អ្នកវិភាគ Ming-Chi Kuo ដែលមានប្រភពផ្ទៃក្នុងក្នុងសង្វាក់ផលិតកម្មផលិតរបស់ Apple នៅអាស៊ី បានបញ្ចេញរបាយការណ៍ថ្មីមួយទាក់ទងនឹងពាក្យចចាមអារ៉ាមថា iPhone SE ជំនាន់ទីពីរ បង្ហាញខ្លួននៅអំឡុងខែមិថុនា-កក្កដា ឆ្នាំ ២០១៨ នេះ។
លោក Kuo បានបង្ហាញការជឿជាក់ថា Apple មិនមានធនធានគ្រប់គ្រាន់សម្រាប់ផ្ដោតលើការប្រកាសចេញ iPhone មួយទៀតនោះទេ ស្របពេលដែល iPhone ស៊េរីខ្ពស់ចំនួនបីម៉ូដែលកំពុងស្ថិតក្នុងការផលិត ត្រៀមប្រកាសចេញនៅចុងឆ្នាំ។
សម្រង់សម្ដីមួយដកស្រង់ចេញពីរបាយការណ៍ដែលលោក Ming-Chi Kuo ចេញផ្សាយមានអត្ថន័យដូចនេះ ៖
“ការប្រកាសចេញ iPhone ម្ដងបីម៉ូដែលកាលពីចុងឆ្នាំ ២០១៧ កន្លងទៅ ជាការប្រកាសចេញដ៏ធំមួយដែល Apple មិនធ្លាប់ធ្វើពីមុនមក ហើយយើងជឿថាការពន្យារពេលចេញលក់ iPhone X ដែលមានរចនាបថសាំញ៉ាំជាសញ្ញាបង្ហាញថា Apple នៅមិនទាន់មានធនធានគ្រប់គ្រាន់សម្រាប់ការផលិត។
ជាមួយនឹងផែនការប្រកាសចេញ iPhone បីម៉ូដែលបន្តទៀតនៅឆ្នាំ ២០១៨ នេះ យើងជឿថា Apple ប្រហែលជាបានប្រើធនធានអស់ទៅហើយ។ បន្ថែមពីនេះទៀត យើងគិតថា Apple នឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីកុំឲ្យមានការពន្យារពេលម្ដងទៀតលើថ្មីទាំង ៣ ម៉ូដែល ដូចជា iPhone X។ ដោយហេតុនេះយើងយល់ថា Apple ទំនងជានឹងមិនមានធនធានសេសសល់ដើម្បីផលិត iPhone ថ្មីសម្រាប់ចេញនៅពាក់កណ្ដាលឆ្នាំ ២០១៨ ឡើយ”។
ប្រសិនបើ iPhone SE 2 ស្ថិតនៅក្នុងផែនការរបស់ Apple ពិតមែន លោក Kuo រំពឹងថាវានឹងមានការផ្លាស់ប្ដូរមុនមាត់តិចតួចបំផុត។ អ្នកវិភាគរូបនេះព្យាករណ៍ថា iPhone SE 2 នឹងមាន Processor លឿនជាងមុន, មានតម្លៃធូរថ្លៃ ហើយមិនមានរចនាបថអេក្រង់ពេញផ្ទៃខាងមុខ, Face ID ឬ សាកថ្មដោយឥតប្រើខ្សែដូច iPhone X នោះទេ។
កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនថា Apple នឹងប្រកាសចេញ iPhone SE ជំនាន់ថ្មីនៅឆ្នាំ ២០១៨ ដោយប្រភពភាគច្រើនចេញពីទ្វីបអាស៊ី រួមមានក្រុមហ៊ុនស្រាវជ្រាវ TrendForce និងសារព័ត៌មាន Economic Daily News ជាដើម៕
ប្រភព៖ macrumors ប្រែសម្រួល៖ ឡៃហ៊ាង
