មិន​ធម្មតា! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទិញ​សិទ្ធិតារាចម្រៀង ព្រាប សុវត្ថិ ផ្ដាច់​មុខ​ច្រើន​ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​ធម្មតា! ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទិញ​សិទ្ធិតារាចម្រៀង ព្រាប សុវត្ថិ ផ្ដាច់​មុខ​ច្រើន​ឆ្នាំ

20/02/2018
លោក ឡេង ណាវ៉ាត់ត្រា អតីត​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ និង​ជា​តារា​ចម្រៀង​ហើយ​ទើបតែ​ទទួល​ងារ​ឧកញ៉ា​វ័យ​ក្មេង​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ទើបតែ​ចុះ​កុងត្រា​ជា​មួយ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ។ ខ្លឹមសារ​នៃ​កិច្ចសន្យា​នោះ លោក​ថា ចាប់​ពី​ពេល​នេះ​ទៅ​មាន​តែ​លោក​មួយ​គត់ ដែល​មាន​សិទ្ធិ​​​ផ្ដាច់​មុខ​ក្នុង​ការ​នាំ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ម្នាក់​នេះ ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ។

តាម​ការ​​បញ្ជាក់​ពី​ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា កុងត្រា​ខាង​លើ​បាន​ធ្វើ​​ថ្ងៃ​ទី២០ កុម្ភៈ ឆ្នាំ ២០១៨​នេះ​ នៅ​ឯ​ស្នាក់​ការ សមាគម​សិល្បករ​ខ្មែរ។ មូលហេតុ​​ដែល​នាំ​ឲ្យលោកសម្រេច​ចិត្ត​ជ្រើស​រើស​លោក​ ព្រាប សុវត្ថិ ក៏​ព្រោះ​តែ មាន​ពលករ​ខ្មែរ​ជា​ច្រើន បាន​សំណូមពរ​ចង់​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ទៅ​ច្រៀង​នៅ​ទី​នោះ ត្បិត​អី​កន្លង​មក លោក ព្រាប សុវត្ថិ មិន​ធ្លាប់​ទៅ​ច្រៀង​នៅប្រទេស​កូរ៉េម្ដង​ណា​ឡើយ។ "កុង​ត្រា​ហ្នឹង មិនមែន​១ឆ្នាំ​ឬ២​ឆ្នាំ​ទេ គឺ​កុងត្រា​រហូត ហើយ​ផ្ដាច់​​មុខ​តែ​ម្ដង មាន​ន័យ​ថា រឿង​ទៅ​ច្រៀង​នៅ​កូរ៉េ មាន​​តែ​ខាង​ខ្ញុំ​​​ម្នាក់​គត់ ដែល​អាច​យក​លោក​ ព្រាប សុវត្ថិ​ទៅ​ច្រៀង​បាន" លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើក​ឡើង។
តារាចម្រៀង ព្រាប សុវត្ថិ និងឧកញ៉ា ឡេង ណាវ៉ាត់ត្រា
លោក​ឧកញ៉ាវ័យ​ក្មេង​មាន​កំណើត​មក​ពី​ខេត្ត ព្រៃវែង​រូប​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​ដែល​លោក ព្រាប សុវត្ថិ ត្រូវ​ទទួល​ពី​ក្រុមហ៊ុន​របស់​លោក​ឡើយ ត្បិត​អីកំពូល​តារា​ចម្រៀង​រូប​នេះ​ស្នើ​មិន​ឲ្យ​បញ្ចេញ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា ក្នុង​កុងត្រា​នោះពេល​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ ម្ដងៗ លោក​ ព្រាប សុវត្ថិ អាច​យក​ក្រុម​រាំ និង ក្រុម​ការងារ​​​ផ្សេង​ទៀត​បាន​១៥នាក់។ "បង​គិត​មើល​ទៅ​ម្ដងៗ​គ្នា​គាត់ មិន​​តិច​ជាង​១៥នាក់​ទេ គិត​តែ​សំបុត្រ​យន្ត​ហោះ​ទៅ​មក ថ្លៃ​ស៊ី​ចុក ស្នាក់​នៅ មិន​ក្រោម​២ម៉ឺន​ដុល្លារជាង​ទេ សម្រាប់​តែ​ក្រុម​គាត់" ណាវ៉ាត់ត្រា បន្ថែម​ឲ្យ​ដឹង។

តាម​គម្រោង លោក ព្រាប សុវត្ថិ គ្រោង​នឹង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ក្នុង​អំឡុង​ខែ ឧសភា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ចំពោះ​តារា​ចម្រៀង​ផ្សេង​ទៀត ដែល​នឹង​​ត្រូវ​ចេញ​ទៅ​ច្រៀង​ជា​មួយ​នោះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​ពេល​វេលា មិន​ទាន់​រៀបចំ​ឈ្មោះ​នៅ​ឡើយ។
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក ឡេង ណាវ៉ាត់ត្រា បាន​ដឹក​នាំតារា​ចម្រៀង​ល្បី​ជា​ច្រើន​នាក់​ទៅ​ប្រគំតន្ត្រី​នៅ ប្រទេស​កូរ៉េ​ម្ដង​រួច​មក​ហើយ ក្នុង​នោះ​មាន​ដូច​ជា លោក ខេមរៈ សិរីមន្ត លោក ខេម អ្នក​​នាង មាស សុខសោភា ​កញ្ញា យូរី លោក ប៉ែន ចំរ៉ុង លោក គុយ លី លោក vj អាឡាស្កូ និង អ្នក​នាង ចន ច័ន្ទលក្ខិណា ជា​ដើម ដោយ​ការ​ចំណាយ​នៃ​ការ​ប្រគំតន្ត្រី​នេះ ចាយ​ប្រាក់រហូត​ដល់​ទៅ​ជាង​១០ម៉ឺន​ដុល្លារ​ឯណោះ។ លោក​ថា គម្រោង​​យកតារាចម្រៀង ព្រាប សុវត្ថិ អាច​ចាយ​ច្រើន​ជាង​នេះ​ទៀត​ឯណោះ ហើយ​គោល​បំណង​​នៃ​ការ​រៀប​ចំ​នោះ គឺ​មិន​ខុស​ពី​កាលទៅ​លើ​កទី១​ឡើយ ដើម្បី​ផ្សព្វផ្សាយ​ជំនួញ​ដី​ និងផ្ទះ​​របស់​លោក និង មួយ​ចំណែក​ទៀត ក៏​គម្រោង​ធ្វើ​ការ​សប្បុរសធម៌៕