សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសអភិបាលខេត្តមួយ ដែលមិនហ៊ានចាត់ការលើក្រុមហ៊ុនឯកជនរំលោភច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសអភិបាលខេត្តមួយ ដែលមិនហ៊ានចាត់ការលើក្រុមហ៊ុនឯកជនរំលោភច្បាប់

22/02/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានស្តីបន្ទោសទៅអភិបាលខេត្តមួយ ដោយសារតែមិនហ៊ានអនុវត្តច្បាប់ ចំពោះក្រុមហ៊ុន ដែលបានធ្វើសកម្មភាពរំលោភច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអភិបាលខេត្ត និងក្រុមហ៊ុនឯកជនដែលសម្តេចចង់មានប្រសាសន៍នោះទេ។

ការព្រមានធ្ងន់ៗដល់អភិបាលខេត្តបែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីយប់មិញនេះ មានអភិបាលខេត្តមួយបានផ្ញើសារសុំយោបល់សម្តេចតាមបណ្តាញ Whatsapp ដើម្បីសុំគោលការណ៍អនុវត្តវិធានការលើក្រុមហ៊ុនឯកជនមួយ ហើយសម្តេចបានតបទៅអភិបាលខេត្តនោះវិញនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ។
សម្តេចតេជោ ហ៊ុន សែន បានរិះគន់យ៉ាងដូច្នេះថា៖ «សិទ្ធិអំណាចរប​ស់ចៅហ្វាយខេត្ត មិនឱ្យក្រុមហ៊ុនមួយធ្វើកន្លែងនៅការដ្ឋានមួយ។ ក្រុមហ៊ុននោះនៅតែជជេសធ្វើ ចៅហ្វាយខេត្ត អត់ហ៊ានឃាត់ ! អញ្ចឹងចាំបាច់ធ្វើចៅហ្វាយខេត្តធ្វើអ្វីឱ្យក្រុមហ៊ុននោះ ធ្វើចៅហ្វាយខេត្តទៅមិនល្អជាង។ បើក្រុមហ៊ុនវាធំជាងខេត្តទៅហើយ»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំវ៉ៃ (Whatsapp) ត្រឡប់ទៅវិញថា នេះជាសមត្ថកិច្ចរបស់អាជ្ញាធរ។ ២ម៉ោងទៀតត្រូវតែបិទឱ្យបាន ! ហើយខ្ញុំបានបញ្ជាក់ទៅក្រុមហ៊ុនហ្នឹងភ្លាម។ គេបញ្ជាក់ថា ខ្លួនគេទៅបិទ ខ្ញុំថាបើអញ្ចឹង បិទ១ម៉ោងមុនទៅ ! បើ២ម៉ោងក្រោយ គឺរដ្ឋបាលខេត្តទៅបិទហើយ»

សម្តេចបានបន្តទៀតថា «សមត្ថកិច្ចមិនព្រមឱ្យធ្វើ ច្បាប់មិនទាន់មាន អ្វីៗក៏មិនទាន់មាន បែរជាក្រុមហ៊ុនទៅធ្វើ។ ហុយដីហុយធ្លី ប៉ះពាល់ដល់ប្រជាជន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខ្លួន(អភិបាលខេត្ត) បែរជាអត់ហ៊ានសម្រេច ដោយខ្លាចក្រុមហ៊ុនទៅវិញ។ ខ្ញុំសូមបញ្ជាក់ បើធ្វើចៅហ្វាយខេត្តបែបនេះ មិនបាច់ធ្វើទេ ឱ្យពួកថៅកែ ឬក៏ពួកគេហៅថា បើនិយាយពី ក្រុមជល់មាន់ ឱ្យអាពួកជល់មាន់វាមកធ្វើចៅហ្វាយខេត្តល្អជាង»

សម្តេចបានបញ្ជាក់ទៀតថា ធ្វើជាអាជ្ញាធរខេត្ត ត្រូវហ៊ានយកការទទួលខុសត្រូវ លើដែនដីរបស់ខ្លួន។ ប៉ុន្តែអភិបាលខេត្តខ្លះ ពុំហ៊ានអនុវត្តដាវអាជ្ញាសឹក ដែលសម្តេចបានប្រគល់ជូននោះទេ ហើយបែរជាយកដាវអាជ្ញាសឹកនោះមកប្រគល់ឱ្យសម្តេចជាកាប់វិញដដែល។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ពង្រឹតតួនាទី និងការទទួលខុសត្រូវ​របស់ខ្លួនឡើងវិញ៕