលការចរចាលើកដំបូង បានធ្វើឡើងនៅក្នុងឆ្នាំ 2007 ប៉ុន្តែភាគីទាំងពីរ បានលុបចោលកិច្ចព្រមព្រៀងនេះ រយៈពេលពីរឆ្នាំក្រោយមក។ កាលពីឆ្នាំមុន អាស៊ាន និងអឺរ៉ុប ធ្លាប់បានឯកភាពគ្នា ក្នុងការដាក់កិច្ចព្រមព្រៀងនេះចូលទៅក្នុងរបៀបវារៈប្រជុំ ប៉ុន្តែត្រូវបានដកចេញ មុនកិច្ចប្រជុំជាផ្លូវការចាប់ផ្តើម៕