ក្នុងការប្រកួតនោះដែរ គេឃើញមានបញ្ហាច្រើនទាក់ទងទៅនឹងកីឡាករក្រុមទាំងសងខាង រហូតដល់មានអ្នកចាំទីរបស់ណាហ្គាវើលម្នាក់ត្រូវបណ្ដេញចេញពីទីលានប្រកួត ដោយសារតែបង្កកំហុសទៅលើកីឡាករស្វាយរៀងនៅតំបន់គ្រោះថ្នាក់។ មិនត្រឹមតែមានកីឡាករត្រូវបណ្ដេញចេញទេ សូម្បីតែលោកគ្រូ មាស ចាន់ណា ក៏ត្រូវបានអាជ្ញាកណ្ដាលឱ្យអង្គុយមើលខាងក្រៅផងដែរ ព្រោះបង្ហាញកាយវិការមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាកណ្ដាល។
ក្រោយពីចប់ការប្រកួតខាងលើទៅ គ្រូបង្វឹកខាងលើបាននិយាយដូច្នេះថា៖ “លទ្ធផលយើងឈ្នះ ខ្ញុំសប្បាយចិត្តហើយ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល។ អ្នកចាំទីខ្ញុំចេញទៅចាប់បាល់ ដោយដៃប៉ះពាល់មុនទៅប៉ះកីឡាករស្វាយរៀង ដូច្នេះមិនសមឱ្យគាត់កាត់ក្រហមនោះទេ។ ត្រឹមពិន័យធម្មតាគឺសមស្របទៅហើយ។ អាជ្ញាកណ្ដាលកាត់ក្ដីប្រកួតនេះ ចាប់ខុសច្រើនដងពេក ខ្ញុំមិននឹកស្មានគាត់នៅមានកម្រិតអីចឹងសោះ”។

ក្រោយពីបាន៣ពិន្ទុពីខាងព្រះខ័នរាជស្វាយរៀងហើយ ក្រុមណាហ្គាវើលបានហក់ឡើងដល់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងលីគកំពូលកម្ពុជាហើយ ដោយចាញ់ក្រុមកំពូលតារាងត្រឹម១ពិន្ទុប៉ុណ្ណោះ និងស្មើពិន្ទុក្រុមលេខ២ បឹងកេត ដោយចាញ់តែគ្រាប់ស៊ុតទេ៕
ប្រភព៖ Sabay News