វារីអគ្គិសនីសេសានក្រោម២ប្រជាពលរដ្ឋបីភូមិប្តេជ្ញាចិត្តមិនចាកចេញ ខណៈអាជ្ញាធរព្រមានពីការលិចលង់បន្ថែម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វារីអគ្គិសនីសេសានក្រោម២ប្រជាពលរដ្ឋបីភូមិប្តេជ្ញាចិត្តមិនចាកចេញ ខណៈអាជ្ញាធរព្រមានពីការលិចលង់បន្ថែម

13/10/2017
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១១ តុលា បានជូនដំណឹងឲ្យប្រជាពលរដ្ឋ៣ភូមិ ដែលកំពុងរស់នៅផ្នែកខាងលើនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ចាកចេញពីភូមិជាបន្ទាន់ ខណៈដែលអាជ្ញាធរបានព្រមានពីការលិចលង់បន្ថែម ដោយសារតែការបិទទ្វារទឹកវារីអគ្គិសនីទី១ (តួប៊ីនទី១) នៅចុងខែវិច្ឆិកាខាងមុខនេះ។

ប៉ុន្តែផ្ទុយពីការអំពាវនាវនេះ ប្រជាពលរដ្ឋ៣០នាក់ តំណាងឲ្យ១៣៦គ្រួសារ ដែលប្រកាសមិនចាកចេញពីភូមិចាស់ដាច់ខាត បានឡើងមកសុំអន្តរាគមន៍ដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី១២ តុលា។ញត្តិសុំអន្តរាគមន៍របស់ជនជាតិដើមភាគតិចមកពីបីភូមិ គឺភូមិក្បាលរមាស និងភូមិស្រែគរ១ ភូមិស្រែគរ២ បានដាក់ទៅកាន់រដ្ឋសភា និងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ តុលានេះ ដោយសុំឲ្យអាជ្ញាធរឈប់បង្ខំពួកគេឲ្យចាកចេញពីលំនៅដ្ឋានតទៅទៀត។

ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំង៣០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១៣៦គ្រួសារ ដែលឡើងមកតវ៉ាដល់ទីក្រុងភ្នំពេញនៅថ្ងៃនេះ នៅតែអះអាងថា ពួកគេនឹងមិនព្រមចាកចេញពីភូមិចាស់របស់ខ្លួនជាដាច់ខាត ទោះបីជាត្រូវប្រឈមនឹងការរស់នៅដោយលិចទឹក ឬក៏ថា មិនព្រមទទួលយកសំណង ជាថ្នូរនឹងការចាកចេញជាដាច់ខាត។ញត្តិរបស់ជនជាតិដើមភាគតិចរួមមានជនជាតិព្នង ឡាវ គួយ និងព្រៅនេះ បានធ្វើឡើងខណៈដែលអាជ្ញាធរខេត្តស្ទឹងត្រែង បានជូនដំណឹង កាលពីថ្ងៃទី ១១ តុលា ដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលមិនព្រមចាកចេញទាំងនេះ ប្រញ៉ាប់រុះរើឥវ៉ាន់ចាកចេញពីលំនៅដ្ឋានជាបន្ទាន់។

ត្បិតកំណើនទឹកនឹងកើនឡើងលិចភូមិដ្ឋានរបស់ពួកគេបន្ថែមទៀត នៅពេលដែលក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រោងនឹងបិទតួប៊ីនទី១ នៅចុងខែវិច្ឆិកាខាងមុខ។ សេចក្តីជូនដំណឹងដែលហាមឃាត់មិនឲ្យអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល ឬក្រុមមនុស្សមកពីខាងក្រៅ ចូលទៅកាន់ភូមិទាំង៣ខាងលើក្នុងអំឡុងពេលនេះ ក៏បានបញ្ជាក់ដែរថា អាជ្ញាធរនឹងចុះទៅដោះស្រាយបញ្ហាសំណងជូនដល់ប្រជាពលរដ្ឋទាំង៣ភូមិ នៅថ្ងៃទី ១៥ តុលា សប្តាហ៍នេះ និងបានកំណត់ថា ការដោះស្រាយនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៧នេះ។

គួរជំរាបជូនថា ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាទំនប់វារីអគ្គិសនីធំជាងគេនៅកម្ពុជា ដែលអាចផលិតថាមពលអគ្គិសនីបាន៤០០ម៉េហ្គាវ៉ាត់ ត្រូវបានធ្វើពិធីបិទទ្វារទឹកកាលពីថ្ងៃទី ២៥ កញ្ញា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទំនប់វារីអគ្គិសនីនេះស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Hydro Power SeSan 2 Co,.Ltd ដែលមានភាគហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន កម្ពុជា ចិន និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា៨០០លានដុល្លារអាមេរិក។

 ប៉ុន្តែ ការដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២នេះ បានធ្វើឡើង ខណៈដែលប្រជាពលរដ្ឋប្រមាណជា១៣៦គ្រួសារ នៅតែអះអាងថា មិនព្រមចាកចេញដោយសារតែជាភូមិចាស់ដែលបង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណី ដូនតា ខណៈដែលប្រជាពលរដ្ឋរាប់រយគ្រួសារទៀត បានយល់ព្រមចាកចេញ ដោយទទួលយកសំណងនិងការតាំងទីលំនៅថ្មី៕អត្ថបទដកស្រង់ ទេព វណ្ណះ