ZenFone 5 ដាក់ធៀបនឹង iPhone X
ប្រភេទដែលដូចជា iPhone X នោះគឺម៉ូដែល ZenFone 5 និង ZenFone 5Z ដែលមានស៊ុមអេក្រង់ផ្នែកខាងមុខស្ដើងបំផុត និងមានស្នាមគន្លាក់អេក្រង់នៅផ្នែកខាងលើ។ ស្មាតហ្វូនទាំងគូនេះផលិតឡើងដោយលោហៈធាតុ មានបំពាក់ទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ។ZenFone 5 និង 5Z មានអេក្រង់ទំហំ ៦,២ អ៊ីញដូចគ្នា ដែលមានមាត្រដ្ឋាន 19:9 អាចបង្ហាញរូបភាពក្នុងកម្រិត FHD+។ បើមើលលើកម្លាំងម៉ាស៊ីនវិញឃើញថាខុសគ្នា ដោយ ZenFone 5 មានបំពាក់បន្ទះឈីប Snapdragon 636 មាន RAM ទំហំ ៤ ឬ ៦ GB ជាមួយអង្គផ្ទុកទិន្នន័យ ៦៤ GB។
ចំណែក ZenFone 5Q វិញមានប្រើបន្ទះឈីបទម្ងន់ធ្ងន់ Snapdragon 845 ជាមួយនឹងជម្រើស RAM ៣ ប្រភេទ។ ជម្រើស RAM ៤ GB/អង្គផ្ទុកទិន្នន័យ ៦៤ GB, RAM ៦ GB/អង្គផ្ទុកទិន្នន័យ ១២៨ GB និង RAM ៨ GB/អង្គផ្ទុកទិន្នន័យ ២៥៦ GB។
ចំពោះកាមេរ៉ាមានសមត្ថភាពដូចគ្នា។ ZenFone 5 និង 5Z មានប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដោយកាមេរ៉ាមេមានកម្រិត ១២ MP ជាមួយ Aperture f/1.8 អាចស្រូបពន្លឺបានច្រើន ល្អចំពោះការថតរូបទីងងឹត។ ចំណែកកាមេរ៉ាទីពីរមានកម្រិត ៨ MP ជាប្រភេទ Wide-Angle ចាប់យកប្លង់បាន ១២០ ដឺក្រេ។
បន្ថែមពីនេះ ZenFone ទាំងគូក៏មានបំពាក់នូវរន្ធបំពងសំឡេងបែប Stereo ដូចជា Samsung S9/S9+ និង Sony XZ2/XZ2 Compact ដែរ។ មិនតែប៉ុណ្ណោះក៏មានមុខងារបង្កើតរូប Emoji ពីទម្រង់មុខមនុស្ស ដែល Asus បានហៅមុខងារនេះថា ZenMoji។ វាស្រដៀងគ្នានឹង Animoji របស់ iPhone X ប៉ុន្តែអាចប្រើជាមួយកម្មវិធីផ្ញើសារដែលពេញនិយមបាន។
ZenFone 5 និង 5Z ក៏មានការស្កេនមុខជាប្រព័ន្ធសុវត្ថិភាពសម្រាប់ដោះសោផងដែរ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាវាមានសុវត្ថិភាពកម្រិតណា និងដំណើរការបែបណានោះទេ។ ថ្មមានថាមពល ៣៣០០ mAh ដែលមានមុខងារសាកថ្មបែប AI អាចបញ្ចូលថាមពលបានលឿន។
ស្មាតហ្វូន Asus ស៊េរីថ្មីទាំងពីរនឹងដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗ ដោយមានតម្លៃចាប់ពី ៤៩៩ ដុល្លារ ឡើងទៅ (សម្រាប់ទីផ្សារបរទេស)៕
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង