(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះ បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបានបញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។
ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
បើតាម លោក ឡេង ប៉េងឡុង, សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ។
សូមបញ្ជាក់ថា ក្រោយពេលរំលាយ នៅពេលនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តារាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕
