(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែរម្លឹកផ្ដាំផ្ញើឱ្យកម្មករ និយោជិត បន្តធ្វើដំណើរជាមួយសម្តេចតទៅទៀត ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដោយមិនទុកឱ្យអ្នកណាម្នាក់ មកបំផ្លាញបានឡើយ ហើយសម្តេចនៅតែអះអាងថា មានសន្តិភាព ទើបមានការអភិវឌ្ឍ ប៉ុន្តែបើគ្មានការអភិវឌ្ឍ ក៏មិនអាចរក្សាសន្តិភាពបាននោះដែរ។
នេះជាការផ្តាំផ្ញើជាថ្មីម្តងទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំ នួនជិត១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រ នានានៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥តុលានេះ។
ជាមួយនឹងមោទនភាព រីករាយនិងបង្ហាញពីការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ តាមរយៈការខិតខំនៅគ្រប់កាលៈទេសៈ ដែលគេតែងតែឃើញវត្តមានរបស់សម្តេចនោះ សម្តេច ក៏រម្លឹកឱ្យឃើញអំពីឧបាយកល របស់បក្សប្រឆាំងដែលតែងតែបង្កការញុះញង់ ឱ្យមានបាតុកម្ម និង បំផ្លិចបំផ្លាញ សន្តិភាព ស្ថេរភាព និងសមិទ្ធផលដែលយើងខិតខំសម្រេចបានមកដល់ពេលនេះ ហើយបានផ្ដាំផ្ញើនិងសង្ឃឹមថា កម្មករ និយោជិត ក៏ដូចជាឪពុក ម្តាយ កម្មករ និយោជិតទាំងអស់ បន្តគាំទ្រ ធ្វើដំណើរជាមួយសម្តេចតទៅទៀត ដោយមិនទុកឱ្យអ្នកណាម្នាក់មកបំផ្លាញសន្តិភាព និងការអភិវឌ្ឍបានឡើយ ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល នៅតែរម្លឹកពីកត្តាសុខសន្តិភាព ស្ថេរភាព ដែលមានចំណងទាក់ទង២ ចុងខ្សែ៥ គឺការរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាពនិងស្ថិរភាពការងារ របស់កម្មករ និយោជិត, រួមគ្នារក្សាការងារ និង បង្កើតការងារ, រួមគ្នាអនុវត្តរបបសន្តិសុខសង្គម និងធានាលក្ខខណ្ឌការងារ ,ព្រមទាំងយកចិត្តទុកដាក់ដល់ពលករដែលធ្វើការនៅក្រៅប្រទេស ជាពិសេសរាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងអំពីការរួមគ្នាបង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាយរបស់កម្មករ និយោជិត។
សម្តេចថា៖ ឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ធ្វើឱ្យកម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ទទួលបានប្រាក់ឈ្នួលយ៉ាងតិច១៨៧ ដល់១៩៨ដុល្លារ ក្នុង១ខែ។
យោងរបាយការណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងពិធីនេះ មានកម្មករ និយោជិតចំនួន ១៤.៦១៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ នៅតំបន់ទួលសង្កែ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងពិធីនេះក៏មានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការ ចំនួន៥៤៦ នាក់បានចូលរួមសំណេះសំណាលជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅសាលមហោស្រពកោះពេជ្ររួចហើយ និងមាន កម្មករ និយោជិត រោងចក្រ អ៊ិនចៀហ្កាមិន ខូអិលធីឌី ចំនួន ១៩២១ កំពុងស្ដាប់សំឡេងផ្ទាល់ ពីកម្មវិធីសំណេះសំណាលនេះ។
នេះគឺជាកម្មវិធីទី១៥ហើយ ដែរសម្ដេចបាន ជួបជាមួយ កម្មករនិយោជិត ក្នុងការជំរុញអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារជូនកម្មករនិយោជិត ការលើកកម្ពស់លក្ខខណ្ឌការងារបង្កើនជីវភាពរស់នៅរបស់កម្មករនិយោជិតនិងដោះស្រាយសំណូមពរផ្សេងៗរបស់កម្មករនិយោជិតនិងអ្នកវិនិយោគ។
សរុបមកដល់ពេលនេះសម្ដេចតេជោ បានជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការ នៃបណ្ដារោងចក្រនានា៦លើក ចំនួន២៦.៨២៣នាក់មកពីរោងចក្រចំនួន៤៦៨ និងបានជួបកម្មករនិយោជិត៩លើក ចំនួន១៧៤ រោងចក្រ ដែលមានកម្មករនិយោជិត ចំនួន ១៣០.៤១៥ នាក់។
រោងចក្រទាំង១០នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលជួបជុំនៅពេលនេះមានអ្នក វិនិយោគមកពីប្រទេសចិនចំនួន៦, កូរ៉េចំនួន២, អូស្ត្រាលី១, ថៃចំនួន ១ ក្នុងនោះ រោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន ៩ និង រោងចក្រផលិតស្បែកជើងចំនួន១។លទ្ធផលដែលផលិត ត្រូវបាននាំចេញទៅកាន់ប្រទេស អូស្ត្រាលី បារាំង ទួគី សហរដ្ឋអាមេរិក ជប៉ុន សហគមន៍អឺរ៉ុប កាណាដា អាស៊ី និងស្វីស។
ការអភិវឌ្ឍរោងចក្រនៃតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារ ជូនកម្មករ និយោជិត របស់រាជរដ្ឋាភិបាល៕