បណ្ដាញសង្គមយក្ស Facebook កំពុងធ្វើការតេស្តវិធីសាស្ត្របញ្ជាក់អត្តសញ្ញាណថ្មី ដោយតម្រូវឲ្យអ្នកប្រើប្រាស់ Upload រូបរបស់ខ្លួនមួយសន្លឹកដើម្បីបញ្ជាក់ថាខ្លួនមិនមែនជារ៉ូបូត ពេលកំពុងប្រើប្រាស់។
តាមរយៈរូបភាពដែលគេចែកចាយលើ Twitter បង្ហាញថារូបភាពដែល Facebook ទាមទារឲ្យ Upload នឹងត្រូវលុបចេញពី Server របស់ Facebook ពេលធ្វើការបញ្ជាក់រួច។ ពាក់ព័ន្ធនឹងការសាកល្បងនេះ តំណាង Facebook ឲ្យដឹងថា ការតេស្តនេះធ្វើឡើងក្នុងគោលបំណងចាប់យកសកម្មភាពដែលគួរឲ្យសង្ស័យលើបណ្ដាញរបស់ខ្លួន។ ក្រុមហ៊ុនបន្ថែមថា វានឹងជួយឲ្យពួកគេអាចដឹងពីសកម្មភាពមិនប្រក្រតីពេល បង្កើតគណនី, Add Friend, បង្កើត ឬ កែ Ads និងកំណត់ការបង់លុយ Ads ជាដើម។
ករណីដែលប្រព័ន្ធ Facebook មិនអាចបញ្ជាក់បាន ឬ អ្នកប្រើប្រាស់មិនព្រម Upload រូបភាពរបស់ខ្លួនទេនោះ Facebook នឹងធ្វើការផ្អាកដំណើរការគណនីភ្លាម។ ត្បិតមិនទាន់ច្បាស់ថាក្រុមហ៊ុននឹងចាប់ផ្ដើមប្រើប្រាស់មុខងារថ្មីនេះនៅពេលណា ប៉ុន្តែរឿងហេតុស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ឲ្យដឹងលើវិបសាយ Reddit តាំងពីដើមឆ្នាំមកម្ល៉េះ។
ដំណឹងនេះច្បាស់ជាធ្វើឲ្យអ្នកដែលមិនចូលចិត្តចែករំលែករូបភាពផ្ទាល់ខ្លួនលើអ៊ីនធឺណិតមានការភ័យព្រួយ។ តែទោះយ៉ាងណា ត្រូវដឹងថា ពេលអ្នកសម្រេចថាប្រើ Facebook មានន័យថាអ្នកយល់ព្រមចែករំលែកព័ត៌មានសម្ងាត់របស់ខ្លួនលើអ៊ីនធឺណិតរួចបាត់ទៅហើយ៕
ប្រភព៖ fossbytes ប្រែសម្រួល៖ ឡៃហ៊ាង
