(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្ដីចិន លី ខឺឈាង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីចិនជួយជំរុញទិញស្ករអំពៅពីកម្ពុជា ដើម្បីជំរុញការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។
យោងតាមរបាយការណ៍ ក្រសួងពាណិជ្ជកម្មរយៈពេល១១ខែ ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជាចិន មានជាង៥ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិន មានទឹកប្រាក់ជាង៦៣៣លានដុល្លារអាមេរិក ហើយផលិតផលដែលនាំចេញរួមមាន៖ ផលនេសាទ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, អង្ករ, ប្រេងដូង, កៅស៊ូ ក្រែប, ឈើកែច្នៃ, ស្បែកកែច្នៃ និងទំនិញមួយចំនួនទៀត។
ចំណែកឯប្រទេសចិននាំចូលកមកម្ពុជា មានទឹកប្រាក់រហូតដល់ជិត៤,៥០០លានដុល្លារ ដែលផលិតផលរួមមាន៖ សាច់ស្រស់, ផលនេសាទ, ផលិតផលទឹកដោះ, បន្លែផ្លែឈើស្រស់, ស្រូវសាលី, ចំណីសត្វ, បារីថ្នាំជក់, ឱសថ, ជីកសិកម្ម, សម្ភារកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង, វត្ថុធាតុដើមសម្រាប់ផលិតស្បែកជើង, សម្ភារសំណង់, រថយន្ដម៉ូតូ និងទំនិញមួយចំនួនទៀត៕
