Luis Suarez បានបង្ហាញកាយវិការមិនពេញចិត្តនោះទេ ចំពោះការប្ដូរចេញនៅនាទី៨៣ក្នុងការប្រកួតជាមួយក្រុម Malaga កាលពីយប់មិញនេះ។
លោក Ernesto Valverde អ្នកចាត់ការក្រុម Barcelona បានប្ដូរ Suarez ចេញនៅនាទី៨៣ ដែលធ្វើឱ្យសាមីខ្លួនហាក់មិនពេញចិត្តឡើយចំពោះការសម្រេចចិត្តនេះ។ ដោយការប្ដូរចេញនេះ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយមិនបានទៅចាប់ដៃលោក Valverde ឡើយ ហើយមានទឹកចិត្តមិនអស់ចិត្តជាខ្លាំងផងដែរ ព្រោះរូបគេមានឱកាសច្រើនប៉ុន្តែសម្រេចទីមិនបាន។
ចំពោះរឿងកាយវិការរបស់អតីតកីឡាករ Liverpool ម្នាក់នេះ លោក Valverde បាននិយាយដូច្នេះថា ៖ “Suarez មានមហិច្ឆតា ហើយគ្មាននរណាគេម្នាក់ចង់ប្ដូរចេញនោះទេ។ កីឡាករទាំងអស់សុទ្ធតែចង់លេងគ្រប់ពេល ដូច្នេះខ្ញុំដូចជាគ្មានបញ្ហាអ្វីឡើយ។ នេះជាប្រកួតទី៣ ក្នុងរយៈពេល៦ថ្ងៃរបស់គាត់ ដូច្នេះគាត់ត្រូវការសម្រាកខ្លះ”។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ ខកខានរកគ្រាប់បាល់ជាយូរដែរហើយ ពោលគឺទើបតែរកបាន១គ្រាប់ប៉ុណ្ណោះក្នុងនាមជាខ្សែប្រយុទ្ធពាក់អាវលេខ៩ ក្នុងរយៈពេល៥ប្រកួតកន្លងមក៕
ប្រភព៖ Reuters
