រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសរសេរលិខិតមួយទៅកាន់ប្រធានក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យណែនាំអ្នកបើកបររថយន្តកុំឲ្យប្រើប្រាស់គ្រឿងញៀន។ លិខិតចុះថ្ងៃទី២៩កញ្ញារបស់លោក ស៊ុន ចាន់ថុល ក៏ស្នើសុំឲ្យប្រធានក្រុមហ៊ុនដឹកជញ្ជូនបិទខិត្តប័ណ្ណផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមរថយន្តផងដែរ។តាមរយៈលិខិតកម្រាស់ពីរទំព័រ លោក ស៊ុន ចាន់ថុល បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាបន្តបន្ទាប់ គឺដោយសារតែអ្នកបើកបរខ្លះប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ខ្លះងងុយដេក ខ្លះធ្វេសប្រហែសមិនគោរពច្បាប់ចរាចរណ៍ និងខ្លះទៀតគ្មានសីលធម៌ក្នុងការបើកបរ។ដូច្នេះដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន តម្រូវឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ណែនាំអ្នកបើកបររបស់ខ្លួនបើកបរឲ្យមានសីលធម៌ ចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងជាពិសេសគឺកុំឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ គ្រឿងញៀនខុសច្បាប់ដែលមានដូចជា កញ្ឆា អាភៀន ហេរ៉ូអ៊ីន កាកូអ៊ីន ICE WY ប្រេងម្រះព្រៅ។ល។ លើសពីនេះ ក្រសួងក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឲ្យបិទខិត្តប័ណ្ណផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមជញ្ជាំងរថយន្តរបស់ក្រុមហ៊ុនផងដែរ។បើតាមក្រសួងសាធារណការ ក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការការប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់ក្រសួង នឹងចុះទៅពិនិត្យតាមក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ តាមកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ របស់រដ្ឋាភិបាល។ ក្នុងយុទ្ធនាការនេះ ក្រសួងសង្ឃឹមថា ក្រុមហ៊ុនដឹកជញ្ជូននិងអ្នកបើកបរ នឹងសហការល្អជាមួយក្រសួង ដែលនឹងចុះត្រួតពិនិត្យតាមក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នាពេលខាងមុខ។សូមជម្រាបជូនថា គ្រឿងញៀន បានក្លាយទៅជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយនៅក្នុងសង្គមកម្ពុជា ដែលបានរាលដាលតាំងពីទីក្រុងទៅដល់ជនបទ ក្នុងនោះ សូម្បីតែក្នុងចំណោមអ្នកបើកបររថយន្តដឹកជញ្ជូនក៏មានអ្នកដែលប្រើប្រាស់គ្រឿងញៀនដែរ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធនាការលើកទី១ រយៈពេល៦ខែ កាលពីដើមឆ្នាំ២០១៧នេះ ដោយបង្ក្រាបបានបទល្មើសគ្រឿងញៀនប្រមាណ៤ពាន់ករណី និងចាប់បានជនសង្ស័យជិត១ម៉ឺននាក់។ ចំនួននេះ កើនឡើងប្រមាណពាក់កណ្ដាលបើធៀបនឹងឆមាសទី១ឆ្នាំ២០១៦កន្លងទៅ៕អត្ថបទ ទេព វណ្ណះ
