ផ្ទះថ្មី៤០ខ្នង ដែលជាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងខេត្តកពង់ធំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទះថ្មី៤០ខ្នង ដែលជាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងខេត្តកពង់ធំ

02/03/2018
(កំពង់ធំ)៖ ផ្ទះថ្មីចំនួន ៤០ខ្នងដែលជាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់តាមរយៈ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនដល់អ្នកភូមិ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាផ្លូវការហើយ នៅពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋខ្វះខាតរស់នៅក្នុងឃុំទីពោ ដែលបានទទួលផ្ទះថ្មីចំនួន៤០ខ្នង ជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នាឱកាសនោះ មាន៣៤ខ្នងបានប្រគល់ជូនអ្នកភូមិរស់នៅភូមិសែន អភិវឌ្ឍន៍១ ភូមិសែនអភិវឌ្ឍន៍២ និងភូមិអូរធំ ស្ថិតក្នុងតំបន់ដីសម្បទានសង្គមមកិច្ចក្នុងឃុំពោ និង៦ខ្នងទៀតសម្រាប់ប្រជាពលរដ្ឋខ្វះខាត ក្នុងឃុំមួយចំនួនក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ផ្ទះចំនួន៤០ខ្នងនេះ សម្រាប់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជាស្ត្រីមេម៉ាយ និងចាស់ជរា ដែលផ្ទះនីមួយៗ សង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រគុណ នឹង៤ម៉ែត្រ ហើយមួយខ្នងៗមានតម្លៃ១២០០ដុល្លារអាមេរិក។

បើតាមការបញ្ជាក់ពីលោក ឆាយ យូ មេឃុំទីពោបានឲ្យដឹងថា តំបន់ដីសម្បទានសង្គមមកិច្ច ក្នុងឃុំពោដែលប្រជាពលរដ្ឋបាន និងកំពុងស្នាក់នៅនាបច្ចុប្បន្ននេះ បានទទួលដីសមប្បទានសង្គមកិច្ច នៅក្នុងភូមិទាំង៣ មានចំនួន៤,៤៧០នាក់ស្មើនឹង៧៧៩គ្រួសារ ហើយភូមិទាំង៣នេះ ក៏បានការទទួលស្គាល់ស្របច្បាប់ ពីក្រសួងមហាផ្ទៃកាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ហើយដែរ។
លោកមេឃុំបានបន្តទៀតថា ទោះបីភូមិនេះនៅឆ្ងាយពីផ្លូវជាតិលេខ៦ ប្រមាណជាង២៨គីឡូម៉ែត្រក្តី រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងជួយកសាងហេដ្ឋារចនាសម្ពន្ធ័ឲ្យជាបន្តបន្ទាប់ ក្នុងនោះក៏មានលោក ជា ចាន់តូ និងអង្គការ GIZ របស់អាលឺ្លម៉ង់ផងដែរ ដូចជាការកសាងផ្លូវ សាលារៀន មណ្ឌលសុខភាព ជាពិសេសលើការងារកម្ពស់ស្ត្រី កុមារ និង កសិកម្ម។

ជាមួយនឹងការប្រគល់ផ្ទះថ្មីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានផ្ដល់អំណោយដល់គ្រួសារ ដែលទទួលបានផ្ទះថ្មីទាំងអស់ ដែលក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ប៊ីចេង អំបិល ថ្នាំពេទ្យ អាហារបំប៉នសុខភាព ឃីតមួយកញ្ចប់ និងថវិកា១៥ ម៉ឺនរៀល។

លោកស្រី ខៀវ ស៊ីណា បានបញ្ជាក់ថា ជាការពិតសម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងគិតគូដល់សុខទុក្ខ ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតជានិច្ច ពិសេសស្ត្រីមេម៉ាយ ចាស់ជរា និងកុមារកំព្រាហើយ អំណោយផ្ទះដែលបានប្រគល់ជូន នាថ្ងៃនេះជាសក្ខីភាពស្រាប់។

សូមបញ្ជាក់ថា គិតចាប់ត្រឹមឆ្នាំ២០០៨ មកដល់ត្រឹមបំណាច់ឆ្នាំ២០១៧ តាមរយៈលោកស្រី ខៀវ ស៊ីណា បានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ជាអ្នកក្រីក្រ ចាស់ជរា និង គ្រួសារស្ត្រីមេម៉ាយនៅក្នុងស្រុកសន្ទុក នៅតំបន់ភូមិអភិវឌ្ឍន៏នេះគឺ មានចំនួន២៧៤ខ្នងហើយ៕