មេទ័ពភូមា៖ គេ​បាន​បំផ្លើស​តួលេខ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេទ័ពភូមា៖ គេ​បាន​បំផ្លើស​តួលេខ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា

13/10/2017
ប្រមុខ​កងទ័ព​ភូមា នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បដិសេធ មិន​យល់ស្រប​ជាមួយ​នឹង​តួលេខ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ដែល​បាន​រត់ចេញ​ពី​រដ្ឋរ៉ាឃីន ទៅ​ប្រទេស​បង់ក្លាដែស។

នៅ​ក្នុង​ទំព័រ​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន មេទ័ព​ភូមា Min Aung Hlaing បាន​លើក​ពី​ការឃោសនា​បំប៉ោង ព័ត៌មាន​ស្តីពី​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅតាម​ប្រព័ន្ធផ្សព្វផ្សាយ។ ចាប់តាំង​ពី​កើត​មាន​វិបត្តិ​រ៉ូហ៊ីងយ៉ា នៅ​ពាក់កណ្តាល​ខែ​សីហា នេះ​ជា​លើកទី១ ដែល​មេបញ្ជាការ​ទ័ព​ជាន់ខ្ពស់​របស់​ភូមា ចេញមុខ​និយាយ​ពី​ការរត់ភៀសខ្លួន​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា។នៅក្នុង​ជំនួប​ជាមួយ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ក្រុង​រ៉ង់ហ្គូន ប្រមុខ​កងទ័ព​ភូមា លោក Min Aung Hlaing បាន​បញ្ជាក់​អះអាង​ជា​ថ្មី​ថា ជនជាតិ​រ៉ូហ៊ីងយ៉ា មិនមែន​ជា​ប្រជាជន​ដែល​មាន​ដើមកំណើត​នៅ​ភូមានោះ​ទេ។ សម្រាប់​អគ្គមេបញ្ជាការ​ទ័ព​ភូមា ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​ពីដើម គេហៅ​ថា បង់ហ្គាលី គឺ​ជា​ក្រុមប្រជាជន មក​ពី តំបន់​បង់ហ្គាល់ របស់​ប្រទេស​បង់ក្លាដែស។

 ឯកសារ​ប្រវត្តិសាស្រ្ត​បាន​បង្ហាញថា ក្រុម​អាណានិគមនិយម​អង់គ្លេស​បាន​នាំ​ក្រុម​បង់ហ្គាលី នេះ ចូល​ទឹកដី​ភូមា នៅ​កាល​អង់គ្លេស ធ្វើ​ជាម្ចាស់ អាណានិគម​លើ​ភូមា។ នេះ​បើតាម​ខ្លឹមសារ​អត្ថបទ នៅ​ទំព័រ​សង្គម​ហ្វេសប៊ុក​របស់​ប្រមុខ​កងទ័ព​ភូមា ដែលចុះផ្សាយ​នៅ​ក្រោយ​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។មួយវិញទៀត តាម​ប្រមុខ​កងទ័ព​ភូមា ចំនួន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ពន្លើស បំប៉ោង គ្មានការពិត។ តាម​អង្គការ​សហប្រជាជាតិ ប្រជាជន​រ៉ូហ៊ីងយ៉ា​កន្លះលាន​នាក់ បាន​រត់គេច​ពី​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន ដើម្បី​ទៅ​ជ្រកកោន​នៅ​ទឹកដី​បង់ក្លាដែស។នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន មេទ័ព​ភូមា នៅ​តែ​ចង់បញ្ជាក់​ថា ជនជាតិ​បង់ហ្គាលី បាន​រត់ចេញ​ពី​រ៉ាឃីន ក៏​ដើម្បី យក​រួចខ្លួន គេច​ចេញ​ពី​អំពើ​ហិង្សា ដែល​ចាប់​បង្កឡើង​ដោយ​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​តែប៉ុណ្ណោះ។

សម្រាប់​ប្រមុខយោធា​ភូមា ប្រជាជន​រ៉ូហ៊ីងយ៉ា បាន​ចូលរួម​នៅក្នុង​ចលនា​ទ័ពព្រៃ ដើម្បី​វាយប្រហារ​ទៅលើ​ទីតាំង​ប៉ូលិស​ភូមា។ គឺ​ដោយសារ​តែ​ខ្លាច​បារម្ភ​ពី​អសន្តិសុខ​ផ្ទាល់ខ្លួន ដែល​ប្រជាជន​បង់ហ្គាលី​រត់ចេញ​ពី​ទឹកដី​ភូមា។នេះ​មិនមែន​ជា​លើកទី១​ទេ ដែល​អាជ្ញាធរ​ភូមា ទម្លាក់​កំហុស​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ថា ជាអ្នកបង្កហេតុ ដុតសម្បែង​ខ្លួនឯង និង​រត់​ចំណាកស្រុក ទៅ​បង់ក្លាដែស ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍អន្តរជាតិ។

ប៉ុន្តែ អង្គការ​សហប្រជាជាតិ​រកឃើញ​ផ្ទុយ​ពីនេះ រហូត​ដល់​ចោទ​ប្រកាន់​យោធា​ភូមា ថា កំពុង​ធ្វើ​នយោបាយ​បោស​សម្អាត​ជាតិសាសន៍​នៅ​រដ្ឋរ៉ាឃីន​នោះទេ។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅតែ​បញ្ជាក់​អះអាង​ជាថ្មី​ថា នៅប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា កងទ័ព​ភូមា​មាន​ចេតនា​ដោយប្រាកដ ដុត​ផ្ទះសម្បែង បំផ្លាញ​ដីភូមិ​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន ក្នុង​បំណង​ទប់ស្កាត់​កុំ​ឲ្យ​ជនរងគ្រោះ​រ៉ូហ៊ីងយ៉ា​អាច​ត្រលប់​ទៅ​រស់នៅ​វិញបាន ក្នុងប្រទេស​ភូមា។វិបត្តិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់ នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ នៅ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ នៅថ្ងៃ​សុក្រ​ស្អែក នៅក្រោម​ការផ្តួចផ្តើម​គំនិត​របស់​បារាំង និង​អង់គ្លេស។

ដោយ​មាន​ការចូលរួម​ពី​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​កូហ្វី អាណាន់ ប្រធាន​គណៈកម្មការ​សិក្សាលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ សំដៅ​ស្វែងរក​ដំណោះស្រាយ និង​ការគាំទ្រ​ថ្នាក់អន្តរជាតិ ដើម្បី អនុវត្ត​ឲ្យ​បាន អនុសាសន៍​លើកឡើង​ដោយ​លោក​កូហ្វីអាណាន់ ដើម្បី បិទបញ្ចប់​វិបត្តិ​រ៉ូហ៊ីងយ៉ា នៅប្រទេស​ភូមា៕អត្ថបទដកស្រង់ ទេព វណ្ណះ