សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចាញ់ល្បិចទណ្ឌិត សម រង្ស៉ី ដែលបបួលឱ្យឈប់ធ្វើនយោបាយ នៅអាយុ៦៥ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនចាញ់ល្បិចទណ្ឌិត សម រង្ស៉ី ដែលបបួលឱ្យឈប់ធ្វើនយោបាយ នៅអាយុ៦៥ឆ្នាំ

11/02/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រតិកម្មចំពោះការលើកឡើងរបស់ ទណ្ឌិត សម រង្ស៊ី ដែលបានបបួល សម្តេចឱ្យឈប់ ធ្វើនយោបាយ នៅអាយុ៦៥ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងបែបទណ្ឌិតនេះ គឺជាទស្សនៈឆ្កួតឡប់ ដែលមិនស្របទៅតាមច្បាប់ រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកា ជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។

ដោយសម្តៅទៅទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «មានអន្ទិតមួយនោះ វាធ្វើអីមិនបាន ស្រាប់តែម្សិលម្ង៉ៃ វាស្រែក ឥឡូវដាក់កំណត់ទៅ ដាក់កំណត់ជាមួយគ្នាថា អាយុ៦៥ឆ្នាំត្រូវឈប់ធ្វើនយោបាយ ទាំងអស់គ្នា។ អុញ ! ហ្អែងជាប់គុកសោះ មកបបួលអញ ធ្វើនាយករដ្ឋមន្រ្តី ឱ្យអញចុះពីតំណែងទៅជាប់គុកជាមួយហ្អែង។ ហ្អែងជាប់គុកតែឯងជាប់គុកទៅ គ្មានច្បាប់ឯណាមកហាមឃាត់អារឿងហ្នឹងទេ សិទ្ធិធ្វើនយោបាយអ្នកឯងទៅមើលក្នុងរដ្ឋធម្មនុញ្ញមើល។... គេចង់ដាក់រដ្ឋធម្មនុញ្ញថា ធ្វើនាយករដ្ឋមន្រ្តី ត្រូវធ្វើត្រឹមអាយុ៦៥ឆ្នាំបានហើយ។ បើថាឆ្កួត គឺឆ្កួតតែម្នាក់ឯងទៅ បើថាឡប់ ក៏ឡប់តែម្នាក់ឯងទៅ!»

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ដោយបបួលសម្តេចតេជោ ហ៊ុន សែន ធ្វើច្បាប់កំណត់មិនឱ្យនាយករដ្ឋមន្រ្តីខ្មែរ មានអាយុលើសពី៦៥ឆ្នាំ។ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ស្របជាមួយ លោក ហ៊ុន សែន ថាគាត់និងខ្ញុំ គឺមានអាយុចាស់ហើយ។ យើងទាំងពីរគួរតែជួយដល់ការ អនុម័តច្បាប់ថ្មីមួយ (អាចជាច្បាប់មួយ) ដែលនាយករដ្ឋមន្ត្រីកម្ពុជាម្នាក់ មិនត្រូវមានអាយុលើសពី ៦៥ឆ្នាំទេ»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបបួលរបស់ទណ្ឌិតរូបនេះ ប្រៀបបីដូចជាយកគ្រឿងអលង្កាកាឡៃ ទៅដូរយកមាសសុទ្ធ ដែលនរណាៗ ក៏មិនអាចធ្វើបានដែរ។ ជាមួយនឹងការចំអកដ៏ខ្លាំងក្លាមួយ សម្តេចបានបញ្ជាក់បន្តទៀតថា លោក សម រង្ស៊ី ជាមនុស្សឆ្លាតជ្រុល ប៉ុន្តែភាពឆ្លាតជ្រុលរបស់ ទណ្ឌិតរូបនេះ បានធ្វើឱ្យលោក ចាញ់សម្តេចរហូតមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ណែ ! បើថាឯងឆ្លាតជ្រុលអញ្ចឹង ឆ្លាតតែម្នាក់ឯងទៅ មកពីឯងឆ្លាតអញ្ចឹងហើយបានជាឯង ចាញ់អញរហូតហ្នឹង ! ។ បញ្ហាគឺអ្នកឯងមានភាពឆ្លាតវៃគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសនេះឬអត់? មានសមត្ថភាពឬអត់? តែប៉ុណ្ណឹងទេ ត្រង់អ្នកឯងមកពីណា គឺជារឿងមួយផ្សេង ប៉ុន្តែណ្ហើយ ! វាឆ្កួតទៅហើយ ឆ្កែព្រុស យើងព្រុសដាក់ឆ្កែក៏វាពិបាក ឆ្កែខាំជើង យើងយកមាត់យើងទៅខាំជើងឆ្កែក៏វាពិបាកដែរ»។

សម្តេចបានបន្តថា «គេមិនល្ងង់ដូចហ្អែងទេ ដោយសារតែគេមិនល្ងង់ដូចហ្អែងហ្នឹងហើយ ទើបគេកាន់អំណាចបានជិត៤០ឆ្នាំនោះ កុំឆ្ងល់ពេក ហើយបើគិតតាំងពីតំណាក់កាលនៃការតស៊ូ រំដោះប្រទេសជាតិ គឺ៤០ឆ្នាំជាងទៅហើយ»

លោក សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩ ដែលរហូតមកទល់ពេលនេះមានអាយុ៦៩ឆ្នាំហើយ។ ចំណែកសម្តេចតេជោ ហ៊ុន សែន កើតនៅឆ្នាំ១៩៥១ ដែលមានអាយុ៦៧ឆ្នាំ គិតត្រឹមឆ្នាំ២០១៨។ លោក សម រង្ស៊ី ជាកូនមន្រ្តីជាន់ខ្ពស់ម្នាក់ ដែលក្រោយមកត្រូវបានប្រទានងារជាជនក្បត់ជាតិ ជាឆ្កែបរទេស ដោយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ។ ចំណែកសម្តេចតេជោ ហ៊ុន សែន គឺជាកូនកសិករ ដែលចូលព្រៃម៉ាគីតស៊ូតាមការអំពាវនាវរបស់ អតីតព្រះមហាវីរក្សត្រ សម្តេចឪ ហើយក្រោយមកប្រមូលកម្លាំងក្រោមកិច្ចសហការជាមួយវៀតណាម រំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ១៩៨៥ និងបានឈ្នះនៅក្នុងការបោះឆ្នោតជាតិ រយៈពេល ៥អាណត្តិមកនេះ។ ចំណែកឯ លោក សម រង្ស៊ី នៅអាណត្តិដំបូងគ្រាន់តែជាសមាជិកជាន់ខ្ពស់របស់ហ៊្វ៊ុនស៊ិនប៉ិច ហើយក្រោយមកក្បត់គណបក្សនេះ ទៅបង្កើត គណបក្សខ្លួនឯងឈ្មោះជាតិខ្មែរ ក្រោយមកឈ្មោះ សម រង្ស៊ី និង ឈ្មោះគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

កន្លងទៅមេដឹកនាំនយោបាយទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ត្រូវបានគេមើលឃើញថា មានទស្សនៈខុសគ្នាច្រើនជាងដូចគ្នា។ ក្នុងរយៈពេលជាងច្រើនឆ្នាំមកនេះ ដើម្បីបង្ហាញអំពីទស្សនៈខុសគ្នានោះ លោក សម រង្ស៊ី បានដាក់ចេញនូវនយោបាយមួយ ដែលថា «មានស៊ីអត់សែន មានសែនអត់ស៊ី» ឬ «ទឹកលិច ត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលពេលខ្លះសឹងតែធ្វើឱ្យមានសង្រ្គាម ឬចលនាបោះបោរជាថ្មី នៅក្នុងប្រទេស។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុ​វត្តគោលនយោបាយបែបនេះឡើងវិញ ដើម្បីសងសឹកដល់ លោក សម​ រង្ស៊ី។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះថា៖ «រឿងមួយដែលខ្ញុំចង់ឱ្យអ្នកឯងភ្លឺភ្នែកនោះ គឺកាលពី១៥ឆ្នាំមុនអ្នកឯងបាននិយាយអ្វី? អ្នកឯងបាននិយាយថា "បើមានស៊ីអត់សែន មានសែនអត់ស៊ី" មានន័យថា បើមានគេអត់ខ្ញុំ មានខ្ញុំអត់គេ។ ឥឡូវខ្ញុំធ្វើឱ្យដូច ខ្ញុំធ្វើអាហ្នឹងឱ្យដូច ធ្វើឱ្យដូចមួយជីវិតរហូតទាល់តែងាប់រៀងខ្លួន គឺមានឯងអត់អញ មានអញអត់ឯង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំធ្វើតាមអ្នកឯងទេ អត់ធ្វើតាមនរណាទេ ព្រោះអ្នកឯងបានដាក់ចេញនូវគោលនយោបាយឃោសនា មានសែនអត់ស៊ី មានស៊ីអត់សែនៗ ហើយអ្នកឯងអនុវត្តជារៀងរហូតមក បើអញ្ចឹងគឺចាប់បង្ខំឱ្យខ្ញុំមិនអាចអត់ធ្មត់បានទៀតទេ ហើយអនុវត្តផ្លូវច្បាប់ ខ្ញុំអត់ធ្វើអីទេ ខ្ញុំអនុវត្តផ្លូវច្បាប់តែប៉ុណ្ណឹង»។

រហូតមកដល់ពេលនេះ លោក សម រង្ស៊ី ដែលជាប់ងារជាទណ្ឌិត ហើយកំពុងជាប់ក្តីក្តាំស្អេកស្កះនៅតុលាការ នៅតែមិនអាចចូលធ្វើនយោបាយ នៅក្នុងប្រទេសកម្ពុជាវិញដោយស្របច្បាប់នៅឡើយទេ ខុសពីអ្វីដែលលោកធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មានម្តងហើយម្តងទៀតថា លោកនឹងចូល ប្រទេសកម្ពុជាវិញ នៅមុនការបោះឆ្នោត នាឆ្នាំ២០១៨នេះ។ អ្នកវិភាគជាច្រើនបានលើកឡើងថា ច្រកចូលប្រទេសកម្ពុជាវិញដោយស្របច្បាប់ មានតែមួយប៉ុណ្ណោះ ដូចដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០១៣ នោះគឺត្រូវទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ទៅតាមសំណើរបស់ នាយករដ្ឋមន្រ្តីកម្ពុជាតែម្តង៕