(ម៉ូស្គូ)៖ គីម ជុងអ៊ុន គឺជាឈ្មោះមេដឹកនាំវ័យក្មេងកូរ៉េខាងជើងមួយរូប ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ខាងបញ្ជាឱ្យគេប្រហារជីវិតមនុស្ស មិនរើសមុខកុំថាឡើយសាច់ញាតិរបស់ខ្លួនឯង ពោលគឺឱ្យតែទើសមុខ គឺត្រូវសម្លាប់ចោល។ ប៉ុន្តែវាមិនមែនដូច្នោះទំាងអស់នោះទេ អាចមានអ្នកខ្លះនៅរស់រានពីការស្លាប់ ជាឧទាហរណ៍ដូចជាអតីតសង្សារ លោក គីម ជុងអ៊ុន គឺអ្នកនាង យ៉ុន សុងវ៉ុល (Hyon Song-wol)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។
តារាចម្រៀង និងអតីតគូស្នេហ៍ គឺតារាចម្រៀង POP កូរ៉េខាងត្បូងអ្នកនាង Hyon Song-wol បានបង្ហាញមុខជាសារធាណៈលើកញ្ចក់ទូរទស្សន៍កាលពីឆ្នាំ២០១៤ បើទោះជាសេចក្ដីរាយការណ៍ជាច្រើនថា អ្នកនាងត្រូវបានគេ ប្រហារជីវិតដោយបាញ់សម្លាប់ចោលនៅក្នុងយុទ្ធនាការបោសសំអាតក្រុមអ្នកចម្រៀង តន្ត្រីករ និងអ្នករាំកាលពីឆ្នាំ២០១៣ ក៏ដោយ។
តារាចម្រៀងរូបនេះត្រូវបានគេរាយការណ៍ថា ត្រូវគេប្រហារជីវិតជាមួយនឹងមនុស្ស ១១នាក់ផ្សេងទៀត ក្នុងនោះរួមមានសមាជិកក្រុមតន្ត្រីរបស់អ្នកនាង គឺក្រុម Moranbong Band និងក្រុម Wangjaesan Light Music Band ក្រោមការចោទប្រកាន់ពីបទល្មើសថតវីដេអូអាសអាភាស និងលក់វីដេអូនេះ។ ប៉ុន្តែអ្នកនាង Hyon Song-wol ដែលគេជឿជាក់ថា ធ្លាប់មានទំនាក់ទំនងស្នេហាត្រីកោណជាមួយ លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយពេលនេះអ្នកនាងកំពុងដឹកនាំក្រុមប្រតិភូមួយក្រុម ដើម្បីធ្វើអធិការកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង មុនព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។
ការប្រហារជីវិតមេដឹកនាំយោធាកាលពីឆ្នាំ២០១៦ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានចុះផ្សាយថា ប្រមុខយោធាកូរ៉េខាងជើងលោក Ri Yong Gil ត្រូវបានលោក គីម ជុងអ៊ុន បញ្ជាឱ្យគេយកទៅប្រហារជីវិត ពីបទ ពុករលួយ។ ប៉ុន្តែពីរបីខែក្រោយមក លោក Ri Yong Gil ស្រាប់តែបង្ហាញខ្លួនជាមួយមុខតំណែងកាន់តែខ្ពស់ នៅក្នុងសមាជបក្សពលករកូរ៉េខាងជើង កាលពីខែឧសភា ឆ្នាំ២០១៦។
ការប្រហារជីវិតពូបង្កើតខ្លួនឯងដោយឱ្យឆ្កែខំា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានរាយការណ៍យ៉ាងព្រោងព្រាតកាលពីឆ្នាំ២០១៤ ថាពូបង្កើតរបស់លោក គីម ជុងអ៊ុន គឺលោក ចាង សុងតេក (Jang Song Thaek) ត្រូវបានគេយកទៅកាត់ទោសប្រហារជីវិត ដោយឱ្យឆ្កែជាង ១២០ក្បាល ខំហែកស៊ីរីរហូតដល់ស្លាប់។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសបានចាត់ទុកថា ការប្រហារជីវិតលោកចាង ដោយឱ្យឆ្កែខាំ គឺជារឿងប្រឌិត។
ការបំពុលម្ដាយមីងឱ្យស្លាប់ បន្ថែមពីលើការបោះពូបង្កើតឱ្យឆ្កែហែកស៊ី លោក គីម ជុងអ៊ុន ក៏ត្រូវបានគេរាយការណ៍ផងដែរថា លោកបានផ្ដល់ថ្នាំឱ្យម្ដាយមីងរបស់លោក គឺលោកស្រី គីម ខ្យុងហ៊ុយ (Kim Kyong-hui)។ លោកស្រី គីម គឺជាប្អូនស្រីរបស់ឪពុក លោក គីម ជុងអ៊ុន និងជាប្រពន្ធ លោក ចាង សុងតេក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចរាយការណ៍ ត្រូវគេប្រហារ ជីវិតដោយឱ្យផឹកថ្នាំពុលតាមបញ្ជារបស់ លោកគីម ជុងអ៊ុន។
ប៉ុន្តែក្រោយមកកាលពីឆ្នាំ២០១៧ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បែរជារាយការណ៍ថា លោកស្រី គីម បែរជានៅរស់រានមានជីវិតទៅវិញ បើទោះជាលោកស្រី ធ្លាប់ស្ថិតក្រោមការព្យាបាលជំងឺធ្លាក់ទឹកចិត្ត រហូតដល់ជំងឺមហារីកក៏ដោយ៕